Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1014
វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា? វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបង្កើនការវាយប្រហារសងសឹកដាក់គ្នានាប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារលើកប៉ាល់ដឹកប្រេង ៣គ្រឿងរបស់អ៉ីរ៉ង់។ រីឯតេហេរ៉ង់បានសងសឹកវិញដោយវាយប្រហារលើកប៉ាល់ដឹកប្រេង និងបាញ់មីស៊ីលបាលិស្ទីគតម្រង់រកនាវាចម្បាំងអាមេរិកដែលកំពុងធ្វើប្រតិបត្តិការល្បាតនៅក្បែរច្រកសមុទ្រ Hormuz។ ការវាយប្រហារលើកប៉ាល់ដឹកប្រេង កើតមានឡើងចំពេលសហរដ្ឋអាមេរិកបានអះអាងពីការកើនឡើងទំហំប្រេងចាប់ផ្ដើមត្រូវបានដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រ Hormuz បើទោះជាតួលេខពិតប្រាកដនៅមិនទាន់អាចត្រូវបានកំណត់ ហើយការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់នៅតែបន្តក៏ដោយ។

* តើគេដឹងអ្វីខ្លះពីការវាយប្រហារលើកប៉ាល់ដឹកប្រេង?
ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ ៣គ្រឿង។ ក្នុងនោះមានកប៉ាល់មួយគ្រឿងនៅឯឆ្នេរកោះ Kharg ជាទីដែលអ៉ីរ៉ង់នាំចេញ ៩០ភាគរយនៃប្រេងឆៅរបស់ខ្លួននៅមុនសង្រ្គាមផ្ទុះឡើង។ ចំណែក កប៉ាល់មួយគ្រឿងទៀតត្រូវបានវាយប្រហារនៅក្បែរកោះ Jask និងកប៉ាល់មួយគ្រឿងផ្សេងទៀតដែលប្រេងត្រូវបានដាក់ចុះរងការវាយប្រហារនៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ បន្ទាប់ពីក្រុមនាវិកនៅកប៉ាល់ទាំងនោះត្រូវបានបង្គាប់ឱ្យចុះពីកប៉ាល់។

តាម CENTCOM ការវាយប្រហារលើកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ ធ្វើឡើងជាការឆ្លើយតបទៅនឹងតេហេរ៉ង់ដែលបានបាញ់មីស៊ីលបាលិស្ទីគតម្រង់រកនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង រួមទាំងនាវាពិឃាដ។ CENTCOM បានបញ្ជាក់ថាការវាយប្រហារនេះត្រូវបានទប់ស្កាត់ដោយជោគជ័យ ហើយមិនមានកងទ័ពអាមេរិកម្នាក់រងរបួសនោះទេ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វីញ បាននិយាយថាខ្លួនបានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់តម្រង់ទៅរកនាវាផ្ទុកយន្ដហោះចម្បាំង និងនាវាពិឃាដរបស់សហរដ្ឋអាមេរិក ដោយចោទថាបានធ្វើសកម្មភាពយាយីកប៉ាល់អ៉ីរ៉ង់ និងបានចូលរួមក្នុងប្រតិបត្តិការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់។ ជុំវិញការសងសឹកដាក់គ្នាទៅវិញទៅមកនេះដែរ លោក Wolfgang Pusztai ជាអ្នកជំនាញខាងយោធាម្នាក់បាននិយាយថាអ៉ីរ៉ង់មិនមែនវាយប្រហារលើនាវាចម្បាំងធម្មតានោះទេ តែពួកគេហ៊ានកំណត់គោលដៅលើនាវាផ្ទុកយន្ដហោះចម្បាំងដែលជាឆ្អឹងខ្នងដ៏សំខាន់នៃយុទ្ធនាការរបស់សហរដ្ឋអាមេរិកប្រឆាំងអ៉ីរ៉ង់។ ដូច្នេះវាគ្មានអ្វីភ្ញាក់ផ្អើលទេដែលសហរដ្ឋអាមេរិកវាយប្រហារសងសឹកវិញ។

អ៉ីរ៉ង់ក៏បានអះអាងដែរថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើកប៉ាល់ដឹកប្រេងចំនួន៣គ្រឿង ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកដែលខ្លួនចាត់ទុកថាជាផ្លូវទឹកត្រូវបានហាមឃាត់នៅក្នុងច្រកសមុទ្រ Hormuz រួមទាំងកប៉ាល់ ៣គ្រឿងផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ អ៉ីរ៉ង់ថែមទាំងបង្ហើបឱ្យដឹងទៀតផងពីការវាយប្រហារលើដ្រូនសមុទ្រមួយគ្រឿងរបស់សហរដ្ឋអាមេរិកដែលព្យាយាមចូលក្នុងតំបន់ច្រកសមុទ្រ Hormuz។

* ហេតុអ្វីអាមេរិក និងអ៉ីរ៉ង់វាយប្រហារលើកប៉ាល់ដឹកប្រេងជាការសងសឹកដាក់គ្នា?
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថាកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ដែលខ្លួនបានវាយប្រហារគឺជាបណ្ដាញលាងលុយរាប់ពាន់លានដុល្លាររបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់នៅក្នុងតំបន់។ អ៉ីរ៉ង់បានពឹងផ្អែកជាយូរណាស់មកហើយលើ «កងនាវាខ្មោច» ដើម្បីគេចពីទណ្ឌកម្ម និងអាចបន្តលក់ប្រេងជាប្រភពចំណូលមួយដែលកាន់តែមានសារៈសំខាន់ចំពោះរបបដឹកនាំអ៉ីរ៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ និងចាប់តាំងពីសហរដ្ឋអាមេរិកអនុវត្តការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់កាលពីខែមេសា។

លោក Hassan Ghashghavi ជាសមាជិកសភា និងជាអ្នកនាំពាក្យគណៈកម្មការជាតិសន្តិសុខនៃសភាអ៉ីរ៉ង់ បាននិយាយថាការវាយប្រហារលើនាវាចម្បាំងអាមេរិក ជាផ្នែកមួយនៃសង្រ្គាមដើម្បីបន្តការរស់រានមានជីវិតប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយថាការបិទខ្ទប់លើ កំពង់ផែអ៉ីរ៉ង់ដោយយោធាអាមេរិកមិនគួរកើតឡើងតាំងតែពីដំបូងម្ល៉េះ។ លោក Ghashghavi បានបន្ថែមថា នាវាចម្បាំងអាមេរិកបានធ្វើសកម្មភាពយោធាដោយបំពានច្បាប់អន្តរជាតិ និងដោយសារតែទឹកដីអាមេរិកនៅឆ្ងាយពីអ៉ីរ៉ង់ ដូច្នេះអាមេរិកមិនចាត់ទុកថាសង្រ្គាមនេះជាការតស៊ូដើម្បីរស់រានដូចអ៉ីរ៉ង់នោះទេ។

បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងបង្កើនការដាក់សម្ពាធលើអ៉ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ទាំងតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធយោធា។ កាលពីខែសីហា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រកាសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ជាមួយការកំណត់គោលដៅលើផលប្រយោជន៍ហិរញ្ញវត្ថុរបស់អ៉ីរ៉ង់នៅទូទាំងពិភពលោក។ តាមលោក Bessent សហរដ្ឋអាមេរិកនឹងកំណត់គោលដៅលើប្រភពចំណូលទាំងឡាយរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងប្រេង ក៏ដូចជារារាំងមិនឱ្យបណ្ដាប្រទេសដទៃ និងក្រុមហ៊ុននានាធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។

