Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1126
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះគឺជាខួបគម្រប់មួយឆ្នាំគត់នៃបទឈប់បាញ់ដំបូងបន្ទាប់ពីការវាយប្រហារដោយកម្លាំងយោធាថៃមកលើកងកម្លាំងកម្ពុជា ក្នុងគោលបំណងដណ្តើមកាន់កាប់ទឹកដី ហើយដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួនដោយប្រយុទ្ធតតាំងប្រឆាំងការឈ្លានពានអស់រយៈពេល៥ថ្ងៃ។ រហូតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតក្នុងនោះភាគច្រើនជាស្ត្រី និងកុមារនៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយ ដោយសារតែការរារាំងដោយរបងលួស ទូរកុងតឺន័រ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងបញ្ហាសុវត្ថិភាព។

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការងារការទូតយ៉ាងសកម្ម ការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃក៏បានបិទបញ្ចប់ តាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការជួយជ្រោមជ្រែងពីអន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន។ ប៉ុន្តែ អ្វីដែលយើងចងចាំមិនភ្លេចនោះ គឺពេលបទឈប់បាញ់ចូលជាធរមាន កងកម្លាំងថៃបែរជាចាប់ខ្លួនយោធិនកម្ពុជា១៨នាក់ជាចំណាប់ខ្មាំង ខណៈដែលពួកគេបានចាប់ដៃជាមួយយោធាថៃនៅថ្ងៃបទឈប់បាញ់។

ទោះយ៉ាងណា ក្រោមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតឥតឈប់ឈររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក៏ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ នៅទីក្រុងកូឡាឡំពួរ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក ឯកឧត្តម ដូណាល់ ជេ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។

ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធថៃបានបំពានកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនេះ ដោយបានបើកការវាយប្រហារជាលើកទី២ មកលើកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ពួកគេបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដូចជា កាំភ្លើងផ្លោងធុនធ្ងន់ គ្រាប់បែកចង្កោម និងយន្តហោះទម្លាក់គ្រាប់បែក F-16 និង Gripen ចូលជ្រៅក្នុងទឹកដីកម្ពុជា។ ពួកគេបានប្រើកម្លាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែនដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។ ជាថ្មីម្តងទៀត ក្រោមកិច្ចខិតខំធ្វើការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងដោយមានការជួយជ្រោមជ្រែងពីភាគីអន្តរជាតិ កិច្ចព្រមព្រៀងឈប់បាញ់លើកទី២ ត្រូវបានចុះហត្ថលេខានិងចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)។ យោធិនកម្ពុជា១៨រូប ក៏ត្រូវបានដោះលែងមកវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ដែលបានបញ្ជាក់ច្បាស់ពីការឈរជើងនៅនឹងកន្លែង និងហាមធ្វើសកម្មភាពរុលចូលក្នុងទីតាំងនៃភាគីម្ខាងទៀត ហើយត្រូវប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តបំពានកិច្ចព្រមព្រៀងដោយបានធ្វើសកម្មភាពឥតឈប់ឈរដូចជា ការដាក់រាយបន្លាលួស ទូរកុងតឺន័រ បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងសាងសង់សំណង់ផ្សេងៗដើម្បីបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait Accomplis) ក្នុងចេតនាចង់កាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍ ដោយមិនអើពើនឹងដំណើរការរបស់គណៈកម្មការ JBC តាមសំណើររបស់កម្ពុជាឡើយ។

ជាក់ស្តែង តំបន់ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ តាក្របី និងអានសេះ ដែលកងកម្លាំងថៃបានដណ្តើមកាន់កាប់ដោយខុសច្បាប់ ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុងបើយោងតាមផែនទីខ្នាត ១/២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងសូម្បីតែយោងតាមផែនទីឯកតោភាគីរបស់ថៃ L7017 ខ្នាត ១/៥០ ០០០ ដែលគ្មានការទទួលស្គាល់ក៏បង្ហាញយ៉ាងច្បាស់ថា តំបន់ទាំងនោះស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង។ នេះជាភស្តុតាងនៃការឈ្លានពាន កាប់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដោយមិនអាចប្រកែកបាន។

កម្ពុជាតែងតែប្រកាសតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាប្រឆាំងនឹងអំពើរំលោភឈ្លានពាននេះ ដោយប្រកាន់ជំហរដាច់ខាតមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយតាមរយៈការប្រើកម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដោយចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ តាមរយៈការទូតសកម្មនេះ សហគមន៍អន្តរជាតិបានដឹងលឺយ៉ាងទូលំទូលាយពីអំពើឈ្លានពានរបស់ថៃ និងពីជំហរសន្តិវិធីរបស់កម្ពុជា។

ជាក់ស្តែង សភានៃប្រទេសនិយាយភាសាបារាំង(APF) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីសម្រេចមួយដោយសម្តែងការគាំទ្រអធិបតេយ្យភាពកម្ពុជា និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់លើជនស៊ីវិលកម្ពុជា ហើយបានទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC។ បណ្តាញសារព័ត៌មានអន្តរជាតិ និងជនបរទេសជាច្រើនក៏បានចេញមុខនិយាយដោយចំហរពីការឈ្លានពាននេះដែរ ខណៈដែលពលរដ្ឋខ្មែរគ្រប់ទិសទីក៏រួមគ្នាជាធ្លុងមួយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជនរួមជាតិនិងសហគមន៍អន្តរជាតិថា បន្លាលួសនិងទូរកុងតឺន័រ មិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោរពយ៉ាងម៉ឺងម៉ាត់ដាច់ខាតនូវគោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) ដោយគ្មានប្រទេសណាមួយអាចបំពានគោលការណ៍អន្តរជាតិនេះបានឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង