ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលហាមមិនឱ្យទាហានខ្មែរតដៃ ហើយ បណ្តោយឱ្យថៃឈ្លានពានតាមចិត្ត គឺជាការពិតដែរឬទេ?
ចម្លើយ៖ ការអត់ធ្មត់ មិនមែនមានន័យថា កម្ពុជាមិនអើពើក្នុងការការពារជាតិ ឬបោះបង់អធិបតេយ្យភាពនោះឡើយ។ រាជរដ្ឋាភិបាលត្រូវថ្លឹងថ្លែងទាំងផលប្រយោជន៍យោធា នយោបាយ ការទូត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ រីឯការអត់ធ្មត់ក៏មានដែនកំណត់ដែរ។
រាជរដ្ឋាភិបាលយល់ និងថ្លឹងថ្លែងយ៉ាងច្បាស់លាស់រវាងការអត់ធ្មត់ និងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់និងរបួស ហើយជនភៀសសឹកដែលទើបតែទទួលបានទីជម្រកថ្មី អាចត្រូវភៀសខ្លួនម្តងទៀត។ ដូច្នេះ ការរក្សាវិន័យយោធា និងការអនុវត្តតាមបទឈប់បាញ់ គឺជាការទទួលខុសត្រូវចំពោះជាតិ។ កម្ពុជានៅតែបន្តការពារសិទ្ធិស្របច្បាប់របស់ខ្លួន តាមរយៈការទូត ច្បាប់អន្តរជាតិ និងការតវ៉ាជាផ្លូវការចំពោះរាល់សកម្មភាពដែលចាត់ទុកថារំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ ដូចសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រួចហើយថា បើកម្ពុជាផ្ទុះអាវុធមុន វាគឺជាបរាជ័យការទូតដ៏ធំធេងណាស់សម្រាប់កម្ពុជា។
សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលលេខ ៥២–៥៩ មានឯកសារ និងភស្តុតាងពិតប្រាកដដែរឬទេ?
ចម្លើយ៖ នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដោយគ្មានឯកសារ ភស្តុតាអ្វីទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនបោះបង់អធិបតេយ្យភាព ឬដោះដូរទឹកដីដើម្បីដោះស្រាយបញ្ហាព្រំដែនឡើយ។ កម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ដើម្បីបញ្ជាក់ការចោទប្រកាន់នេះ ក្រុមប្រឆាំង ជាពិសេសលោក អ៊ុ សំអាន ត្រូវតែបង្ហាញផែនទី ឯកសារ និងភស្តុតាងបច្ចេកទេសពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ការពិត។ ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញលោក និងក្រុមការងារឱ្យចូលរួមជជែក និងផ្ទៀងផ្ទាត់ឯកសារជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ដោយអាចចូលរួមផ្ទាល់ ឬចាត់តាំងតំណាងក៏បាន។ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមលោក អ៊ុ សំអាន នៅតែគេចវេស និងខ្លាចមិនហ៊ានចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ ៕