ការបង្កើនការដាក់សម្ពាធយោធា និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ កើតមានឡើងបើទោះជារដ្ឋបាលលោក ត្រាំ អះអាងពីស្ថានភាពប្រក្រតីនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដោយវ៉ាស៊ីនតោនទទូចថាផ្លូវទឹកដ៏សំខាន់មួយនេះនៅតែបើកចំហ និងមានកប៉ាល់រាប់សិបគ្រឿងដឹកប្រេងរាប់លានបារ៉ែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ លោក Bessent កាលពីសប្ដាហ៍មុនបាននិយាយថាប្រេងឆៅប្រហែល ១៧លានបារែលក្នុងមួយថ្ងៃ ត្រូវបានដឹកចេញពីច្រកសមុទ្រ Hormuz កាលពីពេលថ្មីៗនេះ។ តែតួលេខពិតប្រាកដមិនទាន់អាចត្រូវបានកំណត់នៅឡើយទេ។ លោក ត្រាំ កាលពីខែសីហាក៏បានអះអាងដែរថាសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងទាំងស្រុកលើច្រកសមុទ្រ Hormuz។ ប៉ុន្តែ តួលេខផ្ដល់ដោយក្រុមហ៊ុនជំនាញលើការដឹកជញ្ជូនតាមសមុទ្រ Kpler បានបង្ហាញថាមានតែកប៉ាល់ដឹកប្រេង ៦គ្រឿងប៉ុណ្ណោះបានឆ្លងកាត់ច្រកសមុទ្រ​ Hormuz កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ១១គ្រឿងកាលពីថ្ងៃទី១ ខែកញ្ញា និង៥គ្រឿងកាលពីថ្ងៃចន្ទ ទី៣១ ខែកញ្ញា ហើយជាមធ្យមក្នុងរយៈពេល ១០ថ្ងៃ មានកប៉ាល់តែ ១៣គ្រឿងប៉ុណ្ណោះបានធ្វើដំណើរកាត់តាមច្រកសមុទ្រ Hormuz ក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត នៅថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ ប្រេងនៅតែបន្តឡើងថ្លៃ ដោយប្រេងឆៅប្រភេទ Brent មានតម្លៃ ៩៦,៤៥ដុល្លារក្នុងមួយបារែល ធៀបទៅនឹងមុនពេលសង្រ្គាមផ្ទុះឡើង ៧០ដុល្លារក្នុងមួយបារែល។

* តើជម្លោះកំពុងឆ្ពោះទៅទិសដៅណា?
ការផ្ទុះឡើងជាថ្មីនៃការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមករវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកជាការកើនឡើងគួរឱ្យកត់សម្គាល់មួយនៅក្នុងសង្រ្គាមអូសបន្លាយពេលជាង៦ខែមកនេះ។ នេះបើតាមលោក Sina Azodi ជានាយកកម្មវិធីសិក្សាពីតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ George Washington។ លោកបាននិយាយថាមិនមានភាគីណាមួយព្រមបន្ធូរដៃនោះទេ ពីព្រោះវាមើលទៅមិនមែនជារឿងល្អសម្រាប់ពួកគេ ដូច្នេះជម្រើសមានតែមួយគត់ នោះគឺបង្កើនជម្លោះ។ តាមអ្នកជំនាញរូបនេះ លុះត្រាតែមានការផ្សះផ្សារនយោបាយ បើពុំដូច្នោះទេសង្រ្គាមនឹងមិនបញ្ចប់ឡើយ។ «វាអាចនឹងមានការវាយប្រហារដាក់គ្នាបន្ថែមទៀតរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក។ វាអាចមានការគណនាខុស ហើយវាក៏អាចមានផងដែរការស្លាប់ និងរងរបួសបន្ថែមទៀត ក្នុងចំណោមជនស៊ីវិល ជាពិសេសខាងភាគីអ៉ីរ៉ង់»។ នេះជាការលើកឡើងរបស់លោក Sina Azodi។

លោក Azodi យល់ថារដ្ឋមន្ត្រីការពារជាតិអាមេរិកអាចបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែលោកមិនគិតនោះទេថាអ៉ីរ៉ង់នឹងចុះញ៉ម។ លោកបន្ថែមថាគោលដៅរបស់អាមេរិក និងអ៉ីរ៉ង់ នោះគឺបង្ខំឱ្យគូសត្រូវរបស់ពួកគេចុះញ៉ម ហើយនរណាអាចទ្រាំបានយូរជាង អ្នកនោះគឺជាអ្នកឈ្នះ។ យល់ឃើញស្រដៀងគ្នានឹងលោក Azodi ដែរ លោក Ali Akbar Dareini ជាអ្នកវិភាគម្នាក់ មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រមានមូលដ្ឋានក្នុងទីក្រុងតេហេរ៉ង់ បានកត់សម្គាល់ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ជាបញ្ហាធំមួយដែលអ៉ីរ៉ង់មិនអាចនៅស្ងៀមមិនធ្វើអ្វីសោះនោះទេ។ «តើការវាយប្រហារនឹងធ្វើឱ្យអ៉ីរ៉ង់ចុះញ៉មឬ?»។ នេះជាការចោទសួររបស់លោក Dareini ដោយបន្ថែមថាការវាយប្រហាររបស់អាមេរិក ពិតណាស់នឹងបង្ខំ ហើយជំរុញឱ្យអ៉ីរ៉ង់សងសឹកវិញ។

តាមអ្នកជំនាញរូបនេះ ការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកំពង់ផែអ៉ីរ៉ង់ គួបផ្សំជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពិតជាកំពុងបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអ៉ីរ៉ង់។ ប៉ុន្តែអ៉ីរ៉ង់ក៏កំពុងរិះរកវិធីរៀនរស់នៅសម្របខ្លួនជាមួយការដាក់ទណ្ឌកម្ម ហើយអ៉ីរ៉ង់នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើឱ្យប្រេងឡើងថ្លៃរហូតខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារែល។

យ៉ាងណាក៏ដោយ សម្រាប់លោក Arash Azizi អ៉ីរ៉ង់ពិតជាកំពុងបាត់បង់ឥទ្ធិពលខ្លះលើច្រកសមុទ្រ Hormuz ខណៈសហរដ្ឋអាមេរិក បានបញ្ចេញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីសម្រេចឱ្យបាននូវអ្វីដែលកម្លាំងយោធាមិនអាចសម្រេចបាន។ «តុល្យភាពអំណាចពិតជាផ្អៀងចេញពី អ៉ីរ៉ង់បន្តិច»។ នេះជាការយល់ឃើញរបស់លោក Azizi ជាអ្នកជំនាញម្នាក់ស្ដីពីអ៉ីរ៉ង់។ លោកបន្ថែមថាអ៉ីរ៉ង់កំពុងបាត់បង់ឥទ្ធិពលខ្លះលើ ច្រកសមុទ្រ Hormuz ក៏ព្រោះតែតេហេរ៉ង់មិនអាចបិទច្រកសមុទ្របានទាំងស្រុងឡើយ ហើយការបិទខ្ទប់របស់យោធាអាមេរិកលើកំពង់ផែអ៉ីរ៉ង់ ពិតជាកំពុងបង្កការខាតបង់ដល់អ៉ីរ៉ង់។

តាមអ្នកជំនាញរូបនេះ តេហេរ៉ង់រំពឹងថាការរំខាននៅក្នុងតំបន់ច្រកសមុទ្រ Hormuz នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរធ្ងន់ធ្ងរ ដែលអាចបង្ខំឱ្យសហរដ្ឋអាមេរិកត្រឡប់ទៅរកតុចរចា។ តែរឿងបែបនេះមិនបានកើតឡើងទេ ក្នុងបរិបទដែលប្រទេសផ្សេងទៀតបានរៀនសម្របខ្លួន ហើយនេះបង្ហាញថាសមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការបង្កការខូចខាតដល់សេដ្ឋកិច្ចក្នុងតំបន់ និងក្រៅតំបន់នៅមានកម្រិត៕

-Fresh News-

អត្ថបទទាក់ទង