កូរ៉េខាងត្បូងទទួលជោគជ័យជាលើកទី៣ ក្នុងការធ្វើតេស្តមីស៉ីលសម្រាប់បាញ់ស្ទាក់ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ
(សេអ៊ូល)៖ ក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូងទើបតែទទួលជោគជ័យជាថ្មីទៀត ក្នុងការធ្វើតេស្តមីស៉ីលសម្រាប់បាញ់ស្ទាក់ដ៏សំខាន់មួយ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍក្នុងស្រុក ខណៈទីក្រុងសេអ៊ូលកំពុងតែព្យាយាមបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។
ប្រព័ន្ធមីស៉ីល L-SAM ត្រូវបានរចនាឡើង ដើម្បីបាញ់កម្ទេចមីស៉ីលបាលិស្ទីគ នៅឯរយៈកម្ពស់៥០-៦០គីឡូម៉ែត្រ ហើយវាគឺជាធាតុដ៏សំខាន់មួយ នៃប្រព័ន្ធខែលការពារមីស៉ីលពហុស្រទាប់ថ្នាក់ទាប ហៅថា KAMD របស់ប្រទេសកូរ៉េខាងត្បូង។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន កូរ៉េខាងត្បូងបានធ្វើតេស្តមីស៉ីល L-SAM សរុបចំនួន៤លើកហើយ ដោយក្នុងចំណោមនោះ ៣លើករួមទាំងលើកចុងក្រោយបំផុតនេះ គឺទទួលបានជោគជ័យ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង មានគោលដៅបញ្ចប់ឱ្យបានជាស្ថាពរ នូវការអភិវឌ្ឍប្រព័ន្ធមីស៉ីល L-SAM នៅត្រឹមឆ្នាំក្រោយ ហើយចាប់ផ្តើមដំំណាក់កាលផលិតទ្រង់ទ្រាយធំនៅឆ្នាំ២០២៥ រួចដាក់ពង្រាយវានៅអំលុងចុងទសវត្សរ៍នេះ។
គួរបញ្ជាក់ថា កម្មវិធីខែលការពារ KAMD របស់កូរ៉េខាងត្បូង រួមមានប្រព័ន្ធបាញ់ស្ទាក់ជាច្រើន ដូចជាមីស៉ីល ប៉ាទ្រីយ៉ូត (Patriot) ស៊េរី PAC-3 និងមីស៉ីល Cheongung-II ជាដើម ដែលមានតួនាទីសម្រាប់ការបាញ់ស្ទាក់នៅរយៈកម្ពស់៤០គីឡូម៉ែត្រ ឬទាបជាងនេះ។ មិនតែប៉ុណ្ណោះ នៅប្រទេសកូរ៉េខាងត្បូង ក៏មានប្រព័ន្ធការពារមីស៉ីល THAAD របស់អាមេរិកផងដែរ ដែលមានសមត្ថភាពបាញ់កម្ទេចមីស៉ីលរបស់សត្រូវ នៅរយៈកម្ពស់ចន្លោះ៤០-១៥០គីឡូម៉ែត្រ៕ ដោយ៖ Fresh News