វិចារណកថា៖ ឈើគូសមួយដើមអាចបង្កគ្រោះថ្នាក់ដល់សហគមន៍៖ ថ្លៃដើមលាក់កំបាំងផ្នែកសុខភាពនៃការដុតកាកសំណល់
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ –
សម្រាប់មនុស្សជាច្រើន ការដុតកាកសំណល់ក្នុងផ្ទះហាក់ដូចជាវិធីសាស្ត្រមួយដ៏រហ័ស និងងាយស្រួលក្នុងការកម្ចាត់សំរាម។ កគំនរស្លឹកឈើស្ងួតតូចៗ ថង់ប្លាស្ទិក កញ្ចប់វេចខ្ចប់អាហារ ក្រដាស សម្លៀកបំពាក់ចាស់ៗ ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលខូចខាត ត្រូវបានគេដុតបញ្ឆេះ ហើយក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ពួកវាហាក់ដូចជារលាយបាត់អស់។
ប៉ុន្តែ តើវាបានរលាយបាត់ទៅពិតប្រាកដមែនឬទេ?
ចម្លើយគឺ «មិនមែនទេ»។ កាកសំណល់មិនមែនគ្រាន់តែរលាយបាត់ទៅវិញនៅពេលដែលវាឆេះនោះឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែប្តូរទម្រង់ប៉ុណ្ណោះ។ អ្វីដែលធ្លាប់មើលឃើញនៅលើដី បានក្លាយទៅជាអ្វីដែលមើលមិនឃើញនៅក្នុងខ្យល់ដែលយើងដកដង្ហើម។
ការដុតកាកសំណល់នៅទីចំហ គឺជាប្រភពនៃការបំពុលខ្យល់ដ៏គ្រោះថ្នាក់បំផុតមួយ ប៉ុន្តែវាជាបញ្ហាដែលយើងអាចការពារបាន។ រាល់ការដុតនីមួយៗហុចចេញនូវផ្សែង ភាគល្អិតតូចៗ និងឧស្ម័នពុលចូលទៅក្នុងបរិយាកាស។ នៅពេលដែលប្លាស្ទិក កៅស៊ូ ឈើដែលមានលាបថ្នាំ ក្រណាត់សំយោគ ឬកាកសំណល់ក្នុងផ្ទះដទៃទៀតត្រូវបានដុត ពួកវាអាចបង្កើតជាសារធាតុគីមីគ្រោះថ្នាក់ ដូចជា ឌីអុកស៊ីន (dioxins) ហ្វូរ៉ង់ (furans) បង់សែន (benzene) ហ្វ័រម៉ាល់ដេអ៊ីត (formaldehyde) និងលោហៈធ្ងន់ជាដើម។ សារធាតុបំពុលទាំងនេះច្រើនតែមើលមិនឃើញដោយភ្នែកទទេ ប៉ុន្តែផលប៉ះពាល់របស់វាទៅលើសុខភាពមនុស្សមានសភាពជ្រាលជ្រៅខ្លាំងណាស់។
គ្រោះថ្នាក់ដ៏ធំបំផុត គឺកើតចេញពីភាគល្អិតនិចល ដែលគេស្គាល់ថាជា PM2.5។ ភាគល្អិតទាំងនេះមានទំហំតូចល្អិតខ្លាំង រហូតដល់អាចទម្លុះប្រព័ន្ធការពារធម្មជាតិរបស់រាងកាយ ជ្រៀតចូលទៅក្នុងសួតផ្នែកខាងក្រោម និងថែមទាំងអាចចូលទៅក្នុងចរន្តឈាមទៀតផង។ នៅពេលដែលវាចូលទៅក្នុងរាងកាយហើយ វាអាចបង្កជាការរលាក និងបំផ្លាញសរីរាង្គផ្សេងៗក្រៅពីសួត។
ផលវិបាកលើសុខភាពមានសភាពធ្ងន់ធ្ងរ។
សូម្បីតែការប៉ះពាល់នឹងផ្សែងដែលកើតចេញពីការដុតកាកសំណល់ក្នុងរយៈពេលខ្លី ក៏អាចបង្កការរំខានដល់ភ្នែក ច្រមុះ និងបំពង់កជំរុញឱ្យមានការក្អក ធ្វើឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ និងបង្កការពិបាកដកដង្ហើម។ សម្រាប់អ្នកដែលមានប្រតិកម្មអាឡែស៊ី ជំងឺសួតរ៉ាំរ៉ៃ ឬជំងឺបេះដូង អាចនឹងលេចចេញរោគសញ្ញាធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីការប៉ះពាល់តែមួយភ្លែត។
