Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ស៊ី ជីនពីង ទៅកូរ៉េខាងជើង?

ដោយ៖ Morm Sokun ​​ | 14 ម៉ោងមុន ទស្សនៈ-Opinion 1032
វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ស៊ី ជីនពីង ទៅកូរ៉េខាងជើង? វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ស៊ី ជីនពីង ទៅកូរ៉េខាងជើង?

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរាយការណ៍ថាលោកប្រធានាធិបតី ស៊ី ជីនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅសប្ដាហ៍ក្រោយ ហើយនេះជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេល ៧ឆ្នាំមកនេះ។ ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានគូសបញ្ជាក់ដូច្នេះថា «តបតាមការអញ្ជើញពីលោក គីម ជុងអ៊ុន លោក ស៊ី ជីនពីង ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា»។

ចិនជាប្រភពនៃការគាំទ្រទាំងផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើងដែលជាប្រទេសឯកោជាងគេបំផុតមួយនៅលើពិភពលោក និងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអន្តរជាតិ។ បើទោះជាប្រទេសទាំង២ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាក៏ពិតមែន តែដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើងជារឿងកម្រ។ ដំណើរទស្សនកិច្ចលើកចុងក្រោយបំផុតរបស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើង ធ្វើឡើងកាលពីឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់មេដឹកនាំចិន ចាប់តាំងពីអតីតប្រធានាធិបតីចិន លោក Hu Jintao ធ្វើទស្សនកិច្ច ទៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ២០០៥។ លោក ស៊ី ជីនពីង បានក្រាលព្រំក្រហមទទួលស្វាគមន៍លោក គីម ជុងអ៊ុន ក្នុងទីក្រុងប៉េកាំង កាលពីខែកញ្ញា ឆ្នាំ២០២៥ រួមជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាឱកាសនៃការប្រារព្ធទិវាជ័យជម្នះលើកទី៨០របស់ចិនលើជប៉ុន ក្នុងសង្រ្គាមលោកលើកទី២។

កូរ៉េខាងជើងជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាផ្លូវការតែមួយគត់របស់ចិន និងធ្លាប់ជាមិត្តរួមអាវុធនឹងគ្នាក្នុងសង្រ្គាមកូរ៉េ។ នៅលើឆាក ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងមើលទៅល្អូកល្អិន តែចុះពីលើឆាក ទំនាក់ទំនងនេះពេលខ្លះក៏មានភាពរកាំរកូសផងដែរ។ កូរ៉េខាងជើងបានកាន់កាប់អាវុធនុយក្លេអ៊ែរររួចទៅហើយ រីឯគោលនយោបាយការបរទេសរបស់ចិននៅលើឆាកអន្តរជាតិវិញ នោះគឺការរំសាយ អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ សម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាវុធនុយក្លេអ៊ែរជាការធានាសន្តិសុខមួយមិនអាចខ្វះបានចំពោះអាយុជីវិតនៃរបបដឹកនាំរបស់លោក និងជា សន្លឹកបៀរដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើងទុកចរចាជាមួយសហរដ្ឋអាមេរិក។ ដូច្នេះការស្នើឱ្យលោក គីម បោះបង់ចោលអាវុធនុយក្លេអ៊ែរ វាប្រៀបបានដូចជាការស្នើឱ្យរូបលោកបោះបង់ចោល សន្តិសុខនៃរបបរបស់លោក។ សម្រាប់ប៉េកាំងវិញ ការទទួលស្គាល់ដោយបើកចំហថាកូរ៉េខាងជើងជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ​ នឹងបំផ្លាញដល់គោលនយោបាយមិនរីកសាយអាវុធនុយក្លេអ៊ែរ ជាយូរមកហើយរបស់ចិន ហើយអាចនឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានពីកូរ៉េខាងត្បូង និងជប៉ុន។

