ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិអំពីកិច្ចការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក!
ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ បានឆ្លៀតចុះពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដីនិងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុង កាល់ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋដែលបានទទួលផលពីគម្រោងនេះ សរុបមានចំនួន ១.០៧៧ គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥ គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣ គ្រួសារ ស្មើនឹងចំនួនមនុស្សជាង៤.២០០ នាក់ ក្នុងនោះមានកុមារជាង ១.៣០០ នាក់។
ជនភៀសសឹកត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រក សេវាទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែ (ទាំងសម្រាប់គ្រួសារ និងសមាជិកគ្រួសារ)។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ជួយទំនុកបម្រុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយផ្នែកកសិកម្ម ដូចជារោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែជាដើម។ ការយកចិត្តទុកដាក់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ទីជម្រកសមរម្យជូនប្រជាពលរដ្ឋគ្រប់រូប។
សម្តេចធិបតី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ កក់ក្តៅពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ ជាពិសេសពលរដ្ឋភៀសសឹក ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលអំពីសុវត្ថិភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ តាមរយៈការមិនប្រើប្រាស់កម្លាំងយោធា ហើយងាកមករកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិវិញ ដើម្បីបញ្ចៀស សោកនាដកម្មមកលើប្រជាពលរដ្ឋ និងបានស្នើឱ្យប្រជាពលរដ្ឋអត់ធ្មត់រង់ចាំការដោះស្រាយបញ្ហាព្រំដែនពីរាជរដ្ឋាភិបាល ដើម្បីទាមទារទឹកដីត្រឡប់មកវិញ និងអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះសម្បែងវិញ។ សម្តេចធិបតី បានប្រាប់ប្រជាពលរដ្ឋថា ទោះបីជាការដោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ ប្រើពេលយូរបន្តិចមែន ប៉ុន្តែ ប្រជាពលរដ្ឋមិនរងទុក្ខវេទនា ដូចការច្បាំងគ្នាដោយប្រើអាវុធទេ។ ប្រជាពលរដ្ឋភៀសសឹកទាំងនោះរីករាយ និងទទួលយកដំណោះស្រាយរបស់រាជរដ្ឋាភិបាលនិងបានអះអាងថា ផ្ទះបណ្តោះអាសន្នដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល មានលក្ខណៈសមរម្យសម្រាប់ការរស់នៅជាងការស្នាក់នៅក្រោមដំបូលតង់ក្នុងជំរុំប្រមូលផ្តុំ។
សូមបញ្ជាក់ជូនថា រហូតមកទល់ពេលនេះ នៅសល់ជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីកងកម្លាំងថៃ តាមរយៈការ ដាក់ពង្រាយបន្លាលួស ទូរកុង តឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារ ដីដែលកងកម្លាំងថៃដណ្តើមកាន់កាប់ដោយខុសច្បាប់មកជូនប្រជាពលរដ្ឋខ្មែរវិញដោយសន្តិវិធី ដូចអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអះអាងថា ក្រោមច្បាប់អន្តរជាតិ ពលរដ្ឋភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនៅពេលជម្លោះប្រដាប់អាវុធបានបិទបញ្ចប់។
ទី២. រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាគ្រប់សកម្មភាពខុសច្បាប់និងជាឯកតោភាគី នៅលើទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ដោយមិនរំលងសូម្បីតែសកម្មភាពណាមួយឡើយ។
ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបម្តងទៀតថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារ ដែលមានតម្លៃគតិយុត្តិ មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យ ស្ថិតនៅជាធរ មានរហូតទាល់តែបញ្ហាព្រំដែនត្រូវបានដោះស្រាយបញ្ហាទាំងស្រុង និងដោយយុត្តិធម៌ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយប្តេជ្ញា ការពារយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងបញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយងាកមកដោះស្រាយបញ្ហាព្រំដែនតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស តាមរយៈយន្តការ JBC ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងចំណូចទី៣ នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕
សូមអរគុណ!





