សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ
សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ
សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង២៩មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ រាប់បញ្ចូលទាំងការបន្តជំរុញការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះ និងជាក់ស្តែងនានាក្នុងឆ្នាំ២០២៦ ដោយអនុលោមតាមមាត្រា៩៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២៥ ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ៣៤ ០៤៥ ៨១១,៥លានរៀល ត្រូវជា ១៦,៥៥% នៃផ.ស.ស. ហើយស្មើនឹង ១០៦,៩% នៃច្បាប់ហិរញ្ញវត្ថុ ក្នុងនោះ ចំណូលក្នុងប្រទេសអនុវត្តបានចំនួន ៣២ ០១៤ ៤២៦,៣លានរៀល ត្រូវជា ១៥,៥៦% នៃផ.ស.ស. ហើយស្មើនឹង១០២,៦% នៃច្បាប់ហិរញ្ញវត្ថុ និងហិរញ្ញប្បទានឥតសំណងអនុវត្តបានចំនួន ២ ០៣១ ៣៨៥,២លានរៀល ត្រូវជា ០,៩៩% នៃផ.ស.ស. ហើយស្មើនឹង ៣២៤,៣% នៃច្បាប់ហិរញ្ញវត្ថុ។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៥ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ៣៦ ០៩១ ៦២៧,០លានរៀល ត្រូវជា ១៧,៥៤% នៃផ.ស.ស. ហើយស្មើនឹង ៩២,៧% នៃច្បាប់ហិរញ្ញវត្ថុ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ២៥ ១៦៦ ៥៧៨,៩លានរៀល ត្រូវជា១២,២៣% នៃផ.ស.ស. ហើយស្មើនឹង ៩៥.៦% នៃច្បាប់ហិរញ្ញវត្ថុ។
ថវិកាឆ្នាំ២០២៥ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួងទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការបន្តអនុវត្ត «គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា» ដោយផ្តោតសំខាន់លើការបន្តពង្រឹងប្រសិទ្ធភាពថវិកាទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ តាមរយៈការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ ដោយតម្រង់ទិសធនធានទៅកាន់មុខសញ្ញាចំណាយ ដែលជាអាទិភាពចំពោះមុខ ពោលគឺចាយវាយឱ្យចំទិសដៅ និងធានាបានតម្លៃនៃលុយ ហើយអាចប្រសិទ្ធនាមបានថាជា «ថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ប្រកបដោយឆន្ទៈមោះមុត និងការប្តូរផ្តាច់ ក្នុងការឆ្លងកាត់និងជម្នះលើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមម្លប់នៃសុខសន្តិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពធន់ បរិយាបន្ន និង ចីរភាព ព្រមទាំងបែងចែកផលនៃកំណើននេះប្រកបដោយសមធម៌»៕





