Grand News Asia Close

វិភាគអន្តរជាតិ៖ តើជប៉ុន មើលឃើញបែបណា ចំពោះសម្ព័ន្ធភាពកូរ៉េខាងជើង-រុស្ស៉ី?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 296
វិភាគអន្តរជាតិ៖ តើជប៉ុន មើលឃើញបែបណា ចំពោះសម្ព័ន្ធភាពកូរ៉េខាងជើង-រុស្ស៉ី? វិភាគអន្តរជាតិ៖ តើជប៉ុន មើលឃើញបែបណា ចំពោះសម្ព័ន្ធភាពកូរ៉េខាងជើង-រុស្ស៉ី?

(វ៉ាស៊ីនតោន)៖ សន្ធិសញ្ញាយោធាថ្មីមួយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយកូរ៉េខាងជើង ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចមើលឃើញថានឹងបង្កជាផលវិបាក ​ដល់សន្តិសុខសកល ក្នុងនោះរួមមានទាំងសក្តានុពលនៃការប្រែប្រួលតុល្យភាពនយោបាយក្នុងតំបន់អាស៊ីបូព៌ា។ សម្រាប់ជប៉ុនវិញ ក្រឡាអុកភូមិសាស្ត្រនយោបាយនឹងកាន់តែមាន ភាពស្មុគស្មាញខ្លាំងឡើង។ ដូច្នេះតើជប៉ុនមើលឃើញបែបណាចំពោះសម្ព័ន្ធភាពកូរ៉េខាងជើង-រុស្ស៉ី?

* កូរ៉េខាងជើងមួយកាន់តែគ្រោះថ្នាក់
សន្ធិសញ្ញាយោធាថ្មីរវាងរុស្ស៉ី និងកូរ៉េខាងជើង អាចបង្កផលវិបាកធំ ២យ៉ាង សម្រាប់ជប៉ុន។ ម្យ៉ាង បង្កផលប៉ះពាល់ភ្លាមៗដល់ក្រុមអ្នករៀបចំផែនការយុទ្ធសាស្ត្ររបស់ជប៉ុន ដោយការផ្ដល់ណាមួយរបស់លោក ពូទីន នូវអាវុធទំនើបៗអាចនឹងបង្កើនថាមពលបន្ថែមដល់សមត្ថភាពយោធាកូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍រួមរវាងលោក ពូទីន និងលោក គីម ជុងអ៊ុន ក៏បានប្រកាសដែរថារុស្ស៉ីនឹងលូកដៃចូលជួយ ប្រសិនបើកូរ៉េខាងជើងរងការឈ្លានពាន ហើយនេះអាចនឹងបង្កើតទៅជាសេណារីយ៉ូមួយដែល មហាអំណាចនុយក្លេអ៊ែរ២ គឺចិន និងរុស្ស៉ីអាចនឹងធ្វើអន្តរាគមន៍ជួយកូរ៉េខាងជើង។ ប៉ុន្តែ រឿងមួយទៀតដែលទីក្រុងតូក្យូព្រួយបារម្ភដែរនោះ គឺថាមូស្គូអាចនឹងផ្ដល់ជំនួយ បច្ចេកវិទ្យាទំនើបៗដល់លោក គីម ជុងអ៊ុន យកទៅអភិវឌ្ឍកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់លោក។ មីស៊ីលតែងតែជាក្ដីកង្វល់ដ៏ធំមួយសម្រាប់ជប៉ុន ដ្បិតការធ្វើតេស្ដ មីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយរបស់ទីក្រុងព្យុងយ៉ាងបានបង្ហាញថាលោក គីម ជុងអ៊ុន ចង់ដាក់ឱ្យជប៉ុន និងមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ស្ថិតនៅរយៈចម្ងាយបាញ់នៃមីស៊ីលកូរ៉េខាងជើង។

ចំណែក ផលវិបាកទី២ គឺជប៉ុនបារម្ភពីកិច្ចសហប្រតិបត្តិការលើមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) រវាងរុស្ស៉ី និងកូរ៉េខាងជើង។ កាលពីខែធ្នូ ឆ្នាំ២០២៣ ព្យុងយ៉ាងបានអះអាងពី ការធ្វើតេស្ដមីស៊ីល ICBM មួយគ្រាប់ដោយជោគជ័យ ដែលគេជឿថាជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីបប្រើឥន្ធនៈរឹង Hwasong-18។ យោធាជប៉ុន និងកូរ៉េខាងត្បូងបានព្រមានថា មីស៊ីលប្រភេទនេះអាចបាញ់ដល់សហរដ្ឋអាមេរិក។ ម្លោះហើយ បើទីក្រុងមូស្គូផ្ដល់ការគាំទ្រដល់កូរ៉េខាងជើងនូវបច្ចេកវិទ្យាមីស៊ីល ក្នុងនោះរួមមានទាំងការគាំទ្រ តាមរយៈផ្កាយរណប នោះវានឹងផ្ដល់មធ្យោបាយឱ្យលោក គីម ជុងអ៊ុន គំរាមសងសឹកសហរដ្ឋអាមេរិក បើហ៊ានវាយប្រហារលើកូរ៉េខាងជើង។ ឬអាចនិយាយម្យ៉ាងទៀតបានថា កាលណាមីស៊ីលនុយក្លេអ៊ែរ ICBM មានសមត្ថភាពពិតប្រាកដមែន នោះវាអាចនឹងបង្កើនហានិភ័យនៃការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តទាំង២ របស់ខ្លួននៅអាស៊ីបូព៌ា គឺជប៉ុន និងកូរ៉េខាងត្បូង។

* បង្កភាពស្មុគស្មាញដល់យុទ្ធសាស្ត្រជប៉ុន ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សម្ព័ន្ធភាពរវាងរុស្ស៉ី និងកូរ៉េខាងជើង អាចនឹងបង្កភាពស្មុគស្មាញដល់ «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» របស់ជប៉ុន និងកិច្ចប្រឹងប្រែងរបស់ទីក្រុងតូក្យូ ក្នុងការរួមដៃគ្នាជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា ដើម្បីទប់ទល់ជាមួយចិន។ ក្នុងន័យនេះប្រសិនបើរុស្ស៉ីមានផែនការរួមដៃគ្នាជាមួយចិនទៀត នៅក្នុងតំបន់ នោះវា មានតែបន្ថែមបន្ទុកកាន់តែធ្ងន់ដល់នយោបាយការទូតរបស់ជប៉ុនតែប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីជប៉ុ​ន លោក Kishida Fumio ធ្លាប់បានលើកឡើងថាការឈ្លានពានរបស់រុស្ស៉ី ប្រឆាំងនឹងអ៊ុយក្រែន មិនមែនជាបញ្ហាផ្ដាច់មុខរបស់អឺរ៉ុបនោះទេ តែវាជាបញ្ហាប្រឈមដល់សណ្ដាប់ធ្នាប់សកលទាំងមូលតែម្ដង។ ជប៉ុនបានស្ថិតនៅក្នុងចំណោមប្រទេសដែល បង្ហាញការគាំទ្រយ៉ាងខ្លាំងដល់ទីក្រុងកៀវ ដោយនៅឯសន្និសីទស្ដីពីសន្តិភាពអ៊ុយក្រែនរៀបចំឡើងក្នុងប្រទេសស្វីស កាលពីខែមិថុនាកន្លងទៅ លោក Kishida បានប្រកាស ពីផែនការថ្មីមួយដើម្បីផ្ដល់ជំនួយយោធារយៈពេល១០ឆ្នាំ ដោយនឹងធ្វើឱ្យជំនួយយោធាដែលជប៉ុនផ្ដល់ឱ្យអ៊ុយក្រែនចាប់តាំងពីខែមីនា ឆ្នាំ២០២២មក នឹងកើនដល់ជាង ១២ពាន់លានដុល្លារ។ ដូច្នេះហើយ តាមរយៈការចុះសន្ធិសញ្ញាយោធាជាមួយលោក គីម លោក ពូទីន ចង់បញ្ជូនសារថាបើមហាអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចជាជប៉ុន លូកដៃចូលក្នុងកិច្ចការតំបន់អឺរ៉ុប នោះលោកអាចនឹងធ្វើដូចគ្នានេះដែរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាការពិតណាស់ រុស្ស៉ីមានឥទ្ធិពលតិចតួចប៉ុណ្ណោះនៅឥណ្ឌូប៉ាស៊ីហ្វិក ពោលតិចជាងឥទ្ធិពលដែលជប៉ុនមានអឺរ៉ុប។ ក៏ប៉ុន្តែ ទណ្ឌកម្មរបស់ជប៉ុន រួមដៃគ្នាជាមួយក្រុមប្រទេស G7 ផ្សេងទៀតប្រឆាំងនឹងរុស្ស៉ី បានជំរុញឱ្យមូស្គូបញ្ចូលជប៉ុនទៅក្នុង បញ្ជីឈ្មោះប្រទេសអមិត្ត។ លើសពីនេះទៅទៀត សកម្មភាពយោធារបស់រុស្ស៉ី ដែលម្ដងម្កាលមានការចូលរួមពីចិនដែរនោះ នៅជុំវិញតំបន់ដែនទឹកភាគឦសានរបស់ជប៉ុន អាចជាសារមួយដែលលោក ពូទីន ចង់ផ្ញើទៅជប៉ុនថាជម្លោះទឹកដីរវាងរុស្ស៉ី និងជប៉ុន មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ ដែលនេះនឹងធ្វើឱ្យជប៉ុនកាន់តែប្រុងប្រយ័ត្ន ចំពោះព្រំដែនភាគខាងជើង និងភាគខាងត្បូង។

* ជារឿងឈឺក្បាលសម្រាប់លោក Kishida
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida មានរបៀបវារៈផ្ទាល់ខ្លួនរបស់លោកជាមួយកូរ៉េខាងជើង ហើយក្នុងនោះមានរបៀបវារៈមួយទំនងជានឹងមិនអាចធ្វើទៅកើតទេ ក្នុងពេលដ៏ខ្លី ដោយសារតែព្រឹត្តិការណ៍ថ្មីៗនេះ។ ក្រុមអ្នកនយោបាយអភិរក្សនិយមក្នុងប្រទេសជប៉ុន បានសន្យាថាពួកគេនឹងដោះស្រាយបញ្ហាពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ទៅ កូរ៉េខាងជើង។ លោក Kishida កាលពីដើមឆ្នាំ២០២៤នេះ បានប្រកាសថាលោកមានបំណងរៀបចំកិច្ចចរចាដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ដើម្បីនាំយកពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ត្រឡប់មកផ្ទះរបស់ពួកគេវិញ។ រហូតដល់កាលពីខែឧសភាកន្លងទៅ កាសែតកូរ៉េខាងត្បូងមួយបានរាយការណ៍ពីជំនួបមួយរវាងក្រុមមន្ត្រីកូរ៉េខាងជើង និងជប៉ុនលើបញ្ហានេះ តែខាងរដ្ឋាភិបាលជប៉ុនមិនបានទទួលស្គាល់ឡើយ។ សន្ធិសញ្ញាយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង បានបង្កជាឧបសគ្គថ្មីមួយដល់គម្រោងរបស់លោក Kishida ដោយលោកត្រូវងាកទៅផ្ដោតលើការដោះស្រាយការវិវត្តយ៉ាងលឿនរហ័សនៃស្ថានការណ៍ នៅក្នុងតំបន់។ លោក Kishida បានប្រកាសបង្កើនកញ្ចប់ថវិកាយោធា ដ៏សម្បើមមួយកាលពីខែធ្នូ ឆ្នាំ២០២២ តែការធ្លាក់ចុះតម្លៃប្រាក់យ៉េន និងបញ្ហាមួយចំនួនទៀត បានបង្កការលំបាកដល់លោកនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការសម្រេចគោលដៅ ដ៏មានមហិច្ឆតារបស់លោក។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ សង្រ្គាម ឬជម្លោះណាមួយរវាងសហរដ្ឋអាមេរិក និងចិន នៅពេលអនាគត ក៏អាចនឹងក្លាយជាគ្រោះថ្នាក់សម្រាប់ជប៉ុន និងកូរ៉េខាងត្បូងដូចគ្នាដែរ ប្រសិនបើកូរ៉េខាងជើង និងរុស្ស៉ី មើលឃើញថាជម្លោះគឺជាឱកាសរបស់ពួកគេ។ លោក ពូទីនតែម្នាក់ឯង ប្រហែលជាមិនអាចកែប្រែតុល្យភាពយោធាក្នុងតំបន់អាស៊ីខាងកើត បាននោះឡើយ ប៉ុន្តែលោកកំពុងបញ្ជាក់ប្រាប់ពិភពលោកថាការរួមដៃគ្នារវាងរុស្ស៉ី និងកូរ៉េខាងជើង ហើយបើមានចិនចូលរួមទៀតនោះ គឺមិនអាចមើលរំលងបានឡើយ។ នេះហើយ គឺជាសុបិនអាក្រក់មួយរបស់ជប៉ុន ហើយក៏អាចនឹងក្លាយជាសុបិនអាក្រក់សម្រាប់សហរដ្ឋអាមេរិកដែរ៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង