Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វី «ខ្មោចនាវាចម្បាំងមួយគ្រឿង» ដុតបញ្ឆេះភាពតានតឹងរវាងចិន និងហ្វីលីពីន?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 652
វិភាគអន្តរជាតិ៖ ហេតុអ្វី «ខ្មោចនាវាចម្បាំងមួយគ្រឿង» ដុតបញ្ឆេះភាពតានតឹងរវាងចិន និងហ្វីលីពីន? វិភាគអន្តរជាតិ៖ ហេតុអ្វី «ខ្មោចនាវាចម្បាំងមួយគ្រឿង» ដុតបញ្ឆេះភាពតានតឹងរវាងចិន និងហ្វីលីពីន?

FN-(ម៉ានីល)៖ ភាពតានតឹងបានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃសៅរ៍ ទី៥ ខែសីហាកន្លងទៅ នៅពេលឆ្មាំសមុទ្រចិនត្រូវបានចោទប្រកាន់ថាបានរារាំង និងប្រើប្រាស់កាណុងបាញ់ទឹកដាក់លើទូករបស់ហ្វីលីពីនដែលដឹកជញ្ជូនម្ហូបអាហារ ប្រេងឥន្ធនៈ និងទឹកទៅឱ្យកងទ័ពហ្វីលីពីនឈរជើងនៅលើ នាវាចម្បាំងច្រែះចាប់មួយគ្រឿងឈ្មោះ BRP Sierra Madre ដែលគេទុកចោលនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

ចិនបានចាត់ទុកថាតំបន់ Second Thomas Shoal ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនមានឈ្មោះជាភាសាចិនថា Ren’ai Jiao និងបានជំរុញឱ្យហ្វីលីពីន ម្ដងហើយម្ដងទៀត ដកនាវាចម្បាំងនេះចេញ ដ្បិតចោទថាខុសច្បាប់។ ប៉ុន្តែហេតុអ្វីបានជានាវាចម្បាំងច្រែះចាប់នេះបង្កឱ្យមានភាពតានតឹងរវាងចិន និងហ្វីលីពីនទៅវិញ? ខាងក្រោមនេះគឺជាចំណុចសំខាន់គួរដឹង៖

* អ្វីទៅជានាវាចម្បាំង Sierra Madre?

មានប្រវែង១០០ម៉ែត្រ នាវាចម្បាំង Sierra Madre គឺជាប្រភេទនាវាដឹករថក្រោះ កងទ័ព និងសម្រាប់ឱ្យឧទ្ធម្ភាគចក្រចុះចត ឈ្មោះថា USS LST-821 ដែលត្រូវបានប្រើក្នុងសម័យសង្រ្គាមលោកលើកទី២។ នាវានេះក្រោយមកត្រូវបានប្ដូរឈ្មោះទៅជា USS Harnett County និងត្រូវបានដាក់ពង្រាយ អំឡុងសង្រ្គាមនៅវៀតណាម ជាទីដែលនាវាចម្បាំងនេះត្រូវបានប្រើជាមូលដ្ឋានសម្រាប់ឧទ្ធម្ភាគចក្រប្រយុទ្ធ។ នេះបើតាមវិទ្យាស្ថាន United States Naval Institute។

ក្រោយសង្រ្គាមបញ្ចប់ កងទ័ពជើងទឹកហ្វីលីពីនបានទិញនាវាចម្បាំង USS Harnett County និងប្ដូរឈ្មោះទៅជា BRP Sierra Madre។

* ហេតុអ្វី Sierra Madre ត្រូវបានដាក់លើថ្មប៉ប្រះទឹក?

