Grand News Asia Close

វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1010
វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ? វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?

(កៀវ)៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនបានសម្លាប់មនុស្សរាប់សែននាក់។ ព្រមពេលជាមួយគ្នា សង្រ្គាមនេះក៏បានក្លាយជាទីលានសាកល្បងប្រព័ន្ធអាវុធទំនើបៗ និងបង្កើតជាសំណួរដ៏ពិបាកមួយថាតើបក្សសម្ព័ន្ធយោធា NATO ត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់សង្រ្គាមណាមួយនៅថ្ងៃអនាគត? ក្រុមមន្ត្រីអ៊ុយក្រែន និងក្រុមមន្ត្រីយោធាលោកខាងលិច ៥នាក់បានប្រាប់ Reuters ថាស្ថានការណ៍នៅលើសមរភូមិសង្គ្រាមអ៊ុយក្រែនបានវិវត្តយ៉ាងលឿនរហ័សរហូតដល់ចំណុចខ្លះវាបានបង្ហាញថាអាវុធ និងយុទ្ធសាស្ត្រមួយចំនួនរបស់ NATO ចាស់គំរិលហួសម័យ។ បើតាមក្រុមមន្ត្រីទាំងនេះ ខណៈអ៊ុយក្រែនអាចសម្របខ្លួនដោយប្រើពេលត្រឹមប៉ុន្មានសប្ដាហ៍ NATO វិញអាចត្រូវការពេលច្រើនឆ្នាំ ឬដល់រាប់ទសវត្សរ៍ដើម្បីទិញ និងអភិវឌ្ឍប្រព័ន្ធអាវុធ។

សង្រ្គាមអ៊ុយក្រែ​​ន និងនយោបាយ America First របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យបណ្ដាសមាជិក NATO ជាច្រើនព្យាយាមយ៉ាងខ្លាំងក្នុងការបង្កើនកញ្ចប់ថវិកាយោធា។ បច្ចុប្បន្ន មន្ទីរបញ្ចកោណកំពុងត្រួតពិនិត្យឡើងវិញពីវត្តមានយោធារបស់ខ្លួននៅលើទឹកដីនៃបណ្ដាប្រទេសអឺរ៉ុបជាច្រើនដែលលោក ត្រាំបានចោទប្រកាន់ថាបានស៊ីពែពីការការពាររបស់សហរដ្ឋអាមេរិក តែបែរជាប្រកែកមិនព្រមជួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។

លោក Denys Shtilerman ជាសហម្ចាស់កម្មសិទ្ធិ និងជានាយករចនាម៉ូតនៃក្រុមហ៊ុន Fire Point ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់អ៊ុយក្រែនខាងផលិតមីស៊ីល និងដ្រូន បានប្រាប់ Reuters ថារថក្រោះឥលូវបានក្លាយទៅជាអាវុធចាស់គំរិលទៅហើយ ក៏ព្រោះតែដ្រូនមួយគ្រឿងមានតម្លៃត្រឹមតែ ៥០០០ដុល្លារ គឺអាចកម្ទេចរថក្រោះមួយគ្រឿង។ ក៏ប៉ុន្តែអឺរ៉ុបនៅតែបន្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់លើ ការផលិត និងអភិវឌ្ឍរថក្រោះដែលក្រុមអ្នកវិភាគយោធាជាច្រើននិយាយថានៅតែជាអាវុធមានតួនាទីសំខាន់នៅក្នុងសមរភូមិនៅពេលអនាគត។ ដ្រូនមានតម្លៃថោកបានផ្លាស់ប្ដូរសង្រ្គាមនៅក្រោមទិដ្ឋភាពជាច្រើនផ្សេងទៀត។ តួយ៉ាង កងទ័ពប្រមូលផ្ដុំគ្នា ឬក្បួនយានយន្តយោធាទ្រង់ទ្រាយធំមួយគឺងាយស្រួលក្លាយជាគោលដៅរបស់ដ្រូន។ «ពួកគេ (ទាហាន NATO ដែលទាហានអ៊ុយក្រែនបានហ្វឹកហាត់ជាមួយ) មានសមត្ថភាពវាយលុកដណ្ដើមកាន់កាប់ទីតាំង។ ក៏ប៉ុន្តែប្រសិនបើមានដ្រូនមួយគ្រឿងហោះពីលើក្បាលអ្នក ហើយអ្នកមិនមានពេលគ្រប់គ្រាន់ ឬមិនអាចសូម្បីតែងើយមើលខាងលើ តើអ្នកគិតថានឹងមានអ្វីកើតឡើងចំពោះក្រុមទាហានរបស់អ្នក»? នេះជាការលើកឡើងរបស់លោក Oleksandr Pivnenko ជាមេបញ្ជាការនៃកងឆ្មាំជាតិអ៊ុយក្រែន។

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាអ៊ុយក្រែនឥលូវមិនមែនត្រឹមតែទទួលបានជំនួយ និងការបណ្ដុះបណ្ដាលពី NATO ប៉ុណ្ណោះទេ តែអ៊ុយក្រែនមានតួនាទីកាន់តែសំខាន់ក្នុងការបង្រៀន NATO នូវមេរៀនដែលទាហានអ៊ុយក្រែនបានរៀនសូត្រពីសង្រ្គាមជាមួយរុស្ស៉ី។ ប៉ុន្តែក្រុមមន្ត្រីអ៊ុយក្រែនក៏បានអះអាងដែរថាប្រព័ន្ធការិយាល័យធិបតេយ្យយោធារបស់ NATO​ ពិបាកនឹងរៀនសូត្រ និងបញ្ចូលមេរៀនទាំងនោះទៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។ ជាឧទាហរណ៍៖ មន្ត្រីអ៊ុយក្រែនម្នាក់ដែលបានចូលរួមក្នុងការបណ្ដុះបណ្ដាលយុទ្ធសាស្ត្ររបស់ NATO នៅក្នុងប្រទេសរូម៉ានីបានប្រាប់ Reuters​ ថាសម្ភារៈបណ្ដុះបណ្ដាលមួយរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចនៅតែពឹងផ្អែកលើករណីសិក្សា ឬមេរៀនពីសង្រ្គាមលោកលើកទី២។

សង្រ្គាមអ៊ុយក្រែនបានបង្ហាញពីភាពងាយរងគ្រោះមួយដែលក្រុមមន្ត្រី NATO បាននិយាយថាមកទល់នឹងពេលនេះនៅតែពិបាកដោះស្រាយ នោះគឺប្រព័ន្ធការពារដែនអាកាស។ ការវាយប្រហារឥតឈប់ឈរតាមផ្លូវអាកាសរបស់រុស្ស៉ីប្រឆាំងនឹងបណ្ដាក្រុងអ៊ុយក្រែនបានគូសបញ្ជាក់ពីការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុបទៅលើប្រព័ន្ធការពារដែនអាកាសទំនើបៗរបស់សហរដ្ឋអាមេរិកដូចជា Patriot ដែលត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងសង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ១៩៩១។ អ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធ Patriot ដែលមានសមត្ថភាពទប់ទល់នឹងមីស៊ីលបាលិស្ទីគរបស់រុស្ស៉ី។

ដោយសារភ័យខ្លាចថាការពឹងផ្អែកលើប្រព័ន្ធ Patriot អាចនឹងក្លាយជាកំហុសយុទ្ធសាស្ត្រមួយ អឺរ៉ុបកំពុងព្យាយាមផលិតប្រព័ន្ធការពារដែនអាកាសផ្ទាល់ខ្លួន ដើម្បីជាជម្រើសបន្ថែមពីលើ Patriot។ អ៊ុយក្រែនកំពុងរង់ចាំការប្រគល់ប្រព័ន្ធការពារដែនអាកាស SAMP/T-NG ផលិតរួមគ្នាដោយបារាំង និងអ៉ីតាលីដែលត្រូវបានផលិតឡើងដើម្បីស្ទាក់បាញ់កម្ទេចមីស៊ីលបាលិស្ទីគ។ បារាំងបានសន្យាថានឹងពន្លឿនការបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះទៅឱ្យអ៊ុយក្រែន ខណៈក្រុមមន្ត្រីការទូតអឺរ៉ុបធ្លាប់បានប្រាប់ Reuters ថាការប្រគល់អាចនឹងធ្វើឡើងនៅនិទាឃរដូវឆ្នាំក្រោយ។

គួរបញ្ជាក់ថា ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថាទាហានអ៊ុយក្រែន និង NATO មានមេរៀនជាច្រើនដែលអាចរៀនសូត្រពីគ្នាទៅវិញទៅមក ជាមួយការកោតសរសើរពីការប្រើប្រាស់ដ្រូន និងសង្រ្គាមអេឡិចត្រូនិករបស់អ៊ុយក្រែនថាជាសមត្ថភាពគ្មានគូប្រៀប ព្រមទាំងសរសើរដល់កិច្ចប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជួយទីក្រុងកៀវ ទប់ទល់នឹងការវាយប្រហារដោយដ្រូន និងមីស៊ីលពីរុស្ស៉ី។ កាលពីខែកក្កដា អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបចំនួន ៩ បានសម្ពោធក្រុមចម្រុះការពារដែនអាកាសមួយដែលក្នុងនោះរួមមានបញ្ចូលទាំងការអភិវឌ្ឍរួមគ្នានូវប្រព័ន្ធខែលប្រឆាំងមីស៊ីលបាលិស្ទីគថ្មីមួយ។ ប្រព័ន្ធនេះមានឈ្មោះថា Freyja និងជាគម្រោងមួយមានការចូលរួមពីក្រុមហ៊ុនរាប់សិបនៅក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ​Fire Point។

គោលដៅនៅក្រោមគម្រោងនេះដែរនោះគឺផលិតប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃថោក និងអាចផលិតបានលឿនរហ័សជាងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ជាមួយការធានាថាអឺរ៉ុបជាអ្នកគ្រប់គ្រងការផលិតប្រព័ន្ធការពារដែនអាកាស មិនមែនសហរដ្ឋអាមេរិកនោះទេ។ លោក Shtilerman បាននិយាយថា «ប្រសិនបើអ្នកចំណាយលុយដល់ទៅ ២០ពាន់លានដុល្លារលើការផលិតប្រព័ន្ធការពារដែនអាកាស នោះអ្នកក៏ត្រូវតែមានផងដែរនូវឯករាជ្យភាពនៅក្នុងសន្តិសុខរបស់អ្នក»៕

-Fresh News-

អត្ថបទទាក់ទង