Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជ្រាបជាថ្មីម្តងទៀត អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋភៀសសឹក ទាំងសម្ភារៈនិងស្មារតី៖

មានព័ត៌មានមិនពិតមួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកចង់បំបែកបំបាក់ខ្មែរថា ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួបការខ្វះខាតរាប់តាំងពីទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ។ ឆ្លើយតបនឹងការលើកឡើងខុសការពិតនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។

ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រកសម្រាប់ស្នាក់នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាល ២៤ម៉ោងនៅនឹងកន្លែង។ និយាយពីទឹកស្អាត ក្រៅពីទឹកបរិសុទ្ធសម្រាប់ទទួលទានដែលជាអំណោយពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូននូវម៉ាស៊ីនចម្រោះទឹកធំៗ ដើម្បីផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងមណ្ឌលតែម្តង ដោយមានបរិមាណគ្រប់គ្រាន់ និងគ្មានការខ្វះខាតអ្វីឡើយ។ នៅក្នុងមណ្ឌលនីមួយៗ សមត្ថកិច្ចក៏បានជួយការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនទាំងយប់ទាំងថ្ងៃ ទាំងគ្រឿងឧបភោគបរិភោគ និងទាំងសេវាទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន និងសប្បុរសជនមកពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ខណៈដែលកម្មវិធីអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរ និងផ្តល់ជូនផងដែរ។ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើង ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ ជារួម ប្រជាពលរដ្ឋភៀសសឹកទទួលបានការយកចិត្តទុកដាក់មើលថែទាំយ៉ាងល្អពីអាជ្ញាធររាជរដ្ឋាភិបាល ដោយមិនឱ្យពួកគេខ្វះខាតអ្វីដូចការលើកឡើងពីក្រុមមនុស្សមួយចំនួនតូចដែលមានចេតនាចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។

ក្រៅពីការយកចិត្តទុកដាក់ផ្គត់ផ្គង់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ បងប្អូនប្រជាពលរដ្ឋភៀសសឹកក៏ទទួលបាននូវជំនួយផ្នែកស្មារតីតាមរយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ និងជាបន្តបន្ទាប់ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា អង្គទូត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរសជនពីគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេថែមទៀត។

សូមបញ្ជាក់ជូនថា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង ៩២% ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត ៥ម៉ឺននាក់ទៀតបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផលពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬទូរកុងតឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ។

ចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជានិងថៃ បានឯកភាពគ្នាក្នុងការគោរពព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ និងប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីវាស់វែងកំណត់ខណ្ឌសីមាឱ្យបានច្បាស់លាស់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីថា ការការពារបូរណភាពទឹកដី និងការពារប្រជាលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ទាំងថ្នាក់ដឹកនាំកំពូល ទាំងមន្ត្រីថ្នាក់ដឹកនាំជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងសកម្មបំផុតដោយមិនខ្លាចនឿយហត់ក្នុងការមើលថែទាំប្រជាពលរដ្ឋភៀសសឹក និងការទាមទារឱ្យមានដំណោះស្រាយដោយសន្តិវិធីអំពីបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

សូមអរគុណ!

អត្ថបទទាក់ទង