Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Sinlavong Khoutphaythoune ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ 417
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Sinlavong Khoutphaythoune ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Sinlavong Khoutphaythoune ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ីន ឡៈវង់ ឃុនផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ​ និងសមាជិកគណប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយទស្សនកិច្ចនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សនិងបក្ស រដ្ឋាភិបាលទាំងពីរ រវាងរណសិរ្សនៃប្រទេសទាំងពីរ និងរវាងប្រជាជន និងប្រជាជន។

សម្តេចតេជោ បានអបអរសាទរសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែល ក្នុងឋានៈជាប្រធានអាស៊ាន បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ កាលពីសប្តាហ៍កន្លងមក ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សម្តេចតេជោ ក៏បានចូលរួមអបអរសាទរជាមួយនឹងសមិទ្ធផលជោគជ័យថ្មីមួយទៀតនៃទំនាក់ទំនងរវាងរណសិរ្យអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទើបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ឆ្នាំ២០២៤-២០២៨។

ឯកឧត្តម Sinlavong Khoutphaythoune បានសម្តែងនូវការគោរពដឹងគុណ និងអរគុណសម្តេចតេជោ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមក្នុងឱកាសនេះ។

ឯកឧត្តម បានបន្តទៀតថា សម្តេចតេជោ គឺជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ ​នៅក្នុងអាស៊ាន និងលើសកលលោក។ ឯកឧត្តម ពិតជាសប្បាយរីករាយ ដែលទទួលបានការរៀនសូត្រពីសម្ដេច។

ឯកឧត្តម ក៏បានជម្រាបសម្តេច ពីជំនួបជាមួយសម្តេច ម៉ែន សំអន ដោយបានរំលឹកពីវីរភាព និងបទពិសោធន៍ដឹកនាំរណសិរ្ស និងការកសាងប្រទេសកម្ពុជាដ៏អស្ចារ្យរបស់សម្តេច ដែលអាចបង្រួបបង្រួមជាតិ ប្រែក្លាយប្រទេសដែលមានភាគីច្រើន មកជាប្រទេសដែលមានរដ្ឋាភិបាលដឹកនាំតែមួយ កម្លាំងប្រដាប់អាវុធតែមួយ និងមានឯកភាពជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងខ្លាំងពីឯកឧត្តម ថងលូន ស៊ីសុលីត ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ ជូនសម្តេចតេជោ​ផងដែរ។ ឯកឧត្តមប្រធានរដ្ឋ បានផ្តាំគោរពអរគុណ ដែលគណៈប្រតិភូថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងចន្ទន៍កន្លងមក ហើយកាលពីម្សិលមិញនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលដឹកនាំដោយ សម្តេចរដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (អាយប៉ា) នៅទីក្រុងវៀងចន្ទន៍ផងដែរ។ នេះគឺជាការផ្តល់កិត្តិយសដ៏ធំធេង ពីសំណាក់មិត្តកម្ពុជា ដល់ប្រទេសឡាវ។

ឯកឧត្តមប្រធាន បានជម្រាបសម្តេចតេជោ ពីសមិទ្ធផលនៃទំនាក់ទំនងរវាងរណសិរ្សនៃប្រទេសទាំងពីរកន្លងមក ក៏ដូចជាភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨។ ឯកឧត្តម បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានចំនួន៨ប្រការសំខាន់ៗ ដោយបញ្ជាក់ពីការសាមគ្គីភាពស្អិតល្មួត និងការប្តេជ្ញាចិត្តថែរក្សាពូនជ្រំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងឡាវ ដែលបានកសាងតាំងពីយូរលង់មកហើយ និងបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

ឯកឧត្តមប្រធាន បានស្នើសុំអនុសាសន៍ ក៏ដូចជាសូមស្តាប់នូវបទពិសោធរបស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជា រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោ និងឯកឧត្តម វង្ស វិហាន ជាមេដឹកនាំដែលមានភាពល្បីល្បាញចំពោះទស្សនៈវែងឆ្ងាយ ស៊ីជម្រៅ និងការដាក់ចេញយុទ្ធសាស្រ្ត និងយុទ្ធវិធីដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងទទួលបានជោគជ័យ។ ឯកឧត្តម បានបន្តទៀតថា ឯកឧត្តមនឹងកត់ចំណាំរាល់អនុសាសន៍របស់សម្តេចតេជោ ដើម្បីជាមគ្គុទេសបង្ហាញផ្លូវក្នុងការដឹកនាំរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជាពិសេស ក្នុងការរៀបចំផែនការទៅថ្ងៃអនាគត ការបណ្តុះបណ្តាលកម្មាភិបាលវ័យក្មេង និងអ្នកបន្តវេន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានរដ្ឋឡាវ ដែលជាមិត្តភក្តិរបស់សម្តេច។

សម្តេចតេជោ បានសម្ដែងការរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៨ឆ្នាំមកហើយ និងប្ដេជ្ញាបន្តពូនជ្រុំបន្តទំនាក់ទំនងមិត្តភាពល្អ រឹងមាំ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសយើងទាំងពីរនេះ។ កម្ពុជា-ឡាវនឹងប្រារព្ធខួបទី ៧០ឆ្នាំនៃទំនាក់ទំនងនេះ នៅ​២ឆ្នាំទៀត ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងជាងពាក់កណ្ដាលនៃទំនាក់ទំនងនេះ ពោលគឺចាប់ពីឆ្នាំ ១៩៧៩មក ។ សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ពីប្រវត្តិនៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានបង្កើតឡើង ក្រោយដែលសម្ដេចបានបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៨។ ការបង្កើតរណសិរ្សក្រោយនោះ គឺបានយកឈ្មោះតាមកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយត្រូវបានប្ដូរឈ្មោះជាបន្តបន្ទាប់តាមកាលទេសៈរហូតមកដល់សព្វថ្ងៃនេះ ។

សម្ដេចតេជោ បានសំដែងការរីករាយដែលទំនាក់ទំនងមិត្តភាព សាមគ្គីភាពកម្ពុជា-ឡាវ ​បានឈានរហូតដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” និង ស្តែងឡើងច្រើនរូបភាព,​ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា, ប្រជាជននិងប្រជាជន, បក្សនិងបក្ស ព្រមទាំងរវាងរណសិរ្សនិងរណសិរ្ស ហើយនិងបាន​ជំរុញដល់ការរីកចម្រើនលើវិស័យផ្សេងៗទៀត ទាំងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និង​កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនៅក្នុងអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការបន្តទិញអគ្គិសនីពីឡាវ ​សម្រាប់ប្រើប្រាស់ក្នុងប្រទេស និង​បញ្ជូន​ទៅប្រទេសសិង្ហបុរី ដែលជាគំនិតផ្តួចផ្តើមថ្មី និងជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការតភ្ជាប់ក្នុងអាស៊ាន។

សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករលឹក តាមរយៈឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ជូនឯកឧត្តម ថង លូនស៊ីសុលីត ប្រធានរដ្ឋឡាវ ផងដែរ។

ឯកឧត្តមប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ស៊ីជម្រៅទាក់ទងនឹងសាមគ្គីភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយឯកឧត្តមសន្យាថា នឹងបន្តប្រពៃណីនេះ ទុកជាមរតកដ៏ថ្លៃថ្លា ហើយនិងផ្សព្វផ្សាយប្រពៃណីនេះ ជូនចំពោះយុវជនជំនាន់ក្រោយ ឱ្យបន្តខិតខំរក្សាទំនាក់ទំនងនេះ ដែលយើងមានព្រំដែនជាប់គ្នាមិនអាចលើកទៅណាបានទេ។

ឯកឧត្តមប្រធាន ក៏បានអបអរសាទរប្រទេសកម្ពុជា ចំពោះការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាពិសេស ការអភិវឌ្ឍទីក្រុង ដែលមានបែបផែន និងការគ្រប់គ្រងយ៉ាងត្រឹមត្រូវទាំងរាជធានីភ្នំពេញ និងបណ្តាក្រុងធំៗផ្សេងទៀត ​ហើយ​ ឯកឧត្តម និងគណៈប្រតិភូ នឹងបន្តទៅធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ នាពេលបន្ទាប់ទៀត។

ជាចុងក្រោយ សម្តេចតេជោ ​បានជូនពរឯកឧត្តមប្រធាន និងគណៈប្រតិភូទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តព្រះសីហនុ និងសូមធ្វើដំណើរតាមផ្លូវល្បឿនលឿនរបស់កម្ពុជា ដែលនឹងប្រើរយៈពេលខ្លី ងាយស្រួល និងមានសុវត្ថិភាព ព្រមទាំងស្នាក់នៅកម្ពុជាដោយក្តីរីករាយ៕

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង