បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖
បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖
ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ស្ថានភាព នៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖
ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ
– ម៉ោង ១៥:០៥នាទី យោធាថៃបានប្រើប្រាស់រថក្រោះបុកចូលអានសេះ។
– ម៉ោង ១៦:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន ២គ្រាប់។
– ម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:២៥នាទី យោធាថៃបានវាយលុកខ្លាំងនៅភូមិសាស្រ្តភ្នំ៦៧៧ ផ្សារអូរផ្កាស្នេហ៍ និងភ្នំ៥០០ ប្រាសាទព្រះវិហារ តាស៊ឹម ៥មករា។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ០៤:៤០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយកាំភ្លើងធំចូល ប្រាសាទខ្នារ។
– ម៉ោង ០៤:៥០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំចូលក្នុងតំបន់ថ្មដូន។
– ម៉ោង ៥:០០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយរថក្រោះ បាញ់កាំភ្លើងធំ ចូលទីតាំងថ្មដូនយ៉ាងច្រើន។
– ម៉ោង ៥:២០យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា នៅតំបន់មុខតាស៊ឹម។
– ម៉ោង ៦:១៦នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយបាញ់កាំភ្លើងធំ កាំភ្លើងគំាទ្រចូលតំបន់អូរស្មាច់។
– ម៉ោង ៦:៣៥នាទី យោធាថៃបានចាប់ផ្តើមបើកបាញ់ប្រហារមកលើកម្ពុជាចូលប្រាសាទតាក្របី។
ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ
-ម៉ោង ១៥:១២នាទី កម្លាំងថ្មើរជើងថៃនៅតែបន្តបាញ់ប្រហារ និងព្យាយាមរុលចូលមកខាងភូមិសាស្រ្ត ភូមិជោគជ័យ។
-ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះចូលភូមិសាស្រ្តស្រុកម៉ាឡៃ ក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
– ម៉ោង ១៥:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំភូមិសាស្ត្រឃុំថ្មថា និងភូមិសាស្ត្រ អូរភ្លុកដំរី។
– ម៉ោង ១៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើង១៥៥ម.ម ចំនួន ២គ្រាប់ចូលសាលាបឋម សិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក។
– ចាប់ពីវេលាម៉ោង ១៥:៤៥នាទី រហូតដល់ម៉ោង ១៧:៣០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ ម.ម. បានបាញ់មកលើទីតាំងរបស់កម្ពុជា នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង និងអូរភ្លុកដំរី។
– ម៉ោង ១៧:៥០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំ នៅភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ១៨:២៨នាទី យោធាថៃបានបាញ់កាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្រ្តឃុំថ្មដា។
– ម៉ោង ១៩:៤០នាទី រថក្រោះថៃសំដៅភូមិសាស្រ្តបឹងត្រកួន។
– ម៉ោង ២១:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់មកទម្លាក់នៅភូមិសាស្ត្រឃុំថ្មដា ចំនួន ២ គ្រាប់។
– ម៉ោង ២២:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ ១០៥មម និងដ្រូនពាំក្បាលគ្រាប់ បាញ់ទម្លាក់តាមបណ្ដាគោលដៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន ១១គ្រាប់។
គួរឱ្យកត់សម្គាល់ផងដែរថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះជាការ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៦០នាក់។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការសោកស្តាយនូវទង្វើដែលពុំមានភាពស្មោះត្រង់របស់ភាគីថៃ និងសូមធ្វើការច្រាលចោលទាំងស្រុងនូវចោទប្រកាន់ មួលបង្កាច់ បំភ្លៃការពិតនិងគ្មានមូលដ្ឋានម្តងហើយម្តងទៀតពីភាគីថៃ ដែលក្លាយទៅជាទម្លាប់របស់កងទ័ពថៃ ដើម្បីយកមកធ្វើជាលេសបម្រើដល់មហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។
ចាប់តាំងពីមុនការបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយបើទោះបីជាមានការអំពាវនាវយ៉ាងទទូចពីសំណាក់សហគមន៍អន្តរជាតិឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ថៃបានលែងទទួលស្គាល់កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ចំណែកឯកម្ពុជាវិញនៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ថាតើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាពនិ ងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដនោះ។
ជាក់ស្តែង កងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ការបាញ់ អាវុធធុនធ្ងន់គ្រប់ប្រភេទដោយមិនរើសអើង ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួស ក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា និងទង្វើល្មើសច្បាស់ជាច្រើនទៀត។
បើទោះបីជាបានប្រព្រឹត្តនូវអំពើខុសច្បាស់អន្តរជាតិរាប់មិនអស់ទាំងអស់នេះហើយ កងទ័ពថៃមិនត្រឹមតែមិនបានចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមកចោទប្រកាន់កម្ពុជាយ៉ាងងងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេសដើម្បីបម្រើដល់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា និងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។
សហគមន៍អន្តរជាតិនឹងមិនព្រងើយកន្តើយ ហើយអនុញ្ញាតឱ្យប្រទេសមួយដែលបោះបង់ចោលមាគ៌ាសន្តិភាព តាមរយៈការបោះបង់ចោលកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ហើយមកជ្រើសរើសការគំរាម និងការប្រើប្រាស់កម្លាំងដោយមិនខ្លាចញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិច អាចបន្តទង្វើឈ្លានពានរបស់ខ្លួនដោយនិទណ្ឌភាព។ ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃទទួលខុសត្រូវចំពោះខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃក៏អាចធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងខ្លួន ដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។
អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖
បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន
បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើ ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល
បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។
យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រម ព្រៀមបទ ឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោម ច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់ផងដែរថា «គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន។
សូមគូសបញ្ជាក់ផងដែរថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
____
#CambodiaWantsPeace
#JusticeForCambodia