កាលពីអតីតកាល ចិនធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលនេះបានធ្វើឱ្យទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងស្គាល់ភាពរកាំរកូស។ ជាលទ្ធផល ទំនាក់ទំនងចិន-កូរ៉េខាងជើងបានធ្លាក់ដល់ចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ តែនៅទីបំផុតទៅ ចិនគ្មានជម្រើសអ្វីផ្សេងទេ ក្រៅតែពីទទួលស្គាល់ដោយប្រយោលលើការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង ខណៈបន្តប្រកាន់ភ្ជាប់យកគោលការណ៍មិនរីកសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ បើទោះជាការពិត ជាក់ស្ដែង កូរ៉េខាងជើងបានក្លាយជារដ្ឋមានអាវុធនុយក្លេអ៊ែររួចទៅហើយក៏ដោយ។ ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនៅតែមាននៅក្នុងភាសាការទូតរបស់ចិន ប៉ុន្តែវាលែងក្លាយជារបាំង រាំងស្ទះដល់ទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងទៀតឡើយ។ ប៉េកាំងតែងតែលើកឡើងជាញឹកញាប់ពីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ការផ្សះផ្សានយោបាយ និងការប្រឆាំងជំទាស់ការបង្កើន ឬពង្រីកវត្តមាន ឬក៏សកម្មភាពយោធារបស់សហរដ្ឋអាមេរិក ហើយទទួលស្គាល់ការព្រួយបារម្ភពីសន្តិសុខរបស់កូរ៉េខាងជើង។ ការផ្លាស់ប្ដូរនេះគឺពិតជាមានសារៈសំខាន់ជាទីបំផុត។ វាបានបង្ហាញថាប៉េកាំង មើលឃើញពីគុណតម្លៃក្នុងទំនាក់ទំនង និងត្រូវការកូរ៉េខាងជើងឱ្យឈរនៅខាងខ្លួនជាចាំបាច់ដើម្បីទប់ទល់នឹងសម្ព័ន្ធភាពសន្តិសុខត្រីភាគីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នឹងផ្ដល់ឱកាសសម្រាប់កិច្ចពិភាក្សាថ្មីៗជាច្រើន។ ប៉េកាំងប្រហែលជាបានសម្រេចចិត្តរួចទៅហើយថាមិនអាចបន្តទុកឱ្យបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង រារាំងដល់ ការពង្រឹងទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងតទៅទៀតនោះទេ។ ក្នុងន័យនេះទំនាក់ទំនងរវាងប្រទេសទាំង២ នឹងចាំបាច់ត្រូវរៀបចំឡើងវិញដោយឈរលើមូលដ្ឋាននៃការពិតដែលកូរ៉េខាងជើង បានក្លាយជារដ្ឋមានអាវុធនុយក្លេអ៊ែររួចទៅហើយ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក៏នឹងមានន័យដែរថាចិនកំពុងព្យាយាមអូសទាញកូរ៉េខាងជើងឱ្យត្រឡប់មកស្ថិតក្រោមដែនឥទ្ធិពលរបស់ខ្លួន សាជាថ្មី។ ក៏ព្រោះតែបច្ចុប្បន្ន ក្នុងគ្រាដែលកិច្ចសហប្រតិបត្តិការសន្តិសុខអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កាន់តែមានភាពស៊ីជម្រៅក្នុងបរិបទដែលទំនាក់ទំនងរវាងចិន និងជប៉ុនកំពុងតានតឹង តម្លៃជាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបានក្លាយជាដុំពេជ្រសម្រាប់ចិន។ ជាការពិតណាស់ កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក៏អាចបង្កការគំរាមកំហែងដល់ចិនផងដែរ តែអ្នកដែលមានអារម្មណ៍ ថាខ្លួនរងការគំរាមកំហែងធំបំផុតគឺជប៉ុនទៅវិញទេ។ ម្លោះហើយក្នុងទំនាក់ទំនងជាមួយជប៉ុន កូរ៉េខាងជើងគឺជាសន្លឹកបៀរដ៏សំខាន់មួយរបស់ចិន។

