Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នាំឱ្យមានចម្រូងចម្រាសខ្លាំងម្ល៉េះ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 111
វិភាគអន្តរជាតិ៖ ហេតុអ្វីការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នាំឱ្យមានចម្រូងចម្រាសខ្លាំងម្ល៉េះ? វិភាគអន្តរជាតិ៖ ហេតុអ្វីការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង នាំឱ្យមានចម្រូងចម្រាសខ្លាំងម្ល៉េះ?

 

FN- (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ បាននិយាយថាការប៉ុនប៉ងជាលើកទី២ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយ ទៅកាន់ គន្លងតាវិថី បានទទួលបរាជ័យសាជាថ្មី ៣ខែបន្ទាប់ពីការប៉ុនប៉ងលើកទី១បានបរាជ័យដោយគ្រាប់រ៉ុក្កែត និងផ្កាយរណបបានធ្លាក់ចូលទឹកសមុទ្រ មួយសន្ទុះក្រោយ ការបាញ់បង្ហោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថារដ្ឋបាលអភិវឌ្ឍទីអវកាសជាតិ (NADA) របស់កូរ៉េខាងជើងបានដឹកនាំការបាញ់បង្ហោះផ្កាយរណប ស៊ើបការណ៍ ម៉ាលីយ៉ុង-១ (Malligyong-1) ជាលើកទី២ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ ការបាញ់បង្ហោះនេះបានទទួលបរាជ័យដោយសារតែបញ្ហាបច្ចេកទេស នៅដំណាក់កាលទី៣ នៃការផ្ដាច់ខ្លួនរបស់គ្រាប់រ៉ុក្កែត។ KCNA បន្ថែមថាបញ្ហាបច្ចេកទេសនេះមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ដូច្នេះកូរ៉េខាងជើងនឹងព្យាយាមបាញ់ បង្ហោះផ្កាយរណបជាថ្មីម្ដងទៀត នៅខែតុលាខាងមុខ។

កូរ៉េខាងជើង បានជូនដំណឹងជាមុនដល់ជប៉ុនដែរពីការផែនការបាញ់បង្ហោះផ្កាយរណបនេះ ប៉ុន្តែសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនសុទ្ធតែបានថ្កោលទោស ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នេះដោយពួកគេចាត់ទុកថាជាទង្វើបង្កអស្ថិរភាពក្នុងតំបន់។ បើនិយាយឱ្យត្រង់មិនមែនមានតែកូរ៉េខាងជើងនោះទេ ដែល ព្យាយាមបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី បណ្ដាប្រទេសជឿនលឿនដ៏ទៃទៀតដូចជាកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏ធ្លាប់បាន ទទួលជោគជ័យផងដែរលើការបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មទៅកាន់គន្លងតារាវិថី ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតផលិតនៅក្នុងស្រុកដំបូងបំផុត កាលពីខែឧសភា កន្លងទៅ ដោយមិនមានការថ្កោលទោសអ្វីទាំងអស់។ សំណួរនៅទីនេះបើប្រទេសផ្សេងបាញ់បង្ហោះផ្កាយរណប ឬធ្វើតេស្ដមីស៊ីលដូចជាអាមេរិក ចិន រុស្ស៉ី និងឥណ្ឌា អាចធ្វើបាន ចុះហេតុអ្វីកូរ៉េខាងជើងតែងតែរងការថ្កោលទោស?

* មហិច្ឆតាទីអវកាស

ចាប់តាំងពីឆ្នាំ១៩៩៨មក កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចំនួន៦លើក ក្នុងនោះមាន ២លើកត្រូវបានជឿជាក់ថាទទួលបានជោគជ័យក្នុងការយកផ្កាយរណប ទៅដាក់នៅគន្លងតារាវិថី ដោយលើកចុងក្រោយបំផុតក្នុងឆ្នាំ២០១៦។ ក្រុមអ្នកជំនាញលោកខាងលិចភាគច្រើនបាននិយាយថាផ្កាយរណបនេះស្ថិតនៅក្រោម ការគ្រប់គ្រង ប៉ុន្តែនៅមានការសង្ស័យពីការបញ្ជូនព័ត៌មាន ឬរូបភាពមកកាន់ផែនដីវិញ។ កូរ៉េខាងជើងបានប្រើប្រាស់គ្រាប់រ៉ុក្កែតដែលមាន ៣ដំណាក់កាលដូចជាគ្រាប់ រ៉ុក្កែត Unha-3 នៅក្នុងការបាញ់បង្ហោះផ្កាយរណបនាពេលកន្លងមក។ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីទីភ្នាក់ងារទីអវកាសកូរ៉េខាងជើង ធ្លាប់បាននិយាយកាលពីឆ្នាំ២០១៦ ថាកូរ៉េខាងជើងមានផែនការបាញ់បង្ហោះផ្កាយរណបកាន់តែទំនើបជាងនេះទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ២០២០ មុននឹងអាចចាប់ផ្ដើមមហិច្ឆតាបំពេញបេសកកម្មនៅ ឋានព្រះចន្ទ។

