រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កម្ពុជា និងភាគីថៃ ឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះ ចុះអនុវត្តការងារលើដីជាក់ស្តែង ដើម្បីឈានទៅរកការដោះស្រាយ លើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កម្ពុជា និងភាគីថៃ ឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះ ចុះអនុវត្តការងារលើដីជាក់ស្តែង ដើម្បីឈានទៅរកការដោះស្រាយ លើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់
(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ 42-47 ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នា បញ្ជូនក្រុមវាស់វែងចម្រុះ ចុះអនុវត្តការងារ លើដីជាក់ស្តែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុង ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមជម្រាបនឹងបញ្ជាក់ជូនជនរួមជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
១៖ ពាក់ព័ន្ធការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិង ស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយ គណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ ការងារ វាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោល ព្រំដែនលេខ42 ដល់ 47 ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុស រ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើ មូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែន រវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។
២៖ កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ42-47 ភាគីទាំងពីរ បានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្តែងនៅឡើយ។
៣៖ ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារ ចុះរៀបចំផែនការនិងអនុវត្តការងារលើដីជាក់ស្តែងចាប់ពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ42-47 ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការបន្តអនុវត្ត ការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមា លើដីជាក់ស្តែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ស្របតាមបែបបទការងារ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្ដតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕







