Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1001
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦

ក្នុងឱកាសខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងនាមប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានផ្ញើសារអបអរសាទរ ដោយរំលេចឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ ក្នុងនោះក៏មានកុមារនិងគ្រួសារដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែនដែរ។

សម្តេចធិបតីគូសបញ្ជាក់ថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជា១មិថុនា ប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ខណៈដែលទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់និងការងារសមរម្យ» ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សុខសន្តិភាព។

សម្តេចធិបតីបន្តថា កុមារគឺជាធនធានដ៏មានតម្លៃនិងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពលដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត។

រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយ ទ្រទ្រង់សភាពការណ៍ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយថៃដើម្បីធានាឱ្យកុមារ ក្រុមគ្រួសារ ប្រជាពលរដ្ឋភៀសសឹកក៏ដូចជាសហគមន៍ទាំងមូលទទួលបាននូវគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ។ លើសពីនេះទៀត រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារភៀសសឹកដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា និងជនមានពិការភាព ទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព ដោយកុមារអាចបន្តការរៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ។

រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារ។ ជាលទ្ធផល អត្រាមរណភាពរបស់មាតា, កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក បានការថយចុះគួរឱ្យកត់សម្គាល់ ដែលជួយពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកបដោយសមធម៌និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេស ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ព្រមទាំងដាក់ចេញនូវវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំ គ្រប់លំដាប់ថ្នាក់។

ទន្ទឹមនេះ កិច្ចការពារកុមារនៅតាមសាលារៀននិងការអប់រំបែបវិជ្ជមាន ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់។ លើសពីនេះ រាជរដ្ឋាភិបាលបានជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។ ជាក់ស្តែង កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានផ្តល់ការគាំពារយ៉ាងសកម្មដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ រួមមានការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ការឧបត្ថម្ភសាច់ប្រាក់ជូនដល់ជនមានពិការភាព ជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងការឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។

លើសពីនេះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១,៥លាននាក់ ក្នុងគោលដៅ «យុវជនម្នាក់មានជំនាញមួយ ប្រចាំជីវិត» និងក្រោមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែន ដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាពទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព និងកុមារអាចបន្តការសិក្សារៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការថែរក្សានិងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅសល់ជនភៀសសឹកជិត៣ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងចំពោះពួកគេតាមរយៈការផ្តល់ជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យ និងជួយសម្រួលដោះស្រាយតម្រូវការចាំបាច់នានារបស់ពួកគេ រាប់ទាំងការសិក្សារបស់កុមារផង៕

សូមអរគុណ!

អត្ថបទទាក់ទង