ការប៉ះពាល់ក្នុងរយៈពេលវែង នាំមកនូវហានិភ័យកាន់តែខ្ពស់។ ការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញពីការផ្សារភ្ជាប់រវាងការបំពុលខ្យល់ពីការដុតកាកសំណល់ ទៅនឹងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ការថយចុះមុខងារសួត និងការកើនឡើងហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ។ នាពេលបច្ចុប្បន្ន ខ្យល់បំពុលត្រូវបានគេទទួលស្គាល់ថាជាការគំរាមកំហែងឈានមុខគេមួយផ្នែកបរិស្ថាន ចំពោះសុខភាពមនុស្សជាតិនៅលើសកលលោក។
កុមារ គឺជាក្រុមដែលងាយរងគ្រោះបំផុត។ សួតរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ ហើយពួកគេដកដង្ហើមស្រូបយកខ្យល់ក្នុងបរិមាណច្រើនធៀបនឹងទម្ងន់ខ្លួន បើប្រៀបធៀបទៅនឹងមនុស្សធំ។ ការប៉ះពាល់នឹងផ្សែងពុលអាចកាត់បន្ថយការលូតលាស់របស់សួត បង្កើនការឆ្លងមេរោគផ្លូវដង្ហើម ធ្វើឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាពទូទៅ។ កុមារដែលដកដង្ហើមស្រូបយកខ្យល់បំពុលដដែលៗនៅថ្ងៃនេះ អាចនឹងត្រូវរងផលវិបាករហូតដល់វ័យវ័យជំទង់ និងវ័យមនុស្សធំ។
មនុស្សចាស់ក៏ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ផងដែរ។ មនុស្សចាស់ភាគច្រើនមានជំងឺបេះដូង ឬជំងឺសួតប្រចាំកាយស្រាប់ ដែលធ្វើឱ្យពួកគេកាន់តែងាយទទួលរងផលប៉ះពាល់ពីផ្សែងពុល។ សម្រាប់ពួកគេ ការសម្រេចចិត្តដុតកាកសំណល់របស់អ្នកជិតខាង អាចជាកត្តាជម្រុញឱ្យមានជំងឺធ្ងន់ធ្ងរ ឬអាចឈានទៅដល់ការគំរាមកំហែងដល់អាយុជីវិត។
ស្ត្រីមានផ្ទៃពោះក៏ត្រូវទទួលបានការការពារពីការប៉ះពាល់នឹងផ្សែងពុលដូចគ្នា។ ភាគល្អិតតូចៗ និងសារធាតុគីមីពុល អាចជះឥទ្ធិពលទាំងលើមាតា និងទារកក្នុងផ្ទៃ ដែលបង្កើនហានិភ័យនៃបញ្ហាស្មុគស្មាញ និងប៉ះពាល់ដល់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់ទារក។
ផលប៉ះពាល់បរិស្ថានលាតសន្ធឹងហួសពីខ្យល់អាកាស។ ផង់ផេះដែលមានសារធាតុពុលនឹងធ្លាក់ចុះមកលើសួនច្បារ ផលដំណាំ ទីធ្លាកុមារលេង និងដំបូលផ្ទះ។ សារធាតុបំពុលនឹងជ្រាបចូលទៅក្នុងដីនិងប្រភពទឹក ដែលប៉ះពាល់ដល់រុក្ខជាតិ សត្វ និងចុងក្រោយគឺអាហារដែលយើងបរិភោគ។ តាមរយៈរបៀបនេះ ការដុតកាកសំណល់បង្កើតជាវដ្តនៃការបំពុលដែលជះឥទ្ធិពលឆ្ងាយហួសពីទីតាំងដុតបំផ្លាញនោះ។
មនុស្សជាច្រើនដុតកាកសំណល់ដោយគ្មានចេតនាបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។ ជារឿយៗ គឺដោយសារតែពួកគេខ្វះខាតសេវាប្រមូលសំរាមត្រឹមត្រូវ ឬខ្វះការយល់ដឹងអំពីហានិភ័យសុខភាព។ ហេតុដូចនេះហើយ ការអប់រំផ្សព្វផ្សាយ គឺមានសារៈសំខាន់ដូចគ្នានឹងការអនុវត្តច្បាប់ដែរ។
សហគមន៍អាចបង្កើតឱ្យមានការផ្លាស់ប្តូរបាន។ ត្រូវញែកសម្ភារៈដែលអាចកែច្នៃឡើងវិញបាន ចេញពីកាកសំណល់ក្នុងផ្ទះ។ ធ្វើជីកំប៉ុសពីកាកសំណល់សរីរាង្គតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ប្រើប្រាស់សេវាប្រមូលកាកសំណល់ក្នុងមូលដ្ឋាននៅពេលដែលមាន។ មិនត្រូវដុតប្លាស្ទិក ឧបករណ៍អេឡិចត្រូនិក ថ្ម កៅស៊ូ ឬកាកសំណល់ក្នុងផ្ទះដទៃទៀតនៅទីចំហឡើយ។ ប្រសិនបើសេវាប្រមូលកាកសំណល់មានកម្រិត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍដំណោះស្រាយសហគមន៍ដែលមានសុវត្ថិភាពជាងមុន។
រាជរដ្ឋាភិបាលក៏មានតួនាទីមិនអាចខ្វះបានដែរ។ សេវាប្រមូលកាកសំណល់ដែលមានទំនុកចិត្ត ទីតាំងចាក់សំរាមត្រឹមត្រូវតាមបច្ចេកទេស កម្មវិធីកែច្នៃឡើងវិញ ការអប់រំសាធារណៈ និងការអនុវត្តច្បាប់ប្រឆាំងនឹងការដុតកាកសំណល់នៅទីចំហ សុទ្ធតែជារួមចំណែកដល់ការធ្វើឱ្យខ្យល់អាកាសកាន់តែស្អាត និងសហគមន៍មានសុខភាពល្អជាងមុន។
យើងម្នាក់ៗសុទ្ធតែមានការទទួលខុសត្រូវរៀងៗខ្លួន។ ខ្យល់អាកាស គឺគ្មានព្រំដែនកំណត់ឡើយ។ ផ្សែងដែលចេញពីផ្ទះមួយមិនមែនស្ថិតនៅក្នុងរង្វង់របងផ្ទះនោះទេ គឺវាហូរអណ្តែតកាត់សហគមន៍ ចូលទៅក្នុងសាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ និងកន្លែងធ្វើការ។ អ្វីដែលយើងដុតនៅថ្ងៃនេះ អាចនឹងក្លាយជាខ្យល់អាកាសដែលកូនចៅរបស់យើងដកដង្ហើមនៅថ្ងៃស្អែក។
ការការពារសុខភាពសាធារណៈ ចាប់ផ្តើមពីការជ្រើសរើសដ៏សាមញ្ញ។ ការជ្រើសរើសមិនដុតកាកសំណល់ គឺជាការជ្រើសរើសយកខ្យល់អាកាសដែលស្អាតជាងមុន។ វាគឺជាការជ្រើសរើសយកសួតដែលមានសុខភាពល្អ។ វាគឺជាការជ្រើសរើសដើម្បីការពារក្រុមគ្រួសារ អ្នកជិតខាង និងមនុស្សជំនាន់ក្រោយរបស់យើង។
សហគមន៍ស្អាត មិនមែនវាស់វែងត្រឹមតែការគ្មានសំរាមនៅលើដីប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏ត្រូវបានវាស់វែងដោយគុណភាពនៃខ្យល់អាកាសដែលយើងដកដង្ហើមផងដែរ។
នៅពេលដែលយើងបញ្ឈប់ការដុតកាកសំណល់ យើងមិនមែនត្រឹមតែការពារការបំពុលនោះទេ គឺយើងកំពុងតែចូលរួមការពារជីវិតពិតៗ។ ចូរយើងរួមគ្នាទុកដាក់កាកសំណល់ប្រកបដោយការទទួលខុសត្រូវ រក្សាផ្ទៃមេឃរបស់យើងឱ្យមានពណ៌ខៀវស្រងាត់ និងធានាថាគ្រប់ដង្ហើមដែលយើងដកចេញចូល គឺជារកាលានុវត្តភាពនៃសុខភាពល្អ។
-ក្រសួងបរិស្ថាន-






