Grand News Asia Close

វិមានឥតស្រមោល៖ តើជំនាន់យើងនឹងបន្សល់ទុកអ្វីសម្រាប់កម្ពុជា?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1017
វិមានឥតស្រមោល៖ តើជំនាន់យើងនឹងបន្សល់ទុកអ្វីសម្រាប់កម្ពុជា? របាំអប្សរា ដែលសម្ដែងក្នុងពិធីសម្ពោធវិមានសាមគ្គីភាព នៅថ្ងៃទី២១ សីហា ២០២៦។ STPM

នៅប្រទេសកម្ពុជា អ្នកជំនាន់មុនបានបន្សល់ទុកនូវសំណង់ និងនិមិត្តសញ្ញាសំខាន់ៗដែលឆ្លុះ​បញ្ចាំងពីបញ្ហា និងជ័យជម្នះធំៗនៃសម័យរបស់ពួកគាត់។ វិមានឯករាជ្យតំណាងឱ្យការទទួលបាន​ឯករាជ្យ និង អធិបតេយ្យភាពជាតិ ខណៈវិមានសាមគ្គីភាព វិមានសន្តិភាព និងវិមានឈ្នះ-ឈ្នះ ឆ្លុះបញ្ចាំងពីដំណើរឆ្លងកាត់សង្គ្រាម ការបែកបាក់ ការបង្រួបបង្រួម និងការស្វែងរកសន្តិភាព​របស់កម្ពុជា។

សំណង់ទាំងនេះមិនមែនគ្រាន់តែជាសំណង់រូបវន្តទេ។ វាជាសាក្សីនៃប្រវត្តិសាស្ត្រ និងជានិមិត្ត​សញ្ញានៃអ្វីដែលជំនាន់នីមួយៗបានព្យាយាមដោះស្រាយសម្រាប់ប្រទេសជាតិ។ សម្រាប់អ្នក​ជំនាន់មុន «ឯករាជ្យ សន្តិភាព សាមគ្គីភាព និងការបញ្ចប់ជម្លោះ» គឺជាតម្លៃស្នូលដែលឆ្លើយតប​នឹងបញ្ហានៃសម័យរបស់ពួកគាត់។

ប៉ុន្តែសំណួរដែលយុវជន និងអ្នកដឹកនាំជំនាន់បច្ចុប្បន្នគួរសួរខ្លួនឯងគឺ៖ នៅរយៈពេល ៣០ ឬ ៥០ ឆ្នាំខាងមុខ តើកូនចៅយើងនឹងនិយាយថា ជំនាន់នេះបានកសាងអ្វីទុកឱ្យពួកគេ?

បញ្ហារបស់ជំនាន់យើងមិនដូចបញ្ហារបស់ជំនាន់មុនទៀតទេ។ បើជំនាន់មុនត្រូវប្រយុទ្ធដើម្បី​បញ្ចប់សង្គ្រាម ជំនាន់យើងត្រូវប្រឹងប្រែងធ្វើឱ្យសន្តិភាពមានគុណភាព។ បើជំនាន់មុនត្រូវបង្រួប​បង្រួមទឹកដី ជំនាន់យើងត្រូវពង្រឹងស្ថាប័នជាតិ។ បើជំនាន់មុនត្រូវស្ដារប្រទេសពីគំនរផេះផង់ ជំនាន់យើងត្រូវលើកកម្ពស់ប្រទេសពីសេដ្ឋកិច្ចពឹងលើកម្លាំងពលកម្មថ្លៃទាប ទៅរកសេដ្ឋកិច្ចផ្អែក​លើជំនាញ បច្ចេកវិទ្យា ផលិតភាព និងការបង្កើតតម្លៃ។

ដូច្នេះ មរតករបស់យើងមិនគួរគ្រាន់តែចម្លងមរតករបស់អ្នកជំនាន់មុនទេ។ យើងត្រូវកសាង​មរតកដែលឆ្លើយតបនឹងបញ្ហារបស់សម័យយើង។ ខ្ញុំគិតថា ជំនាន់បច្ចុប្បន្នគួរតែសាងសង់ «វិមានឥតស្រមោល» វិមានដែលមើលមិនឃើញដោយភ្នែក មិនមានជញ្ជាំង សរស ឬដំបូល ប៉ុន្តែ​អាចមានតម្លៃយូរជាងសំណង់រូបវន្តជាច្រើនជំនាន់។

១. វិមាននៃស្ថាប័នរឹងមាំ

ប្រទេសមួយមិនគួររឹងមាំដោយសារមានបុគ្គលខ្លាំងម្នាក់ ឬមួយជំនាន់ទេ។ ប្រទេសគួររឹងមាំ​ដោយសារមានប្រព័ន្ធល្អ ស្ថាប័នរឹងមាំ និងច្បាប់ដែលអាចបន្តដំណើរបាន ទោះបីបុគ្គលផ្លាស់ប្ដូរក៏​ដោយ។ ការដឹកនាំល្អ អាចនាំប្រទេសឆ្ពោះទៅមុខមួយរយៈ ប៉ុន្តែស្ថាប័នល្អអាចធានាឱ្យប្រទេស​បន្តទៅមុខពីជំនាន់មួយទៅជំនាន់មួយ។

២. វិមាននៃនីតិរដ្ឋ និងយុត្តិធម៌សង្គម

ច្បាប់មិនគួរមានអត្ថន័យត្រឹមតែពេលវាសរសេរនៅក្នុងសៀវភៅទេ។ វាត្រូវមានអត្ថន័យនៅ​ពេលប្រជាពលរដ្ឋធម្មតាអាចពឹងផ្អែកលើវាបាន។ សង្គមមាននីតិរដ្ឋពិតប្រាកដ នៅពេលអ្នក​ខ្សោយអាចប្រើច្បាប់ការពារខ្លួនពីអ្នកខ្លាំង ហើយមនុស្សមិនត្រូវបានវាស់តម្លៃតាមទ្រព្យសម្បត្តិ ខ្សែស្រឡាយ ឋានៈ ឬទំនាក់ទំនង។

ច្បាប់ដែលខ្លាំងតែចំពោះអ្នកទន់ខ្សោយ ប៉ុន្តែទន់ខ្សោយចំពោះអ្នកមានអំណាច មិនមែនជានីតិរដ្ឋទេ។

មរតកដ៏មានតម្លៃមួយដែលយើងអាចបន្សល់ទុក គឺសង្គមមួយដែលកូនចៅយើងមិនចាំបាច់​ស្វែងរក «ខ្សែ» ដើម្បីទទួលបានអ្វីដែលជាសិទ្ធិរបស់ពួកគេតាមច្បាប់។

៣. វិមាននៃវប្បធម៌ទទួលខុសត្រូវ

អំណាចកាន់តែធំ ការទទួលខុសត្រូវកាន់តែធំ។ តួនាទីកាន់តែខ្ពស់ ការទាមទារឱ្យឆ្លើយតប​ចំពោះលទ្ធផលក៏គួរកាន់តែខ្ពស់។

កំហុសមិនមែនជារឿងគួរឱ្យខ្លាចបំផុតទេ។ អ្វីដែលគួរឱ្យខ្លាចគឺប្រព័ន្ធដែលគ្មាននរណាម្នាក់​ទទួលខុសត្រូវចំពោះកំហុស។ បើមន្ត្រី អ្នកដឹកនាំ អាជីវករ អ្នកជំនាញ និងប្រជាពលរដ្ឋ​ទាំងអស់ស្គាល់ព្រំដែននៃសិទ្ធិ និងទំនួលខុសត្រូវរបស់ខ្លួន នោះជាការកែប្រែសង្គមដ៏ជ្រៅមួយ។

៤. វិមាននៃធនធានមនុស្ស និងចំណេះដឹង

ប្រទេសមួយអាចមានអគារខ្ពស់ ផ្លូវធំ និងទីក្រុងទំនើប ប៉ុន្តែបើមនុស្សមិនមានសមត្ថភាពគិត បង្កើត និងដោះស្រាយបញ្ហា ការអភិវឌ្ឍនោះនៅតែផុយស្រួយ។ ការអប់រំសម្រាប់ជំនាន់ថ្មី មិនគួរ​ត្រឹមបង្រៀនឱ្យ «ចេះចម្លើយ» ទេ ប៉ុន្តែត្រូវបង្រៀនឱ្យចេះសួរដេញដោល ត្រិះរិះពិចារណាដោយ​ហេតុផល ចេះបង្កើត និងចេះទទួលខុសត្រូវចំពោះគំនិតរបស់ខ្លួន។

ប្រទេសដែលពឹងលើធនធានធម្មជាតិអាចបង្កើតកំណើនបានមួយរយៈ ប៉ុន្តែប្រទេសដែលមាន​ធនធានមនុស្សមានសមត្ថភាព អាចបង្កើតការអភិវឌ្ឍ និងទ្រព្យសម្បត្តិឡើងវិញបានជាបន្តបន្ទាប់។

៥. វិមាននៃសេដ្ឋកិច្ចដែលបង្កើតតម្លៃ

សេដ្ឋកិច្ចកម្ពុជានៅអនាគតមិនអាចពឹងជាចម្បងលើកម្លាំងពលកម្មថ្លៃទាប ដីធ្លី ឬធនធាន ធម្មជាតិបានជារៀងរហូតទេ។ មរតកសេដ្ឋកិច្ចរបស់ជំនាន់នេះគួរជាការផ្លាស់ពី «សេដ្ឋកិច្ចធ្វើតាម» ទៅ «សេដ្ឋកិច្ចចេះបង្កើត» មានមនុស្សជំនាញ ក្រុមហ៊ុនដែលអាចប្រកួតប្រជែង បច្ចេកវិទ្យា ដែលបង្កើនផលិតភាព និង សហគ្រិនដែលហ៊ានបង្កើត។

អនាគតរបស់ប្រទេសមិនគួរត្រូវវាស់តែថា «យើងមានប៉ុន្មាន» ទេ ប៉ុន្តែត្រូវវាស់ថា «យើងអាចបង្កើតអ្វីបានខ្លះ»។

៦. វិមាននៃវប្បម៌គិតប្រយោជន៍រួម

ប្រទេសរីកចម្រើនមិនត្រូវបានកសាងតែដោយរដ្ឋាភិបាលទេ។ វាត្រូវបានកសាងរាល់ថ្ងៃដោយ ទម្លាប់តូចៗរបស់ប្រជាពលរដ្ឋរាប់លាននាក់៖ គោរពច្បាប់ គោរពពេលវេលា មិនបោះសំរាម ផ្ដេសផ្ដាស គោរពទ្រព្យសម្បត្តិសាធារណៈ ស្មោះត្រង់ក្នុងការងារ ចេះឈរចាំតម្រង់ជួរ គោរព សិទ្ធិអ្នកដទៃ និងចេះគិតដល់ប្រយោជន៍រួម។

ដូចគ្នានេះដែរ ការកសាងស្ថាប័នល្អមិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែម្នាក់ឯងទេ ប៉ុន្តែត្រូវការ​ទាំងវិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានអប់រំ គ្រួសារ និងប្រជាពលរដ្ឋម្នាក់ៗ។ វប្បធម៌គិតប្រយោជន៍រួម គឺជាច្បាប់ដែលមនុស្សអនុវត្ត ទោះបីគ្មាននរណាម្នាក់ឈរមើលក៏ដោយ។

តើអ្វីគួរជាស្នូល?

ក្នុងចំណោមវិមានឥតស្រមោលទាំងនេះ បើឱ្យខ្ញុំជ្រើសរើសស្នូលតែមួយ ខ្ញុំនឹងជ្រើស «ស្ថាប័ន​រឹងមាំ និងវប្បធម៌ទទួលខុសត្រូវ»។ ព្រោះការអប់រំល្អ សេដ្ឋកិច្ចរឹងមាំ នីតិរដ្ឋ សេវាសាធារណៈ និង​យុត្តិធម៌សង្គម មិនអាចពឹងតែទៅលើបំណងល្អរបស់មនុស្សមួយចំនួនបានទេ។ វាត្រូវការស្ថាប័ន​ដែលអាចបម្លែងបំណងល្អទៅជាប្រព័ន្ធ និងប្រព័ន្ធដែលអាចបន្តដំណើរបាន ទោះបីអ្នកកាន់​តំណែងផ្លាស់ប្ដូរក៏ដោយ។

ពី «សន្តិភាព» ទៅ «គុណភាពនៃសន្តិភាព»

អ្នកជំនាន់មុនបានប្រឹងប្រែងដើម្បីឱ្យកម្ពុជាមានសន្តិភាព។ ភារកិច្ចរបស់យើងមិនមែនគ្រាន់តែ​រក្សាសន្តិភាពនោះទេ ប៉ុន្តែត្រូវធ្វើឱ្យសន្តិភាពក្លាយជាដីដែលអាចដាំដុះយុត្តិធម៌ ចំណេះដឹង សមត្ថភាព ការច្នៃប្រឌិត ផលិតភាព ឱកាស និងសេចក្ដីថ្លៃថ្នូរ។

សន្តិភាពគឺជាគ្រឹះ មិនមែនជាដំបូលនៃការអភិវឌ្ឍទេ។

ការបញ្ចប់សង្គ្រាមអាចជាជ័យជម្នះរបស់ជំនាន់មួយ។ ប៉ុន្តែការកសាងសង្គមដែលមនុស្សមាន​ឱកាសស្មើៗគ្នា ស្ថាប័នទទួលបានទំនុកចិត្តពីសាធារណជន ច្បាប់មានប្រសិទ្ធភាព និងមនុស្សមាន​ទំនួលខុសត្រូវ អាចជាជ័យជម្នះរបស់ជំនាន់បន្ទាប់។

ដូច្នេះ សំណួរដ៏សំខាន់មិនមែនថា «តើយើងនឹងសង់វិមានអ្វីបន្ទាប់?» ទេ។ សំណួរពិតប្រាកដ​គឺ៖ តើជំនាន់យើងនឹងគ្រាន់តែទទួលផលពីឯករាជ្យ និងសន្តិភាពដែលអ្នកជំនាន់មុនបានបន្សល់​ទុក ឬយើងនឹងប្រើគ្រឹះនោះ ដើម្បីកសាងសង្គមមួយដែលល្អជាងសម្រាប់អ្នកជំនាន់ក្រោយ?

នៅ៣០ ឬ៥០ឆ្នាំខាងមុខ ប្រសិនបើកូនចៅកម្ពុជាអាចនិយាយថា «ជំនាន់នោះបានកសាង​ប្រទេសដែលមានស្ថាប័នរឹងមាំ ច្បាប់មានប្រសិទ្ធភាព មនុស្សមានសមត្ថភាព សង្គមស្អាតស្អំ មានវប្បធម៌ទទួលខុសត្រូវ និងមានយុត្តិធម៌សង្គម» នោះខ្ញុំគិតថា វាអាចជាវិមានដ៏ធំបំផុតដែល​ជំនាន់នេះបន្សល់ទុក។

វិមានមួយដែលមិនមានជញ្ជាំង មិនមានសរស និងមិនមានដំបូល ប៉ុន្តែអាចឈរបានយូរជាង​បេតុង និងមានអាយុកាលក្នុងសង្គមមិនចាញ់ថ្មអង្គរដែលបានឈរជាសាក្សីនៃអរិយធម៌ខ្មែររាប់​សតវត្សរ៍មកហើយ ព្រោះវាត្រូវបានសាងសង់នៅក្នុងស្ថាប័ន វប្បធម៌ និងផ្នត់គំនិតរបស់មនុស្ស។

មរតកដ៏ធំបំផុតរបស់ជំនាន់មួយ មិនមែនជាអ្វីដែលខ្លួនសាងសង់ឱ្យមនុស្សមើលឃើញនោះទេ ប៉ុន្តែជាប្រទេសបែបណាដែលខ្លួនប្រគល់ឱ្យអ្នកជំនាន់ក្រោយរស់នៅ។

លោក​ ទូច រដ្ឋា គឺជា​អ្នក​និពន្ធសៀវភៅ និង​ជា​ទីប្រឹក្សា​អនុប្រធាន​ទី២​នៃ​ព្រឹទ្ធសភា។ មតិដែល​លើក​ឡើង​ជា​មតិរបស់​លោក​ផ្ទាល់។

-Post Khmer-

អត្ថបទទាក់ទង