លោក ស៊ី ជីនពីង ក៏នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងជាមួយភ្នែកសម្លឹងទៅកាន់រុស្ស៉ី ឬលោក ពូទីនផងដែរ។ លោក គីម ជុងអ៊ុន បានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៉ី មិនមែន ដោយសារតែលោកពិតជាចង់យករុស្ស៉ីមកជំនួសកន្លែងរបស់ចិននោះទេ។ ប៉ុន្តែគឺដោយសារតែលោកចង់បង្កើតជម្រើសបន្ថែម និងចង់បានខ្នងបង្អែកថ្មីមួយទៀតដែលមានឆន្ទៈផ្ដល់ការធានាសន្តិសុខចំពោះ កូរ៉េខាងជើង។ ក្នុងករណីនេះ លោក ពូទីនមានឆន្ទៈផ្ដល់ការធានាសន្តិសុខទៅឱ្យលោក គីម។ តែទោះជាបែបនេះក្ដី រុស្ស៉ីអាចផ្ដល់ឱ្យកូរ៉េខាងជើងត្រឹមតែការគាំទ្រខាងយោធា និងសន្តិសុខតែប៉ុណ្ណោះ និងមិនអាចផ្ដល់គំរូនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ចដូចដែលចិនបានអនុវត្តអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ ដែលក្រុមមន្ត្រីចិនបានបញ្ចុះបញ្ចូលជាយូរមកហើយឱ្យកូរ៉េខាងជើងទទួលយកនោះទេ។ ក្នុងស្ថានភាពបច្ចុប្បន្ន បើចិននៅតែបន្តរក្សាគម្លាតពីកូរ៉េខាងជើង នោះវានឹងកាន់តែជំរុញឱ្យកូរ៉េខាងជើងងាកទៅរករុស្ស៉ីកាន់តែខ្លាំងឡើងៗ រហូតអាចនឹងធ្វើឱ្យចិនបាត់បង់ឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង និងនៅលើតំបន់ឧបទ្វីបកូរ៉េទាំងមូល។ ម្លោះហើយ ចិនអាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ដើម្បីជំរុញឱ្យកូរ៉េខាងជើងត្រឡប់មកក្បែរចិនវិញតាមរយៈការសន្យាផ្ដល់អត្ថាប្រយោជន៍ សេដ្ឋកិច្ច និងសន្តិសុខ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ប្រសិនបើកូរ៉េខាងជើងនៅពេលអនាគត មានបំណងបើកចំហទ្វារប្រទេស ហើយត្រឡប់ទៅរកសហគមន៍អន្តរជាតិវិញ ពិតណាស់ព្យុងយ៉ាងត្រូវការប៉េកាំង និងមិនមែន មូស្គូដែលជាខ្លាមួយកំពុងរងរបួសដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ជុំវិញសង្រ្គាមអ៊ុយក្រែនឡើយ។ លើសពីនេះទៅទៀត ប្រសិនបើលោក គីម ជុងអ៊ុន មានបំណងបើកចំហបណ្ដាញ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដើម្បីរៀបចំកិច្ចប្រជុំកំពូលសាជាថ្មីជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ និងចង់បានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក នោះលោក គីម នឹងចាំបាច់ ត្រូវការជំនួយពីចិនក្នុងការសម្របសម្រួល និងផ្ដល់ការធានាសន្តិសុខណាមួយ។ មនុស្សមួយចំនួនយល់ថាដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់កូរ៉េខាងជើងបានឆ្លុះបញ្ចាំងពីភាពភ័យខ្លាច របស់ប៉េកាំងថាលោក គីម ជុងអ៊ុនអាចនឹងរំលងចិន ទៅបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយលោក ត្រាំ ហើយកិច្ចប្រជុំកំពូលត្រាំ និងគីមណាមួយអាចនឹងផាត់ចិនចេញ។ ប៉ុន្តែការគិតបែបនេះមិនត្រឹមត្រូវ ទាំងស្រុងទេ ព្រោះកូរ៉េខាងជើងមិនអាចធ្វើបែបនេះឡើយ ហើយក៏នឹងមិនធ្វើបែបនេះនោះដែរ។

ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់កូរ៉េខាងជើងនឹងមិនមែនមានន័យថាការខ្វែងគំនិតគ្នារវាងចិន និងកូរ៉េខាងជើងលើបញ្ហានុយក្លេអ៊ែរនឹងរលាយបាត់ទាំងស្រុងទេ។ ប៉ុន្តែពួកគេនឹងកសាង ទំនាក់ទំនងទ្វេភាគីកាន់តែមានលក្ខណៈប្រាកដប្រជាជាងមុន ដោយឈរលើមូលដ្ឋានការពិតជាក់ស្ដែង។ ចិន និងកូរ៉េខាងជើងនឹងបន្តអះអាងពីទំនាក់ទំនងជាប្រពៃណី ហើយព្យុងយ៉ាងនឹងបន្តត្រូវការ ការពារ និងជំនួយពីចិន ខណៈប៉េកាំងនឹងបន្តត្រូវការកូរ៉េខាងជើងជាសន្លឹកបៀរកាន់នៅក្នុងដៃ៕

-Fresh News-

អត្ថបទទាក់ទង