Grand News Asia Close

ទាក់ទងនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាបានបកស្រាយដូចម្តេច ចំពោះការអះអាងរបស់ថៃដែលថា ការប្រើប្រាស់យន្តការ UNCLOS គឺជាមូលហេតុដែលធ្វើឱ្យការចរចាព្រំដែនគោកជាប់គាំង?

ចម្លើយ៖ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ ឆ្នាំ២០០១ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់សម្រាប់ការដោះស្រាយបញ្ហាព្រំដែនសមុទ្រ ហើយយន្តការអន្តរជាតិមួយនេះគឺជាជម្រើសសន្តិវិធី និងមានលក្ខណៈច្បាស់លាស់ តម្លាភាព និងអាចជឿទុកចិត្តបាន។
កម្ពុជាក៏បានគូសបញ្ជាក់ដែរថា មិនមានកិច្ចព្រមព្រៀង ឬមូលដ្ឋានច្បាប់ណាមួយដែលកំណត់ថា ការប្រើយន្តការ UNCLOS ត្រូវធ្វើឱ្យការចរចាព្រំដែនគោកត្រូវផ្អាកនោះឡើយពីព្រោះជាយន្តការពីរផ្សេងគ្នា។ ដូច្នេះ ការអះអាងថាយន្តការ UNCLOS បានបិទទ្វារការចរចាព្រំដែនគោក គឺមិនត្រឹមត្រូវតាមការពិត និងគ្មានមូលដ្ឋានអ្វីទាំងអស់។

សំណួរទី២៖ តើរាជរដ្ឋាភិបាលកម្ពុជាយល់ឃើញយ៉ាងដូចម្តេចចំពោះ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ថៃថា ការប្រើប្រាស់យន្តការ UNCLOS ធ្វើឱ្យ​ជាប់គាំងកិច្ចចរចាព្រំដែនគោក?

ចម្លើយ៖ កម្ពុជាយល់ថា នេះគ្រាន់តែជាលេសរបស់ភាគីថៃ​ដើម្បីគេចវេសពីយន្តការ JBC តែប៉ុណ្ណោះពីព្រោះភាគីថៃមិនមានភាពស្មោះត្រង់នៅក្នុងការដោះស្រាយបញ្ហាព្រំដែនគោក​ជាមួយកម្ពុជាទេ។ ពួកគេ​ចង់បន្តកាន់កាប់ជាអចិន្ត្រៃយ៍លើដែនដីដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់។ កម្ពុជាទាមទារដំណោះស្រាយមួយដែលមានផាពច្បាស់លាស់ យុត្តិធម៌ និងតម្លាភាពបំផុតដោយប្រើប្រាស់បច្ចេកទេស​វាស់វែងតាមឯកសារ ផែនទី និងច្បាប់អន្តរជាតិ។ ដូច្នេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោះស្រាយបញ្ហានីមួយៗតាមយន្តការទ្វេភាគី​ដោយផ្អែកលើច្បាប់អន្តរជាតិ។

សំណួរទី៣៖ តើកម្ពុជាចង់ឃើញការវិវត្តអ្វីខ្លះ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?

ចម្លើយ៖ កម្ពុជាចង់ឃើញការបន្តការងាររបស់យន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោយមិនដាក់លក្ខខណ្ឌបន្ថែមដែលមិនមានចែងក្នុងកិច្ចព្រមព្រៀង។ ទន្ទឹមនឹងនេះ កម្ពុជានឹងបន្តដំណើរការយន្តការ UNCLOS លើបញ្ហាព្រំដែនសមុទ្រ ដោយជឿជាក់ថា យន្តការទាំងពីរអាចដំណើរការស្របគ្នា និងរួមចំណែកដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដើម្បីកសាងព្រំដែនសន្តិភាពអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង