Grand News Asia Close

ព័ត៌មានជាតិអតីតមន្ត្រីការទូតជើងចាស់៖ យន្តការផ្សះផ្សាក្រោម UNCLOS ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា-ថៃលើដែនសមុទ្រត្រួតស៊ីគ្នា

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 1015
ព័ត៌មានជាតិអតីតមន្ត្រីការទូតជើងចាស់៖ យន្តការផ្សះផ្សាក្រោម UNCLOS ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា-ថៃលើដែនសមុទ្រត្រួតស៊ីគ្នា បណ្ឌិត ពូ សុធីរៈ

អតីតមន្ត្រីការទូតជើងចាស់ បណ្ឌិត ពូ សុធីរៈ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) បានលើកឡើងថា យន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាផ្លូវបញ្ចៀសការប្រើកម្លាំងយោធារវាងកម្ពុជា និងថៃ ប៉ុន្តែលទ្ធផល​នឹងអាស្រ័យលើឆន្ទៈនយោបាយរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី បណ្ឌិត ពូ សុធីរៈ បានលើកឡើងថា មេរៀនសំខាន់បំផុតពីបទពិសោធន៍នៃការប្រើយន្តការផ្សះផ្សាក្រោម UNCLOS គឺការជឿជាក់លើនីតិរដ្ឋអន្តរជាតិ។ លោកបញ្ជាក់ថា នៅក្រោម UNCLOS ប្រទេសជាសមាជិកទាំងអស់ មិនថាជាប្រទេសតូច ឬប្រទេសធំ សុទ្ធតែមានសិទ្ធិស្មើគ្នាក្រោមច្បាប់អន្តរជាតិ។ ដូច្នេះ ប្រទេសតូច អាចប្រើច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដោយមិនអាស្រ័យលើទំហំ ឬកម្លាំងរបស់ប្រទេសនោះឡើយ។

លោកបានពន្យល់បន្តថា ទោះបីយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) មិនមែនជាការសម្រេចដែលមានអនុភាពចងកាតព្វកិច្ចដោយផ្ទាល់ក៏ដោយ ប៉ុន្តែប្រសិនបើភាគីទាំងពីរព្រមទទួលយក និងអនុវត្តតាមលទ្ធផលដែលបានព្រមព្រៀងគ្នា នោះកិច្ចព្រមព្រៀងអាចមានប្រសិទ្ធភាពអនុវត្តបាន។ លោកចាត់ទុកថា នេះជាផ្លូវមួយដែលអាចនាំទៅរកដំណោះស្រាយឈ្នះទាំងសងខាង ប្រសិនបើកម្ពុជា និងថៃមានឆន្ទៈនយោបាយពិតប្រាកដក្នុងការបញ្ចប់វិវាទដោយសន្តិវិធី។

បណ្ឌិត ពូ សុធីរៈ បានសង្កត់ធ្ងន់ថា ចំណុចសំខាន់មួយទៀត គឺការកសាងទំនុកចិត្តរវាងភាគីទាំងពីរ។ តាមការលើកឡើងរបស់លោក កម្ពុជា និងថៃត្រូវបន្តចូលរួមក្នុងការចរចា ការទូត និងយន្តការផ្លូវច្បាប់ ដើម្បីដោះស្រាយភាពខុសគ្នា ជាជាងងាកទៅរកការប្រើកម្លាំងយោធា។ លោកមានប្រសាសន៍ថា ដំណើរការផ្សះផ្សាក្រោម UNCLOS អាចជួយកាត់បន្ថយហានិភ័យនៃការប្រើកម្លាំង ដោយធ្វើឱ្យភាគីទាំងពីរផ្តោតលើដំណោះស្រាយតាមផ្លូវច្បាប់ និងការទូត។

ជាមួយគ្នានេះ លោកបានអះអាងថា ការដែលកម្ពុជា និងថៃយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សារួមគ្នា គឺជាជំហានដំបូងដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ការកសាងទំនុកចិត្តមិនអាចកើតឡើងក្នុងរយៈពេលខ្លីទេ ប៉ុន្តែទាមទារឱ្យមានការសន្ទនា និងការចរចាប្រកបដោយភាពស្មោះត្រង់ និងបើកចំហរវាងភាគីទាំងពីរ។

បន្ថែមពីនេះ លោកបានលើកឡើងថា ភាគីទាំងពីរត្រូវប្រកាន់យកស្មារតី «ឱ្យ និងទទួល» (Give and Take) ដោយមិនអាចទាមទារផលប្រយោជន៍ទាំងអស់សម្រាប់ខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ភាគីទាំងពីរត្រូវមានការសម្របសម្រួល ផ្តល់សម្បទានខ្លះ និងមានឆន្ទៈនយោបាយរួម ដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងសងខាង។

លោកបញ្ជាក់ថា សម្រាប់កម្ពុជា ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS មានគោលបំណងការពារអធិបតេយ្យភាព សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ជាតិ រួមទាំងការពិភាក្សាពាក់ព័ន្ធនឹងធនធាននៅបាតសមុទ្រ។ លោកបានបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការរក្សាការគោរពគ្នាទៅវិញទៅមក ការកសាងទំនុកចិត្ត និងការជៀសវាងការវិលត្រឡប់ទៅរកការប្រើដំណោះស្រាយដោយកម្លាំងយោធា ព្រោះនោះមិនមែនជាវិធីល្អក្នុងការបញ្ចប់វិវាទរវាងប្រទេសទាំងពីរនោះឡើយ៕ -កម្ពុជាថ្មី-
ដោយ Samean Lay

អត្ថបទទាក់ទង