Grand News Asia Close

ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ដោយ៖ ម៉ម សុគន្ធ ​​ | ម្សិលមិញ ម៉ោង 20:12 pm ព័ត៌មានជាតិ 350
ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

 

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកស្រីក៏បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការអនុម័តលេីឯកសារស្តីពី​ ≪ ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩≫ និងបានគូសបញ្ជាក់អំពីការបេ្ដជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរ​អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម​ សំដៅដល់ការជំរុញ​កំណេីន​ និងការអភិវឌ្ឍ​ ដោយផ្តោតលេី​វិស័យជាច្រេីនមានជាអាទិ៍៖ សេដ្ឋកិច្ច, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យឡូជីស្ទីក ក៏ដូចជាការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តក្នុងការទាក់ទាញនូវវិនិយោគទុនបន្ថែមមកកាន់កម្ពុជា ព្រមទាំងវិធានការគន្លឹះក្នុងការធានានូវបវិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ជាពិសេសការបង្កលក្ខណៈអំណោយផលដល់វិស័យឯកជនក្នុងការធ្វើសមាហរណកម្ម និងពង្រឹងភាពធន់របស់ខ្លួន។

សម្ដេចបវរធិបតី និងលោកស្រីនាយិកា ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន​,​ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការពង្រឹងវិស័យសុខាភិបាល, ព្រមទាំង​ ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រីនាយិកាបានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ​ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់នៅក្នុងការជំរុញភាពជោគជ័យនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រីនាយិកាបន្តសហការ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

 

អត្ថបទទាក់ទង