រហូតដល់អំឡុងសមាជបក្សពលករកូរ៉េខាងជើង កាលពីខែមករា ឆ្នាំ២០២១ លោក គីម ជុងអ៊ុន បានបង្ហើបពីបំណងប្រាថ្នាជាច្រើនក្នុងនោះរួមមានទាំងការអភិវឌ្ឍ និងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍បម្រើឱ្យវិស័យយោធា។ បើតាមមន្ត្រីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់គ្រាប់រ៉ុក្កែតស៊េរីថ្មីឈ្មោះ Chollima-1 ដើម្បី ពាំយកផ្កាយរណបស៊ើបការណ៍ឈ្មោះ Malligyong-1 ទៅកាន់គន្លងតារាវិថី នៅក្នុងការប៉ុនប៉ងកាលពីថ្ងៃព្រហស្បតិ៍។ Chollima-1 គឺជាប្រភេទគ្រាប់រ៉ុក្កែតស៊េរីថ្មីមួយ ប្រើប្រាស់ម៉ាស៊ីនដំណើរការដោយឥន្ធនៈរាវដែលត្រូវបានអភិវឌ្ឍសម្រាប់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឈ្មោះ Hwasong-15 របស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង កាលពីខែមិថុនាកន្លងទៅ បានស្រង់យកបំណែកគ្រាប់រ៉ុក្កែត Chollima-1 និងផ្នែកខ្លះនៃផ្កាយរណបដែលបានធ្លាក់ចូលទឹកសមុទ្រ បន្ទាប់ពីកូរ៉េខាងជើងបរាជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍កាលពីខែឧសភា។ ទីក្រុងសេអ៊ូល មិនបានចេញផ្សាយព័ត៌មានលម្អិតពីការរកឃើញរបស់ខ្លួនឡើយ តែបានបញ្ជាក់ថា ផ្កាយរណបនេះសឹងតែមិនមានប្រយោជន៍សម្រាប់ការស្រាវជ្រាវយោធាឡើយ។

* បច្ចេកវិទ្យាប្រើបានពីរស្តង់ដា (Dual-Use)

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងជប៉ុន បានចាត់ទុកការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង ជាទង្វើរំលោភបំពានលើ ដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមឃាត់រាល់ការអភិវឌ្ឍទាំងឡាយណាលើបច្ចេកវិទ្យាប្រើបានពីរស្តង់ដា (Dual-Use) ពោលគឺអាចប្រើបានទាំងក្នុងវិស័យស៊ីវិល និងយោធា ដែលអាចនឹងប្រើជាប្រយោជន៍នៃកម្មវិធីមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង។

ប៉ុន្តែ កូរ៉េខាងជើង ជារឿយៗក៏បានអះអាងដែរថាកម្មវិធីទីអវកាស និងការអភិវឌ្ឍមីស៊ីលរបស់ខ្លួនគឺជាសិទ្ធិអធិបតេយ្យរបស់ខ្លួនក្នុងនាមជាប្រទេសមានឯករាជ្យភាព។ នៅពេលបាញ់បង្ហោះផ្កាយរណបក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងនៅមិនទាន់បាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីបនោះទេ។ ការបាញ់បង្ហោះផ្កាយរណបត្រូវបាន ថ្កោលទោសដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយពួកគេចាត់ទុកថាវាជាការលាក់បាំងបំភ័នភ្នែករបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍសមត្ថភាពមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។

ចាប់តាំងពី២០១៦មក កូរ៉េខាងជើងបានអភិវឌ្ឍ និងបាញ់សាកល្បងមីស៊ីល ICBM ចំនួន៣ប្រភេទ ហើយបច្ចុប្បន្នកំពុងប្ដេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណបយកទៅដាក់ នៅគន្លងតារាវិថី។ បើតាមក្រុមអ្នកវិភាគ ការយកផ្កាយរណបស៊ើបការណ៍ទៅដាក់នៅគន្លងតារាវិថី មិនត្រឹមតែផ្ដល់សមត្ថភាពបន្ថែមដល់កូរ៉េខាងជើងក្នុងការតាមដាន សកម្មភាពសត្រូវរបស់ខ្លួនប៉ុណ្ណោះទេ តែវាក៏បង្ហាញដែរថាកូរ៉េខាងជើងចង់ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសក្នុងតំបន់ដទៃមួយចំនួនទៀតដែលកំពុងរីកចម្រើនទៅមុខ ខាងទីអវកាស។

ក្រុមអ្នកវិភាគ ដូចជាលោក Ankit Panda មកពីវិទ្យាស្ថាន Carnegie Endowment for International Peace ក៏បានកត់សម្គាល់ដែរថាផ្កាយរណបស៊ើបការណ៍ នឹង ផ្តល់ឱ្យកូរ៉េខាងជើងនូវសមត្ថភាពកំណត់គោលដៅវាយប្រហារជាក់លាក់ និងមានប្រសិទ្ធភាពប្រឆាំងនឹងកូរ៉េខាងត្បូង និងជប៉ុន ឬក៏អាចដឹកនាំការវាយតម្លៃការខូចខាត អំឡុងសង្រ្គាមមួយ។ លោក Ankit Panda បន្ថែមថារឿងមិនមែនសុទ្ធតែអាក្រក់ទំាងអស់នោះទេ ពោលប្រសិនបើកូរ៉េខាងជើងអាចផ្ទៀងផ្ទាត់ព័ត៌មាន ឬទិន្នន័យ ដោយខ្លួនឯងផ្ទាល់ជាមួយផ្កាយរណបស៊ើបការណ៍របស់ខ្លួនថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនមែនកំពុងត្រៀមលក្ខណៈបើកការវាយប្រហារណាមួយទេ នោះវាអាច នឹងជួយកាត់បន្ថយភាពតានតឹង ឬផ្ដល់នូវស្ថិរភាពក្នុងតំបន់ខ្លះៗដែរ៕

អត្ថបទទាក់ទង