(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់យន្តការអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃ?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រកាន់យកមធ្យោបាយការទូត និងយន្តការច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃ។ ជាក់ស្តែង កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីពង្រឹងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមស្រប និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។ ជំហានបន្ទាប់ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយភាគីទាំងពីរ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សំណួរទី២៖ តើកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងដូចម្តេច ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការវាស់វែងខណ្ឌសីមាព្រំដែនគោកជាមួយប្រទេសថៃ?
ចម្លើយ៖ កម្ពុជាបានគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់នូវបទឈប់បាញ់ និងស្មារតីក៏ដូចជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងនេះ កម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃចំនួន១២លើក ដើម្បីស្នើសុំបើកកិច្ចប្រជុំ JBC គិតចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ ប៉ុន្តែភាគីថៃមិនទាន់បានអនុវត្តតាមសំណើនេះនៅឡើយទេ។ ការយឺតយ៉ាវនេះបានបង្កផលប៉ះពាល់ផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនោះទេ។
សំណួរទី៣៖ តើអ្វីជាគោលជំហរ និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការទូត កិច្ចសន្ទនា និងការអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ នូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលបានកំណត់រួចហើយ និងមិនទទួលយកជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ។ គោលបំណងចម្បងរបស់កម្ពុជាគឺ ការស្វែងរកសន្តិភាពយូរអង្វែង ស្ថិរភាពតាមបណ្តោយព្រំដែន និងការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕





