Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋប្រហារ ២លើក មិនអាចកម្ចាត់ឥទ្ធិពលគ្រួសារស៊ីណាវ៉ាត់ ពីនយោបាយថៃ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 253
វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋប្រហារ ២លើក មិនអាចកម្ចាត់ឥទ្ធិពលគ្រួសារស៊ីណាវ៉ាត់ ពីនយោបាយថៃ? វិភាគអន្តរជាតិ៖ ហេតុអ្វីរដ្ឋប្រហារ ២លើក មិនអាចកម្ចាត់ឥទ្ធិពលគ្រួសារស៊ីណាវ៉ាត់ ពីនយោបាយថៃ?

(វ៉ាស៊ីនតោន)៖ មហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងគ្រួសាររបស់លោកនៅតែរក្សាឥទ្ធិពលក្នុងការបោះឆ្នោតសកលនៃប្រទេសថៃ​អស់រយៈពេលច្រើន ២ទសវត្សរ៍មកហើយ។ ក្រុមអ្នកអភិរក្សនិយមមានភក្ដីភាពចំពោះរាជវង្សថៃដែលរួមមានទាំងក្រុមឧត្តមសេនីយ៍ ចៅក្រម និងមន្ត្រីស៊ីវិលជាន់ខ្ពស់ ចាត់ទុកថាគ្រួសារត្រកូលស៊ីណាវ៉ាត់ គឺជាការគំរាមកំហែងមួយដ៏ធំដល់អំណាចនយោបាយរបស់ពួកគេ និងបានដឹកនាំការធ្វើរដ្ឋប្រហារយោធាចំនួន២លើក ដើម្បីទម្លាក់ នាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត់ ២រូប ចេញពីអំណាច ហើយប្រើប្រាស់គ្រប់មធ្យោបាយកម្ចាត់ឥទ្ធិពលគ្រួសារស៊ីណាវ៉ាត់ពីនយោបាយថៃ។

ប៉ុន្តែ ការប្រកួតប្រជែងដ៏ស្រួចស្រាល់បានត្រឡប់មកវិញ បន្ទាប់ពីគណបក្សប្រឆាំងក្នុងនោះរួមមានទាំងគណបក្សភឿថៃ ដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ ខណៈគណបក្សភឿថៃ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះ លោក ថាក់ស៊ីន កំពុងត្រៀម លក្ខណៈត្រឡប់ចូលស្រុកថៃ ក្រោយរស់នៅនិរទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង១៥ឆ្នាំមកនេះ។

* ស៊ីណាវ៉ាត់ជានរណា?

មានឈាមជ័រជាជនអន្តោប្រវេសន៍ ដែលបានរៀបការជាមួយស្ត្រីជនជាតិថៃម្នាក់ នៅចុងស.វទី១៩ ស៊ីណាវ៉ាត់គឺជាគ្រួសារអ្នកនយោបាយដ៏លេចធ្លោរបំផុតមួយ នៅក្នុង ប្រទេសថៃ ដែលមានសមាជិកគ្រួសាររបស់ខ្លួន ២រូបធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិផ្សេងគ្នាក្នុងរយៈពេល ២២ឆ្នាំចុងក្រោយនេះ។ លោក ថាក់ស៊ីន មាន អាយុ ៧៤ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីថៃជាលើកដំបូងក្នុងឆ្នាំ២០០១។ ជ័យជម្នះភ្លូកទឹកភ្លូកដីនៃគណបក្ស Thai Rak Thai Party របស់លោកនៅក្នុងការបោះឆ្នោត ឆ្នាំ២០០៥ បានជួយឱ្យលោកអាចកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី២។ ប៉ុន្តែមួយឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៦ អាណត្តិទី២នេះត្រូវបានបិទបញ្ចប់ភ្លាមៗ នៅក្នុងការធ្វើរដ្ឋប្រហារយោធា។ លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ ដើម្បីគេចពីការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដែលលោកចាត់ទុក ថា «មានចេតនានយោបាយ»។

ប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី យ៉ីងឡាក់ (Yingluck) បានប្រឈមមុខនឹងជោគវាសនាដូចគ្នា ក្រោយគណបក្សភឿថៃរបស់លោកស្រី ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១១ ដែលធ្វើឱ្យលោកស្រីកា្លយជានាយករដ្ឋមន្ត្រីជាស្រ្តីដំបូងគេបំផុតរបស់ថៃ។ លោកស្រី យ៉ីងឡាក់ ត្រូវបានបណ្ដេញចេញ ពីតំណែងដោយសាលក្រមក្នុងឆ្នាំ២០១៤ និងប៉ុន្មានសប្ដាហ៍ក្រោយមក រដ្ឋាភិបាលរបស់លោកស្រីត្រូវបានផ្ដួលរំលំដោយការធ្វើរដ្ឋប្រហារយោធា។ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ទើបក្មួយស្រីពៅរបស់លោកស្រី យ៉ីងឡាក់ និងត្រូវជាកូនស្រីពៅលោក ថាក់ស៊ីន គឺអ្នកនាង ផែថងថា ចូលរួមប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ថៃ។ គណបក្សភឿថៃរបស់អ្នកនាង ផែថងថាន ទទួលបានអាសនៈក្នុងរដ្ឋសភាច្រើនលំដាប់ទី២ បន្ទាប់ពីគណបក្ស Move Forward។

* តើគ្រួសារស៊ីណាវ៉ាត់ បង្កើតទ្រព្យយ៉ាងដូចម្ដេច?

លោក ថាក់ស៊ីន តែងតែចាត់ទុកខ្លួនឯងជាមហាសេដ្ឋីម្នាក់ដែលរកស៊ីមានបានដោយការប្រឹងប្រែងខ្លួនឯងពីបាតដៃទទេ និងមានដើមកំណើតមកពីទីជនបទ។ ប៉ុន្តែ គ្រួសារ របស់លោកក្លាយជាអ្នកមានរួចបាត់ទៅហើយ នៅពេលដែលលោកធំដឹងក្ដី។ ប្រភពទ្រព្យសម្បត្តិរបស់គ្រួសារស៊ីណាវ៉ាត់ គឺកើតចេញពីសិប្បកម្មសូត្របន្សល់ទុកពីដូនតា របស់លោក ថាក់ស៊ីន មានមូលដ្ឋានក្នុងតំបន់ភាគខាងជើងប្រទេសថៃ នៅដើមស.វទី២០។ លោក ថាក់ស៊ីន បានចាប់ផ្ដើមរកស៊ីលើការលក់សូត្រ បើករោងកុន អចលនទ្រព្យ និងហាងកុំព្យូទ័រ ដោយទទួលបានជោគជ័យបន្តិចបន្តួចប៉ុណ្ណោះ មុននឹងរកស៊ីមានបានខាងបច្ចេកវិទ្យា នៅទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០។

នៅពេលនោះ ដោយមានទំនាក់ទំនងនយោបាយល្អ អាជីវកម្មកុំព្យូទ័ររបស់លោក ថាក់ស៊ីន ទទួលបានកិច្ចព្រមព្រៀងជាច្រើនពីរដ្ឋាភិបាល ដើម្បីធ្វើប្រតិបត្តិការលើសេវា ទូរស័ព្ទដៃចល័ត ទូរទស្សន៍ខែ្សកាប បណ្ដាញទិន្នន័យ កាតទូរស័ព្ទ និងផ្កាយរណប។ ជោគជ័យធំៗក្នុងមុខជំនួញរបស់លោក ថាក់ស៊ីន ក្នុងនោះរួមមានក្រុមហ៊ុន Shin Corporation​ ដែលបច្ចុប្បន្នមានឈ្មោះថា Intouch Holdings គឺជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទដៃចល័ត Thai mobile operator Advanced Info Service និងក្រុមហ៊ុនផ្កាយរណប Shin Satellite (បច្ចុប្បន្នមានឈ្មោះថា Thaicom)។ Shin Corp ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនរដ្ឋសិង្ហបុរី Temasek Holdings Pte ក្នុងឆ្នាំ២០០៦។ សព្វថ្ងៃ សមាជិកគ្រួសារស៊ីណាវ៉ាត់ ក្នុងនោះរួមមានអតីតភរិយាលោក ថាក់ស៊ីន និងកូន ៣នាក់គឺលោក ផែថងថេ (Panthongtae) អ្នកនាង ភីងថុងថា (Pintongta) និងអ្នកនាង ផែថងថាន (Paetongtarn) កំពុងកាន់កាប់ភាគហ៊ុនភាគច្រើនក្នុងក្រុមហ៊ុនជាច្រើនរាប់ចាប់ពីអចលនាទ្រព្យ ការថែទាំសុខភាព និងសណ្ឋាគារ។ ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនេះត្រូវបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនថៃ (Thai stock exchange) ដូចជាក្រុមហ៊ុនអចលនទ្រព្យ SC Asset ដែលគ្រប់គ្រងដោយកូនប្រសារលោក ថាក់ស៊ីន គឺលោក Nuttaphong Kunakornwong។

* ហេតុអ្វីក្រុមអ្នកភិរក្សនិយមថៃមិនចូលចិត្តគ្រួសារស៊ីណាវ៉ាត់?

ឥទ្ធិពលក្នុងការបោះឆ្នោត និងអំណាចហិរញ្ញវត្ថុរបស់គ្រួសារស៊ីណាវ៉ាត់ បានធ្វើឱ្យពួកគេក្លាយជាគូប្រជែងដ៏មានសក្តានុពលរបស់ក្រុមអ្នកភិរក្សនិយមដែលគ្រប់គ្រង ស្ថានប័នរដ្ឋធំៗរបស់ថៃ គិតចាប់តាំងពីសម័យកាលរាជនិយមផ្ដាច់ការបិទបញ្ចប់ក្នុងឆ្នាំ១៩៣២មក។ ខណៈអ្នកមាន អ្នកទទួលបានការអប់រំខ្ពស់ និងអ្នករស់នៅតាម ទីក្រុងចោទប្រកាន់លោក ថាក់ស៊ីន ថាធ្វើនយោបាយប្រជាភិថុត និងពុករលួយ លោក ថាក់ស៊ីនទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនក្រីក្រ និងអ្នកមាន ជីវភាពមធ្យម ដែលរស់នៅក្នុងតំបន់ភាគខាងជើង និងភាគឦសាននៃប្រទេស និងដែលទទួលបានផលប្រយោជន៍ពីនយោបាយសេដ្ឋកិច្ច «Thaksinomics»។ ការគាំទ្រ សម្រាប់លោក ថាក់ស៊ីន ដ៏សម្បើមបែបនេះឯងត្រូវបានក្រុមអ្នកអភិរក្សនិយម ជាពិសេសរាជវង្សថៃ ចាត់ទុកថាជាការគំរាមកំហែងមួយដល់អំណាចនយោបាយ របស់ពួកគេ។

* ហេតុអ្វីគ្រួសារស៊ីណាវ៉ាត់ នៅតែមានប្រជាប្រិយភាព?

អំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ានឆ្នាំ១៩៩៧ លោក ថាក់ស៊ីន បានចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិធានការជំរុញកំណើនសេដ្ឋកិច្ច ដូចជាការបន្ធូរបន្ថយបំណុល សម្រាប់កសិករ គម្រោងបន្ទាបតម្លៃទិញ ឬជួលផ្ទះ និងការផ្ដល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម។ អ្វីដែលធ្វើឱ្យលោក ថាក់ស៊ីនកាន់តែមានប្រជាប្រិយភាពទៅទៀត នោះគឺ «គោលនយោបាយសុខាភិបាល» ក្នុងឆ្នាំ២០០២ ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាជនក្រីក្រអាចទទួលបានសេវាព្យាបាល និងថែទាំសុខភាព ហើយ វាផ្ដល់ផលប្រយោជន៍ដល់ប្រជាជនថៃរាប់លាននាក់ ក្នុងពេល ២ទសវត្សរ៍ក្រោយមក។ នៅក្រោមគោលនយោបាយសុខាភិបាលនេះ «កាតមាស ឬ gold card» ត្រូវបាន កាន់កាប់ដោយប្រជាជនថៃ ៤៧លាននាក់ ឬស្មើនឹង៧០ភាគរយនៃប្រជាជនសរុប។ គោលនយោបាយនេះបានទាក់ទាញការគាំទ្រពីប្រជាជនក្រីក្រ និងប្រជាជនមាន ជីវភាពមធ្យម ដែលតែងតែបោះឆ្នោតគាំទ្រដល់គណបក្សមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល៤លើក ជាប់ៗគ្នា ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩។

ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន បានបង្កើតចលនាគាំទ្រប្រជាធិបតេយ្យមួយដែលគេស្គាល់ថា «ក្រុមអាវក្រហម» ក្នុងឆ្នាំ២០០៧ ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការទម្លាក់ រូបលោកពីអំណាច ហើយក៏តែងតែប៉ះទង្គិចគ្នាជាញឹកញាប់ផងដែរជាមួយក្រុមអ្នកមានភក្ដីភាពនឹងរាជវង្សថៃ ឬ «ក្រុមអាវលឿង» ដែលព្យាយាមកម្ចាត់ឥទ្ធិពលគ្រួសារ ស៊ីណាវ៉ាត់ពីនយោបាយថៃ។

គួរបញ្ជាក់ថា កូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) កាលពីថ្ងៃសៅរ៍កន្លងទៅនេះបានអះអាងថា ឪពុកខ្លួនគ្រោង វិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃអង្គារ ទី២២ ខែសីហា ពោលគឺចំថ្ងៃដែលសភាថៃនឹងបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ លោក ថាក់ស៊ីន ប្រឈមមុខ នឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ១០ឆ្នាំ ប្រសិនបើលោកត្រឡប់ចូលប្រទេសថៃវិញ។ ចំណែក លោកស្រី យ៉ីងឡាក់វិញ បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០១៧ ហើយក្រោយមក តុលាការថៃបានផ្តន្ទាទោសកំបាំងមុខឱ្យលោកស្រីដាក់ពន្ធនាគារ ៥ឆ្នាំ ពីបទធ្វេសប្រហែសពាក់ព័ន្ធនឹងកម្មវិធីទិញស្រូវក្នុងតម្លៃថ្លៃពីកសិករ ដែលធ្វើត្រូវ បានអះអាងថាធ្វើឱ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លាររបស់រដ្ឋ៕

អត្ថបទទាក់ទង