Grand News Asia Close

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ សង្គ្រាមឈ្លានពានរបស់ថៃបង្កវិបត្តិធំៗចំនួន៣នៅកម្ពុជា

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 19:14 pm ព័ត៌មានជាតិ 1060
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ សង្គ្រាមឈ្លានពានរបស់ថៃបង្កវិបត្តិធំៗចំនួន៣នៅកម្ពុជា Gopura V of the Preah Vihear Temple complex, standing near the UNESCO and World Heritage flags, was damaged during what Cambodia describes as Thailand’s ‘war of aggression’ in July and December 2025. Hong Raksmey

ព្រះវិហារៈ ជម្លោះព្រំដែនដែលមន្ត្រីកម្ពុជាហៅថាជា «សង្គ្រាមឈ្លានពានរបស់ថៃ» បានបង្កវិបត្តិធំៗចំនួនបី គឺវិបត្តិមនុស្សធម៌ វិបត្តិបេតិកភណ្ឌ និងវិបត្តិនៃការរំលោភច្បាប់អន្តរជាតិ ខណៈផលប៉ះពាល់ជាច្រើននៅមិនទាន់អាចស្ដារឡើងវិញបានទាំងស្រុង។

ការលើកឡើងនេះធ្វើឡើងដោយលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក្នុងកម្មវិធីពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារថ្ងៃទី៩ ខែកញ្ញា​។

លោកបានថ្លែងថា ការខូចខាតដែលអាចមើលឃើញនៅលើប្រាសាទ លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ គ្រាន់តែជាផ្នែកខាងក្រៅនៃផលវិបាកប៉ុណ្ណោះ ខណៈសង្គ្រាមបានបង្កបញ្ហាកាន់តែជ្រៅដល់ជីវិតមនុស្ស ការការពារបេតិកភណ្ឌ និងប្រសិទ្ធភាពនៃច្បាប់អន្តរជាតិ។

វិបត្តិមនុស្សធម៌

លោក ពុទ្ធិការ បានកំណត់វិបត្តិមនុស្សធម៌ជាផលវិបាកទី១ ដោយសារប្រជាពលរដ្ឋមួយចំនួននៅតែមិនអាចត្រឡប់ទៅលំនៅឋានដើមបាន កុមារមួយចំនួនមិនអាចចូលរៀនជាប្រក្រតី ហើយការទទួលបានសេវាសុខាភិបាល និងមុខរបររបស់គ្រួសាររងផលប៉ះពាល់ក៏មិនទាន់វិលទៅរកភាពធម្មតា។

កុមារ​ភៀសសឹក​រស់នៅ​ជំរំ​បណ្ដោះអាសន្ន​នៃ​ភូមិ​តាកឹង​បៃតង ក្នុង​ខេត្ដ​ព្រះវិហារ​។ រូបថត ហុង រស្មី

លោកថា៖ «ក្មេងសិស្សសាលាមិនបានទៅរៀនសូត្រឱ្យត្រឹមត្រូវ ប្រជាពលរដ្ឋមិនអាចទទួលបានសេវាសុខភាពសាធារណៈបានត្រឹមត្រូវ។ នេះគឺជាវិបត្តិមនុស្សធម៌មួយដែលកើតឡើងពីសង្គ្រាមនេះ»។

លោកបានអះអាងថា នៅតាមតំបន់ព្រំដែនមួយចំនួន កងទ័ពថៃបានចូលកាន់កាប់ និងដាក់លួសបន្លា ដែលរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅលំនៅឋានដើម។

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ផលប៉ះពាល់ដែលលោកលើកឡើងសម្រាប់ខេត្តព្រះវិហារ គ្រាន់តែជាផ្នែកមួយនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះ។

លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងក្នុងកម្មវិធីដដែលថា ប្រជាពលរដ្ឋប្រមាណ ៩៧ភាគរយបានត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែ៣ភាគរយទៀតនៅមិនទាន់អាចវិលត្រឡប់បាន ព្រោះភូមិរបស់ពួកគេស្ថិតក្នុងតំបន់ដែលអាជ្ញាធរកំណត់ថាជាតំបន់ក្រហម និងតំបន់លឿង។

តាមការពន្យល់របស់លោក តំបន់ក្រហមសំដៅលើតំបន់ដែលរដ្ឋបាលខេត្តអះអាងថាត្រូវបានភាគីថៃចូលកាន់កាប់ដោយខុសច្បាប់ ខណៈតំបន់លឿងជាទីតាំងមានហានិភ័យសន្តិសុខខ្ពស់។

កងកម្លាំង​ស៊ីម៉ាក់​ដោះ​គ្រាប់បែកចង្កោម​ស្ថិត​នៅ​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ស្រអែម​ ខេត្ដ​ព្រះវិហារ​។ រូបថត ហុង រស្មី

លោកអភិបាលបានឱ្យដឹងថា ក្នុងអំឡុងពេលប្រយុទ្ធ ប្រជាពលរដ្ឋប្រមាណ ១៦,០០០គ្រួសារ ឬប្រមាណ ៥៤,០០០នាក់នៅទូទាំងស្រុកជាំក្សាន្ត ត្រូវបានជម្លៀសចេញទាំងស្រុង។

ការវាយតម្លៃរបស់អាជ្ញាធរខេត្តក៏បានរកឃើញផ្ទះពលរដ្ឋចំនួន ៧៦៥ខ្នងរងការខូចខាត ក្នុងនោះ ១៣៥ខ្នងខូចធ្ងន់ ៣៩ខ្នងខូចមធ្យម និង ៥៩១ខ្នងខូចស្រាល។

លោក គឹម រិទ្ធី បញ្ជាក់ថា ទិន្នន័យទាំងនេះត្រូវបានប្រមូលដោយអាជ្ញាធរមូលដ្ឋាន ដោយមានរូបថត និងកូអរដោនេ GPS សម្រាប់លំនៅឋាននីមួយៗ។

សម្រាប់អ្នកដែលមិនអាចត្រឡប់ទៅទីលំនៅដើម រដ្ឋាភិបាលបានរៀបចំផ្ទះចំនួន ៦៤៥ខ្នងនៅភូមិតាកឹងបៃតង រួមជាមួយផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មណ្ឌលសុខភាព និងទីស្នាក់ការរបស់អាជ្ញាធរ។

ទោះជាមានលំនៅឋានថ្មីក៏ដោយ លោកអភិបាលបានទទួលស្គាល់ថា ប្រជាពលរដ្ឋប្រមាណពាក់កណ្ដាលត្រូវចាកចេញទៅរកការងារនៅតំបន់ផ្សេង ព្រោះឱកាសរកចំណូលនៅក្នុងភូមិនៅមានកម្រិត។

វិបត្តិបេតិកភណ្ឌ

វិបត្តិទី២ គឺការខូចខាត និងការរាំងស្ទះដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌។

លោក ពុទ្ធិការ បានឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាតសរុប ៥៦២ទីតាំង ក្នុងនោះ ១៤២ទីតាំងកើតឡើងពីការប៉ះទង្គិចក្នុងខែកក្កដា និង ៤២០ទីតាំងបន្ថែមក្នុងការប្រយុទ្ធនៅខែធ្នូ។

ការខូចខាតបានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម ក្បាច់ចម្លាក់ សសរថ្ម គោបុរៈ តំបន់សក្ការៈ ជណ្ដើរ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ភ្ញៀវទេសចរ។

លោកបានអះអាងថា វត្តកែវសិក្ខាគិរីស្វារៈរងការខូចខាតធ្ងន់ធ្ងរ ខណៈរូបចម្លាក់ព្រះវិស្ណុនៅតំបន់អានសេះត្រូវបានបំផ្លាញដោយគ្រឿងចក្រ។

លោកបានលើកឡើងបន្ថែមពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ក្នុងខេត្តឧត្ដរមានជ័យ ដែលលោកអះអាងថាបានរងការខូចខាត និងកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ។

លោកថា ការកាន់កាប់នេះធ្វើឱ្យកម្ពុជា ដែលជាម្ចាស់បេតិកភណ្ឌ មិនអាចចូលទៅវាយតម្លៃ ទប់ស្កាត់ការខូចខាត ឬបំពេញការងារអភិរក្សបាន។

ចំណែកនៅប្រាសាទព្រះវិហារ ក្រុមការងារកម្ពុជាអាចធ្វើការសង្គ្រោះបន្ទាន់បានមួយចំនួន ប៉ុន្តែសុវត្ថិភាពរបស់មន្ត្រីនៅតែរងការគំរាមកំហែងដោយសារស្ថានភាពយោធានៅក្បែរតំបន់ប្រាសាទ។

លោកបាននិយាយថា មន្ត្រីអភិរក្សមួយចំនួនត្រូវផ្ដាំផ្ញើក្រុមគ្រួសារមុនឡើងទៅបំពេញភារកិច្ច ព្រោះពួកគេមិនប្រាកដអំពីស្ថានភាពសុវត្ថិភាពនៅទីនោះ។

បច្ចុប្បន្ន ការងារជួសជុល និងអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ រួមមានឥណ្ឌា ចិន និងសហរដ្ឋអាមេរិក ត្រូវបានផ្អាក។ អ្វីដែលអាជ្ញាធរអាចធ្វើបាន គឺការទល់ទ្រ បិទភ្ជាប់ និងរក្សាបំណែកថ្មជាបណ្ដោះអាសន្ន ដើម្បីកុំឱ្យការខូចខាតកាន់តែធ្ងន់ធ្ងរ។

ទិដ្ឋភាព​អ្នកសារ​ព័ត៌មាន​ជាតិ និងអន្ដរជាតិ​អមដំណើរដោយ​មន្ដ្រី​អនុរក្ស​ទៅ​ផ្ដិត​យក​រូបភាព​នៃការ​បាក់​បែក​សំណង់​ប្រាសាទ​ព្រះវិហារ​បុរាណ។ រូបថត ហុង រស្មី

វិបត្តិនៃការរំលោភច្បាប់អន្តរជាតិ

លោក ពុទ្ធិការ បានហៅផលវិបាកទី៣ថា ជាវិបត្តិនៃការរំលោភច្បាប់អន្តរជាតិ ដែលបង្កជាសំណួរអំពីប្រសិទ្ធភាពនៃច្បាប់ និងយន្តការអន្តរជាតិក្នុងការការពារអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌។

លោកបានរំឭកពីការប្រឈមមុខដាក់គ្នានៅតំបន់ប្រាសាទព្រះវិហារចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ និងអះអាងថា បញ្ហានេះនៅតែបន្ត ទោះជាប្រាសាទព្រះវិហារមានការការពារដោយឯកសារ និងយន្តការអន្តរជាតិជាច្រើនក៏ដោយ។

ឯកសារទាំងនោះរួមមានសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ សេចក្ដីបកស្រាយសាលដីកាឆ្នាំ២០១៣ អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងឋានៈរបស់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។

លោកបានចោទជាសំណួរថា តើច្បាប់អន្តរជាតិអាចត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដែរឬទេ ប្រសិនបើការប្រើកម្លាំង ការខូចខាតបេតិកភណ្ឌ និងការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះនៅតែបន្ត។

លោកថា វិបត្តិទី៣នេះមានវិសាលភាពធំជាងបញ្ហាទ្វេភាគី ព្រោះវាពាក់ព័ន្ធនឹងភាពជឿជាក់លើប្រព័ន្ធច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិក្នុងការការពារបេតិកភណ្ឌរបស់មនុស្សជាតិ៕

-Post Khmer-

 

អត្ថបទទាក់ទង