យោធាហ្វីលីពីនមានចេតនាទុកនាវាចម្បាំង BRP Sierra Madre នៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងឆ្នាំ១៩៩៩ ដើម្បីអាច តាមដានសកម្មភាពរបស់ចិន នៅក្នុងតំបន់ដែនទឹកមានជម្លោះ។ ណាមួយនេះក៏ជាតាក់ទិកមួយនៃការបង្កើតវត្តមានហ្វីលីពីនក្នុងតំបន់ថ្មប៉ប្រះទឹកនេះ ផងដែរ ជាការឆ្លើយតបទៅនឹងការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ១៩៩៥ លើតំបន់ថ្មប៉ប្រះទឹក Mischief Reef ដែលទីក្រុងម៉ានីលអះអាងថាជាកម្មសិទ្ធិ របស់ខ្លួន។

ចិនត្រូវបានគេរាយការណ៍ថាបានប្រែក្លាយតំបន់ថ្មប៉ះប្រះទឹក Mischief Reef និងតំបន់ថ្មប៉ប្រះទឹកមួយចំនួនទៀតទៅជាកោះសប្បនិម្មិត ប៉ុស្តិ៍យោធា ដើម្បីបញ្ជាក់ពីដែនអធិបតេយ្យរបស់ខ្លួន។ តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal មានទីតាំងសិ្ថតនៅទីប្រជុំកោះ Spratly ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Palawan របស់ហ្វីលីពីន និងនៅចម្ងាយជាង ១,០០០គីឡូម៉ែត្រពីកោះហៃណាន់របស់ចិន។

*តើមានអ្វីបានកើតឡើង?

ចិនបានអះអាងពីដែនអធិបតេយ្យស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ដែលក្នុងនោះរួមបញ្ចូលទាំងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal​ ព្រមទាំងបានដាក់ពង្រាយទូករាប់រយគ្រឿងទៅល្បាតដែនទឹក និងតំបន់ថ្មប៉ប្រះទឹក។ បើតាមទីក្រុងម៉ានីល ឆ្មាំសមុទ្រ និងកងទ័ពជើងទឹកចិន តែងតែរារាំង ឬតាមពីក្រោយទូកហ្វីលីពីនដែលធ្វើប្រតិបត្តិការល្បាតដែនទឹក។ ហ្វីលីពីនបានចោទប្រកាន់ដែរថាឆ្មាំសមុទ្រចិនតែងតែព្យាយាមរារាំង ដល់ប្រតិបត្តិការផ្គត់ផ្គង់សម្រាប់កងទ័ពហ្វីលីពីននៅលើនាវាចម្បាំង BRP Sierra Madre ខណៈកងទ័ពនៅលើនាវាចម្បាំងនេះពឹងផ្អែកជាចាំបាច់លើ ការផ្គត់ផ្គង់ ដើម្បីអាចបន្តធ្វើប្រតិបត្តិការក្នុងដែនទឹកដាច់ស្រយាលមួយនេះ។ មិនតែប៉ុណ្ណោះ ឆ្មាំសមុទ្រហ្វីលីពីនក៏បានបង្ហាញក្ដីព្រួយបារម្ភទៀតផង ថាចិនអាចនឹងព្យាយាមគ្រប់គ្រងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ប្រសិនបើនាវាចម្បាំងច្រែះចាប់ BRP Sierra Madre ត្រូវបាន យកចេញ។

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង ត្រូវបានក្រុមអ្នកវិភាគភាគច្រើនចាត់ទុកជាតំបន់ប្រទាញប្រទង់មួយដែលអាចនឹងបង្កទៅជាជម្លោះប្រដាប់អាវុធ នៅពេលអនាគត។ ហ្វីលីពីនមិនមានសមត្ថភាពយោធាអាចស៊ីសងជាមួយចិនបាននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកបានសន្យាថានឹងការពារហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ សហរដ្ឋអាមេរិកមិនមែនជាភាគីជម្លោះទឹកដីក្នុងតំបន់សមុទ្រចិនខាងត្បូងឡើយ តែទីក្រុងវ៉ាស៊ីនតោនតែងតែដឹកនាំ ប្រតិបត្តិការល្បាតជាប្រចាំក្នុងតំបន់ដើម្បីការពារនូវអ្វីដែលខ្លួនហៅថា «សេរីភាពនៃការធ្វើនាវាចរណ៍ក្នុងដែនសមុទ្រ» ហើយជារឿយៗក៏បង្ក ភាពក្ដៅក្រហាយដល់ចិនផងដែរ៕

អត្ថបទទាក់ទង