Grand News Asia Close

វិភាគអន្តរជាតិ៖​ ហេតុអ្វីការកាត់បន្ថយកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប នឹងមិនងាយស្រួល?

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1002
វិភាគអន្តរជាតិ៖​ ហេតុអ្វីការកាត់បន្ថយកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប នឹងមិនងាយស្រួល? វិភាគអន្តរជាតិ៖​ ហេតុអ្វីការកាត់បន្ថយកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប នឹងមិនងាយស្រួល?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានគំរាមថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកដែលកំពុងឈរជើងនៅអាល្លឺម៉ង់ អេស្ប៉ាញ និងអ៉ីតាលីដោយសារតែមេដឹកនាំនៃប្រទេសទាំងនេះបានរិះគន់សង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់។ ជម្លោះពាក្យសម្ដី និងការខឹងសម្បាររបស់លោក ត្រាំ បានកើតឡើងនៅបន្ទាប់ពី អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បាននិយាយថារដ្ឋបាលលោក ដូណាល់ ត្រាំ មិនមានយុទ្ធសាស្ត្រដកខ្លួនចេញពី សង្រ្គាមអ៉ីរ៉ង់នោះទេ ហើយថែមទាំងបានព្រលះទៀតផងថាអ៉ីរ៉ង់បានបំបាក់មុខសហរដ្ឋអាមេរិកនៅតុចរចា។

រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ទើបមន្ទីរបញ្ចកោណបានឱ្យដឹងថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពអាមេរិក ៥០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយការកាត់បន្ថយចំនួនកងទ័ពនេះអាចនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល១២ខែ។ អាល្លឺម៉ង់ អ៉ីតាលី និងអេស្ប៉ាញបូកបញ្ចូលគ្នាមានកងទ័ពអាមេរិក ជិត ៥៣០០០នាក់កំពុងឈរជើងលើទឹកដីរបស់ពួកគេ។

*​ តើសហរដ្ឋអាមេរិកមានកងទ័ពប៉ុន្មានឈរជើងនៅអឺរ៉ុប?
បើតាមទិន្នន័យពីមជ្ឈមណ្ឌល Defense Manpower Data Center (DMDC) នៃមន្ទីរបញ្ចកោណ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៦៨ ០៦៤នាក់កំពុងឈរជើងក្នុងតំបន់អឺរ៉ុប។

* តើកងទ័ពអាមេរិកឈរជើងនៅទីតាំងណាខ្លះក្នុងតំបន់អឺរ៉ុប?
កងទ័ពអាមេរិកឈរជើងនៅតាមមូលដ្ឋានទ័ពអចិន្ត្រៃយ៍ចំនួន៣១ និងទីតាំងយោធា១៩កន្លែងនៅទូទាំងអឺរ៉ុប។ ទីបញ្ជាការអាមេរិកអឺរ៉ុប ឬហៅកាត់ថា USEUCOM ជាអ្នកទទួលខុសត្រូវបញ្ជាប្រតិបត្តិការយោធាអាមេរិកក្នុងតំបន់អឺរ៉ុប ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាជិក NATO។ USEUCOM មានសមាសភាពអង្គភាពយោធា ចំនួន៦ ដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងម៉ារីន កងកម្លាំងប្រតិបត្តិការពិសេស និងកងកម្លាំងអវកាស។

*​ នៅអាល្លឺម៉ង៖ មូលដ្ឋានទ័ពអាមេរិកធំជាងគេបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អឺរ៉ុប នោះគឺមូលដ្ឋានទ័ពអាកាស Ramstein Air Base ស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលកងទ័ពអាមេរិកឈរជើងចាប់តាំងពីឆ្នាំ១៩៥២។ បើតាមទិន្នន័យ DMDC គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាមេរិក ៣៦ ៤៣៦នាក់ កំពុងឈរជើងក្នុងប្រទេសអាល្លឺម៉ង់។

*​ ចក្រភពអង់គ្លេស៖ កងទ័ពអាមេរិកនៅក្នុងចក្រភពអង់គ្លេសមានចំនួន ១០ ១៥៦នាក់ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ នៅតាមមូលដ្ឋានទ័ពចំនួន៣ ហើយកងទ័ពអាមេរិកភាគច្រើន ជាកងទ័ពអាកាស។

* អ៉ីតាលី៖ កងទ័ពអាមេរិកបានឈរជើងក្នុងប្រទេសអ៉ីតាលី ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ដោយបែងជាកងពលដូចជាកងទ័ពជើងគោក ជើងទឹក និងកងទ័ពអាកាស។ ទិន្នន័យពី DMDC បានឱ្យដឹងថាអ៉ីតាលីបានទទួលឱ្យកងទ័ពអាមេរិកឈរជើងចំនួន ១២ ៦៦២នាក់ គិតត្រឹមចុងឆ្នាំ២០២៥ នៅឯតាមមូលដ្ឋានទ័ព ក្នុងទីក្រុង Vicenza, Aviano, Naples និងទីក្រុង Sicily។​

*​ អេស្ប៉ាញ៖ ប្រទេសអឺរ៉ុបមួយនេះបានទទួលឱ្យកងទ័ពជើងទឹក និងអាកាសរបស់សហរដ្ឋអាមេរិកឈរជើងនៅមូលដ្ឋានទ័ពក្បែរច្រកសមុទ្រ Gibraltar។ តាម DMDC គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាមេរិក ៣៨១៤នាក់កំពុងឈរជើងជាអចិន្ត្រៃយ៍នៅអេស្ប៉ាញ។

* ប៉ូឡូញ៖ ប៉ូឡូញបានទទួលឱ្យកងទ័ពអាមេរិក ៣៦៩នាក់ឈរជើងជាអចិន្ត្រៃយ៍ ព្រមទាំង កងទ័ពប្ដូរវេន ១០ ០០០នាក់ត្រូវបានផ្ដល់ហិរញ្ញវត្ថុតាមរយៈគំនិតផ្ដួចផ្ដើម European Deterrence Initiative ជាកម្មវិធីមួយរបស់សហរដ្ឋអាមេរិកមានគោលដៅពង្រឹងខ្សែការពារ NATO នៅតំបន់អឺរ៉ុបខាងកើត។ កងទ័ពអាមេរិកស្ថិតនៅ តាមមូលដ្ឋានទ័ពចំនួន៤ នៅប៉ូឡូញ។

* រូម៉ានី៖ ដូចគ្នាទៅនឹងប៉ូឡូញ និងបណ្ដារដ្ឋធ្លាប់ស្ថិតក្នុងប្លុកកុម្មុយនិស្ដផ្សេងទៀតក្នុងតំបន់អឺរ៉ុបដែរ រូម៉ានីក៏ទទួលឱ្យកងទ័ពអាមេរិកប្ដូរវេនឈរជើងផងដែរ បន្ថែមពីលើ កងទ័ពអាមេរិកឈរជើងជាអចិន្ត្រៃយ៍ ១៥៣នាក់។ មូលដ្ឋានទ័ពក្នុងប្រទេសរូម៉ានីដែលសហរដ្ឋអាមេរិកអាចប្រើប្រាស់បានក្នុងនោះរួមមានមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu, Camp Turzii និង Deveselu។

* ហុងគ្រី៖ សហរដ្ឋអាមេរិកបានដឹកនាំប្រតិបត្តិការដាក់ពង្រាយកងទ័ពប្ដូរវេន និងធ្វើសមយុទ្ធយោធាជាប្រចាំក្នុងប្រទេសហុងគ្រី។ DMDC បានឱ្យដឹងថាកាលពីខែធ្នូ ឆ្នាំ២០២៥ ហុងគ្រីបានទទួលឱ្យកងទ័ពអាមេរិក ៧៧នាក់ឈរជើងជាអចិន្ត្រៃយ៍នៅមូលដ្ឋានទ័ពចំនួន២ គឺ Kecskemet និង Papa Air។

* តើនរណាជាសម្រេចថាតើកងទ័ពអាមេរិកប៉ុន្មាននាក់ត្រូវឈរជើងក្នុងតំបន់អឺរ៉ុប?
ប្រធានាធិបតីអាមេរិក និងក្រសួងការពារជាតិអាមេរិកគឺជាអ្នកសម្រេចថាកងទ័ពអាមេរិកចំនួនប៉ុន្មាននាក់ត្រូវឈរជើងនៅតាមបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប។ តែទោះជាបែបនេះក្ដី សភាទាំង២របស់សហរដ្ឋអាមេរិក (រដ្ឋសភា និងព្រឹទ្ធសភា) ក៏មានតួនាទីមួយដែរ ហើយអាចរារាំង ឬក៏បង្កការស្មុគស្មាញដល់ការដក ឬកាត់បន្ថយចំនួនកងទ័ពទ្រង់ទ្រាយធំ តាមរយៈច្បាប់ និងការគ្រប់គ្រងលើហិរញ្ញវត្ថុ។ កាលពីឆ្នាំ២០២០ អំឡុងអាណត្តិទី១របស់លោក លោក ដូណាល់ ត្រាំ បានគំរាមដកកងទ័ពអាមេរិក ១២០០០នាក់ ចេញពី អាល្លឺម៉ង់ បន្ទាប់ពីរិះគន់ទីក្រុងបែរឡាំងជុំវិញកញ្ចប់ថវិកាយោធាមានកម្រិតទាប និងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាមួយរុស្ស៉ី។ ក៏ប៉ុន្តែនៅពេលនោះ សភាអាមេរិក បានប្រឆាំងជំទាស់នឹងផែនការដកងទ័ពរបស់លោក ត្រាំ ហើយក្រោយមក អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលុបចោលការសម្រេចចិត្តរបស់លោក ត្រាំ។

លើសពីនេះទៅទៀត ច្បាប់ National Defense Authorization Act (NDAA) ឆ្នាំ២០២៦ ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកកាលពីឆ្នាំ២០២៥ ក៏បានបញ្ចូល ចំណុចមួយដែលបានហាមឃាត់ការកាត់បន្ថយជាអចិន្ត្រៃយ៍ ឬរយៈពេលវែងនូវកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប នៅក្រោមចំនួន ៧៥០០០នាក់ផងដែរ៕

-Fresh News-

អត្ថបទទាក់ទង