Grand News Asia Close

សម្ដេចមហាបវរធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 485
សម្ដេចមហាបវរធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា សម្ដេចមហាបវរធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ នៅកម្ពុជា

 

រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពអបអរសាទរសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានគោរពរាយការណ៍ជូនសម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់សមាគម ដែលមានដូចជា៖ ការប្រមូលផ្ដុំចងក្រងសមាជិកសមាគម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានា និងការរៀបចំពិពរណ៍គ្រឿងអលង្ការប្រចាំឆ្នាំ។ ទន្ទឹមនេះលោកស្រីប្រធានសមាគមក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា សមាគមមានផែនការបង្កើតវិទ្យាស្ថានមួយដើម្បីសិក្សាស្រាវជ្រាវ​ និងបណ្ដុះបណ្ដាលជំនាញកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់សមាគម ក៏ដូចជាការចូលរួមចំណែករបស់សមាគមក្នុងការលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថាសម្ដេចគាំទ្រគំនិតផ្តួចផ្តើមនៃការរៀបចំពិពរណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ ២ ដង ក្នុងមួយឆ្នាំ និងការបង្កើតវិទ្យាស្ថាន ដោយសម្ដេចបានណែនាំឱ្យសមាគមបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការររៀបចំសិក្សាបន្ថែមលើការរៀបចំឯកសារទស្សនាទាន និងផែនការសកម្មភាពនៃការបង្កើតវិទ្យាស្ថាននេះ។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យសមាគមជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស កសាងទំនុកចិត្ត និងការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ។

អត្ថបទទាក់ទង