សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវនៃការតស៊ូមិនចោលពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងថ្ងៃខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីសំណាក់លន់ នល់
សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវនៃការតស៊ូមិនចោលពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងថ្ងៃខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីសំណាក់លន់ នល់
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានរំលឹករឿងរ៉ាវនៃការតស៊ូមិនរត់ចោលប្រជាពលរដ្ឋគ្រប់កាលៈទេសៈ បន្ទាប់ពីកម្ពុជាត្រូវបានពួកលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ កាលពី៥៦ឆ្នាំមុន ដែលធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមទាំងស្រុង។
សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖
«ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ (១៨ មិនា ១៩៧០-១៨ មិនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាព ទៅកាន់សង្គ្រាមទាំងស្រុង។
គាប់ជួនម្សិលមិញ ខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយ លោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេស បានថតកាលពីថ្ងៃ១៥ មិនា ១៩៧៩ ដែលពេលនោះពិតមែន តែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។
សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មី យកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះ វ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។
សភាពការពេលនោះលំបាកខ្លាំងណាស់ តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់ និងការស្តា និងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤ កុម្ភៈ ១៩៧៩។ គេហៅខ្ញុំថាជាពូ និងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។
ត្រឡប់រូបថតនេះវិញ អ្នកនិពន្ធបានសរសេរជាភាសារអង់គ្លេសដូចខាងក្រោម៖
រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖ The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979. រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេល នោះមានអាយុ២៦ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩»៕





