Grand News Asia Close

វិចារណកថា ៖ ព្រឹត្តិការណ៍ ស៊ុបពើ អែលនីញ៉ូ (Super El Niño)៖ ការព្រមានរបស់ធម្មជាតិ និងការទទួលខុសត្រូវរបស់មនុស្សជាតិ

ដោយ៖ Morm Sokun ​​ | 14 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1034

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦

មានពេលខ្លះធម្មជាតិគ្រាន់តែខ្សឹបប្រាប់ ប៉ុន្តែមានពេលខ្លះទៀតធម្មជាតិបានស្រែកព្រមានយ៉ាងខ្លាំងៗ។ ព្រឹត្តិការណ៍ ស៊ុបពើ អែលនីញ៉ូ គឺជាខណៈពេលមួយនៃការស្រែកព្រមាន។

វាមានតម្លៃលើសពីបាតុភូតអាកាសធាតុធម្មតា។ វាគឺជាការរំលឹកដ៏មានឥទ្ធិពលមួយដែលបង្ហាញថា ទំនាក់ទំនងរវាងយើងនិងធម្មជាតិ គឺជារឿងដែលសំខាន់បំផុត។

ព្រឹត្តិការណ៍ ស៊ុបពើ អែលនីញ៉ូ កើតឡើងនៅពេលដែលសីតុណ្ហភាពទឹកសមុទ្រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើងកម្តៅខុសពីធម្មតា ដែលធ្វើឱ្យរំខានដល់ទម្រង់អាកាសធាតុនៅទូទាំងសកលលោក។ ផលវិបាករបស់វាអាចមានសភាពធ្ងន់ធ្ងរ រួមមាន គ្រោះរាំងស្ងួតអូសបន្លាយ រលកកម្តៅខ្លាំង កង្វះខាតទឹកស្អាត ការខូចខាតទិន្នផលកសិកម្ម គ្រោះអគ្គិភ័យឆេះព្រៃដ៏បំផ្លិចបំផ្លាញ និងការថយចុះនៃហ្វូងមច្ឆជាតិ។ ចំណែកឯនៅតំបន់មួយចំនួនទៀត វាអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា និងគ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។

គ្មានប្រទេសណាមួយអាចគេចផុតពីផលប៉ះពាល់នេះទាំងស្រុងនោះឡើយ។ ទោះបីជាយើងរស់នៅក្នុងទីក្រុង ភូមិករ តំបន់ភ្នំ ឬតាមបណ្តោយឆ្នេរសមុទ្រក៏ដោយ ក៏ផលប៉ះពាល់ទាំងនេះនឹងហុចផលដល់យើងគ្រប់គ្នានៅថ្ងៃណាមួយជាមិនខាន។

សម្រាប់ប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ ព្រៃឈើនឹងកាន់តែងាយរងគ្រោះដោយសារភ្លើងឆេះព្រៃ។ ទន្លេនានានឹងស្រកចុះ។ អាងស្តុកទឹកនឹងបាត់បង់ទឹក។ កសិករត្រូវប្រឈមមុខនឹងការលំបាកក្នុងរដូវដាំដុះដែលមិនអាចទាយទុកមុនបាន។ សត្វព្រៃត្រូវធ្វើការផ្លាស់ទីទៅឆ្ងាយដើម្បីស្វែងរកចំណីនិងទឹក ខណៈពេលដែលសហគមន៍ដែលពឹងផ្អែកលើវិស័យកសិកម្ម ជលផល និងទេសចរណ៍ ត្រូវប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង។

ទោះជាយ៉ាងណាក៏ដោយ ស៊ុបពើ អែលនីញ៉ូ ក៏បានបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយផងដែរ គឺប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ គឺជាខែលការពារធម្មជាតិដ៏ល្អបំផុតរបស់យើង។
ព្រៃឈើជួយសម្រួលសីតុណ្ហភាពនៅក្នុងតំបន់ រក្សាទុកទឹកនៅរដូវវស្សា និងភាយសំណើមទៅក្នុងបរិយាកាស។ ដើមឈើជួយកាត់បន្ថយការច្រោះដី ការពារតំបន់ផ្ទៃរងទឹកភ្លៀង និងបន្តស្រូបយកឧស្ម័នកាបូនិច ព្រមទាំងផលិតឧស្ម័នអុកស៊ីសែន ដែលគ្រប់សត្វលោកទាំងអស់ត្រូវពឹងផ្អែកលើដើម្បីរស់។

តំបន់ដីសើម ព្រៃកោងកាង និងបឹងធម្មជាតិ ដើរតួដូចជាប៉ុងស្រូបទឹកដ៏ធំ ដោយជួយរក្សាទុកទឹកនៅក្នុងរដូវវស្សា និងបញ្ចេញទឹកនោះមកវិញបន្តិចម្តងៗនៅក្នុងរដូវប្រាំង។ មហាសមុទ្រ និងប៉ប្រះទឹកផ្កាថ្មដែលមានសុខភាពល្អ ជួយទ្រទ្រង់ដល់វិស័យជលផល ដែលប្រជាពលរដ្ឋរាប់លាននាក់កំពុងពឹងផ្អែកលើសម្រាប់ជាស្បៀងអាហារ និងប្រភពចំណូល។

ធម្មជាតិការពារយើង ប្រសិនបើយើងចូលរួមការពារធម្មជាតិ។
ការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបនឹងព្រឹត្តិការណ៍ ស៊ុបពើ អែលនីញ៉ូ មិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះឡើយ។ ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានតួនាទីត្រូវចូលរួម។

ការដាំនិងការការពារដើមឈើ ការសន្សំសំចៃទឹក ការចៀសវាងការដុតកាកសំណល់ដែលមិនចាំបាច់ ការកាត់បន្ថយសំណល់ប្លាស្ទិក ការទប់ស្កាត់ភ្លើងឆេះព្រៃ ការការពារសត្វព្រៃ និងការរក្សាសហគមន៍របស់យើងឱ្យមានភាពស្អាត សុទ្ធតែជារួមចំណែកក្នុងការជួយពង្រឹងភាពធន់របស់យើងប្រឆាំងនឹងអាកាសធាតុខ្លាំងខុសប្រក្រតី។
ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុខ្លាំងខុសប្រក្រតីទាំងនេះ កើតឡើងកាន់តែញឹកញាប់ និងមានសភាពកាន់តែធ្ងន់ធ្ងរ។ ទោះបីជាយើងមិនអាចទប់ស្កាត់បាតុភូត អែលនីញ៉ូ មិនឱ្យកើតឡើងបានក៏ដោយ ប៉ុន្តែយើងអាចកាត់បន្ថយផលប៉ះពាល់របស់វាបាន តាមរយៈការស្តារព្រៃឈើឡើងវិញ ការការពារជីវៈចម្រុះ ការលើកកម្ពស់ការគ្រប់គ្រងទឹក និងការកសាងសហគមន៍ដែលរស់នៅប្រកបដោយសុខដុមរមនាជាមួយនឹងធម្មជាតិ។

ការជ្រើសរើសរបស់យើងនៅថ្ងៃនេះ នឹងកំណត់ពីសមត្ថភាពរបស់មនុស្សជំនាន់ក្រោយ ក្នុងការទប់ទល់នឹងបញ្ហាប្រឈមផ្នែកអាកាសធាតុនាថ្ងៃអនាគត។
ស៊ុបពើ អែលនីញ៉ូ មិនមែនគ្រាន់តែជារដូវកាលនៃអាកាសធាតុខ្លាំងខុសប្រក្រតីប៉ុណ្ណោះទេ។ ប៉ុន្តែ វាគឺជាសំណួរដ៏សំខាន់មួយដែលធម្មជាតិកំពុងចោទសួរមកកាន់មនុស្សជាតិ៖

តើយើងនឹងបន្តទាញយកផលប្រយោជន៍ពីធម្មជាតិបន្តទៀត ឬយើងនឹងចាប់ផ្តើមថែរក្សាធម្មជាតិឱ្យបានល្អ ដូចដែលធម្មជាតិធ្លាប់បានថែរក្សាយើងកន្លងមក?
ចម្លើយគឺស្ថិតនៅលើសកម្មភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។
ដើមឈើនីមួយៗដែលបានដាំ
ព្រៃឈើនីមួយៗដែលបានការពារ
ទន្លេនីមួយៗដែលបានរក្សាភាពស្អាត
ទឹកនីមួយៗដំណក់ដែលបានសន្សំសំចៃ
នៅពេលសកម្មភាពតូចៗទាំងនេះត្រូវបានរួមបញ្ចូលគ្នា វានឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលមួយ ដែលជួយពង្រឹងប្រជាជាតិរបស់យើងឱ្យមានភាពធន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជួយកសាងអនាគតមួយដែលកាន់តែស្អាត កាន់តែបៃតង និងមានចីរភាពសម្រាប់មនុស្សគ្រប់រូប។

-ក្រសួងបរិស្ថាន-

អត្ថបទទាក់ទង