មេដឹកនាំព្រឹទ្ធសភាកម្ពុជាថ្លែងប្រាប់សភាប្រើប្រាស់ភាសាបារាំងថា យោធាថៃធ្វើសកម្មភាពបំពានអធិបតេយ្យកម្ពុជាតាំងពីថ្ងៃទី២៧ ធ្នូ រហូតដល់បច្ចុប្បន្ន
PHOTO: -Ouch Borith, first vice-president of the Cambodian Senate, describes the Cambodia-Thailand border situation during the Executive Committee meeting of the Parliamentary Assembly of the Francophonie (APF), held in Cameroon from July 7 to 12. Supplied
មេដឹកនាំសភាកម្ពុជា រៀបរាប់លម្អិតអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅថ្នាក់ដឹកនាំសភាប្រើភាសាបារាំង និងលើកឡើងពីភាពមិនស្មោះត្រង់របស់ថៃក្នុងការគេចវេះមិនបញ្ជូនក្រុមការងារ JBC មកធ្វើការ ដោយយកលេសថា កម្ពុជាសម្រេចទៅរកយន្តការ UNCLOS។
លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងយ៉ាងលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី ដើម្បីប៉ុនប៉ងយកទឹកដីខ្មែរពីសំណាក់ភាគីថៃ គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ មក។ លោកលើកឡើងអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលរៀបចំឡើងនៅប្រទេសកាមេរូន ចាប់ពីថ្ងៃទី៧ ដល់ទី១២ ខែកក្កដានេះ។
នៅក្នុងសុន្ទរកថានៅថ្ងៃទី៧ ខែកក្កដាកន្លងទៅ លោក អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណដល់សមាជិក សមាជិកានៃគណៈកម្មការនយោបាយសភាប្រើភាសាបារាំង (APF) ដែលបានឃើញដោយផ្ទាល់ពីទំហំនៃការបំផ្លិចបំផ្លាញ ភស្តុតាងនៃការរំលោភបំពានជាក់ស្តែង និងទុក្ខវេទនារបស់ប្រជាជនភៀសសឹក នៅក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការនយោបាយនៅខេត្តសៀមរាប កាលពីខែឧសភាកន្លងទៅ។
លោករៀបរាប់ថា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ប្រទេសកម្ពុជាបានគោរពយ៉ាងពេញលេញនូវរាល់ការប្តេជ្ញាចិត្តដែលខ្លួនបានសន្យា។ កម្ពុជាបានផ្តល់អាទិភាពជាប់ជានិច្ចដល់ការអត់ធ្មត់ កិច្ចសន្ទនា និងការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែជាអកុសល ឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹងនេះ ពុំទទួលបានការឆ្លើយតបក្នុងស្មារតីដូចគ្នានោះឡើយ។
លោកថ្លែងថា បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ ចូលជាធរមានភ្លាម កងកម្លាំងថៃបានបន្តសកម្មភាពរបស់ខ្លួនជាឯកតោភាគី នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការឈូសឆាយដី ការដំឡើងបន្លាលួស និងកុងតឺន័រ ការឡោមព័ទ្ធភូមិប្រជាពលរដ្ឋស៊ីវិល ការពង្រឹងទីតាំងយោធា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌវប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងការបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀត។
លោកបន្តថា៖ «ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ សកម្មភាពទាំងនេះនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ»។
លោកបន្តថា៖ «សកម្មភាពទាំងនេះមិនអាចចាត់ទុកជាហេតុការណ៍ដាច់ដោយឡែកនោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃនិន្នាការដែលអាចនាំឱ្យមានការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនជាបន្តបន្ទាប់ មុនពេលមានដំណោះស្រាយចុងក្រោយចំពោះវិវាទព្រំដែន។ សកម្មភាពទាំងនេះផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ និងការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងមិនស្របទៅនឹងក្របខណ្ឌច្បាប់ស្តីពីព្រំដែន ដែលបានកំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញា ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដូចដែលត្រូវបានបកស្រាយ និងបញ្ជាក់ដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣»។
លោកបន្តថា តាមរយៈការបង្កើតនូវ «ស្ថានភាពជាក់ស្តែងរួចជាស្រេច» ឬ fait accompli សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់បូរណភាពនៃក្របខ័ណ្ឌគតិយុត្តជាធរមាន ហើយកំពុងធ្វើឱ្យខូចខាតដល់លក្ខខណ្ឌនានាសម្រាប់ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី យុត្តិធម៌ និងប្រកបដោយចីរភាព។
លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីទុក្ខវេទនារបស់ជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ដែលត្រូវផ្លាស់ទីលំនៅ និងនៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន និងបានលើកឡើងពីការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជា រួមមានទាំងប្រាសាទព្រះវិហារដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ពាក់ព័ន្ធនឹងការប្រកាសលុបចោលជាឯកតោភាគីរបស់ភាគីថៃ នូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា លោក អ៊ុច បូររិទ្ធ ថ្លែងថា កម្ពុជាបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការស្នើសុំនីតិវិធីផ្សះផ្សា ដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់។
លោកបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះបែរជាត្រូវបានគេយកធ្វើជាលេសដើម្បីផ្អាកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលជាយន្តការមានលក្ខណៈបច្ចេកទេសសុទ្ធសាធ ហើយមិនគួរត្រូវបានភ្ជាប់ទៅនឹងការពិចារណាផ្នែកនយោបាយណាមួយឡើយ។ ទោះបីជាមានការស្នើសុំដ៏ទទូចពីកម្ពុជាដើម្បីកោះប្រជុំគណៈកម្មការនេះក៏ដោយ ក៏ការងាររបស់គណៈកម្មការមិនអាចចាប់ផ្តើមឡើងវិញបានឡើយ ដែលការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ជាលំដាប់ដល់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្ខូចទំនុកចិត្តទៅវិញទៅមក»។
លោកថា កម្ពុជាតែងតែបានជ្រើសរើសការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ កិច្ចសន្ទនា និងយន្តការពហុភាគីសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី។ កម្ពុជានៅតែមានជំនឿយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តជាប្រចាំរបស់សហគមន៍អន្តរជាតិ និងគ្រួសារដ៏ធំនៃសភាប្រើភាសាបារាំង ក្នុងការគាំទ្រអធិបតេយ្យ បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំងយោធា ភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាការគាំទ្រដ៏សំខាន់ដល់គោលដៅរួមនេះ។
លោកបញ្ជាក់ថា គ្មានព្រំដែនណាមួយអាចត្រូវបានកែប្រែជាឯកតោភាគីដោយប្រើកម្លាំង ឬដោយការបង្កើត «ស្ថានភាពជាក់ស្តែងរួចហើយ» ឬ (faits accomplis) នោះឡើយ។
លោកថ្លែងថា៖ «នៅក្នុងស្មារតីនៃទំនុកចិត្ត តម្លាភាព និងការទទួលខុសត្រូវនេះហើយ ដែលខ្ញុំសូមអនុញ្ញាតអំពាវនាវជាថ្មីម្តងទៀតសូមឱ្យឯកឧត្តម លោកជំទាវ ផ្តល់ការយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅតែបន្តកើតមាននៅតាមព្រំដែនភាគខាងលិចរបស់កម្ពុជា»៕
–Post Khmer–





