Grand News Asia Close

ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើមានភស្តុតាងអ្វីខ្លះដែលបង្ហាញថា ថៃបានរំលោភបំពានលើអធិបតេយ្យភាពរបស់កម្ពុជា និង MOU ឆ្នាំ២០០០?

ចម្លើយ៖ លោក Prapas Sornjaidee ប្រធានមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) បានលើកឡើងថា ការប្រើប្រាស់ផែនទីតែម្ខាង ដូចជាផែនទីមាត្រដ្ឋាន ១/៥០,០០០ របស់ភាគីថៃដោយឯកតោភាគី មិនអាចយកមកធ្វើជាមូលដ្ឋានដើម្បីវាតទីទឹកដីបាននោះទេ។ ដូច្នេះ សកម្មភាពឯកតោភាគីរបស់ថៃ ដូចជា ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស និងការពុះបែងចែកដីឱ្យប្រជាពលរដ្ឋរបស់ខ្លួន នៅតំបន់ដែលមិនទាន់ត្រូវបានដោះស្រាយជាស្ថាពរតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាសកម្មភាពដែលរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តោតលើការរក្សាស្ថានភាពដើមនៅក្នុងតំបន់ដែលមិនទាន់បានឯកភាពគ្នា។ ភាពជាប់គាំងនៃកិច្ចប្រជុំ JBC មកទល់ពេលបច្ចុប្បន្ននេះ គឺដោយសារភាគីថៃមិនព្រមចូលរួមសហការ និងបានលើកហេតុផលផ្សេងៗជាលេសដើម្បីពន្យារពេលជាបន្តបន្ទាប់ បើទោះបីជាកម្ពុជាបានស្នើសុំឱ្យមានកិច្ចប្រជុំជាច្រើនដងក៏ដោយ។ ការរកលេសពន្យារពេលកិច្ចប្រជុំជាបន្តបន្ទាប់ក៏ជាភស្តុតាងមួយទៀតដែលបញ្ជាក់ថា ភាគីថៃកំពុងរំលោភបំពាន​លើបូរណភាពទឹកដីកម្ពុជាដែរពីព្រោះបើភាគីថៃពិតជាអះអាងថា មិនបានរំលោភបំពានទេ ហេតុអ្វីមិនហ៊ានបង្ហាញភាពស្អាតស្អំ​តាមរយៈគណៈកម្មការ JBC?

សំណួរទី២៖ តើការវាយប្រហាររបស់ថៃក្នុងការប៉ះទង្គិចប្រដាប់អាវុធទាំងពីរលើក បានបង្កផលប៉ះពាល់ដូចម្តេចខ្លះដល់ជនស៊ីវិលកម្ពុជា?

ចម្លើយ៖ ការប៉ះទង្គិចប្រដាប់អាវុធបានបង្កផលប៉ះពាល់ដោយផ្ទាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា។ ក្នុងអំឡុងពេលប៉ះទង្គិច កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា ដែលបង្កឱ្យខូចខាតដល់ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទីតាំងស៊ីវិលផ្សេងៗ ដែលទីតាំងទាំងនេះមិនមែនជាគោលដៅយោធានោះទេ និងផ្ទុយពីការអះអាងរបស់ថៃដែលថា «ខ្លួនវាយប្រហារតែលើគោលដៅយោធា»។
ដូច្នេះ ការដែលកម្ពុជាលើកឡើងពីផលប៉ះពាល់ទាំងនេះ មិនមែនជាការយកទុក្ខលំបាករបស់ប្រជាពលរដ្ឋមកធ្វើជាសង្គ្រាមព័ត៌មានទេ ប៉ុន្តែវាជាតថភាពដែលបានកើតឡើងពិតប្រាកដចំពោះជនស៊ីវិល និងគួរត្រូវបានពិនិត្យដោយផ្អែកលើអង្គហេតុ ភស្តុតាង ច្បាប់អន្តរជាតិ និងគោលការណ៍ការពារជនស៊ីវិលក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ដូច្នេះ បញ្ហាទាំងអស់នេះគួរតែត្រូវបានលើកឡើងជានិច្ចកាល​ដើម្បីស្វែងរកដំណោះស្រាយ​។ កម្ពុជាមិនអាចនៅស្ងៀមចំពោះមុខការរំលោភបំពាន​ជាក់ស្តែងបែបនេះជាដាច់ខាត៕

អត្ថបទទាក់ទង