រួមគ្នាបញ្ឈប់អភិបាលកិច្ច «ចាក់ស្តើងស៊ីក្រាស់, ចាក់ក្រាស់ស៊ីស្តើង» នៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ FN
នាពេលថ្មីៗនេះ ខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្តាម រហូតដល់ ទីរួមខេត្តបន្ទាយមានជ័យ។ ការធ្វើដំណើរនេះ បានផ្តល់នូវបទពិសោធន៍ និងក្តីសង្ឃឹមថ្មីមួយសម្រាប់រូបខ្ញុំ ក៏ដូចជាអ្នកធ្វើដំណើរដទៃទៀតដែរ។ ផ្លូវជាតិមួយខ្សែនេះ បាននិងកំពុងបង្ហាញខ្លួន ជានិមិត្តរូបនៃផ្លូវថ្នល់ គំរូនៅកម្ពុជា—ធំទូលាយ រឹងមាំ និងមានស្តង់ដារបច្ចេកទេសពិតប្រាកដ។ វាជាតថភាពជាក់ស្តែងដែលសហគមន៍ជាតិចង់ឃើញ ពោលគឺសំណង់ដែលកើតចេញពីការយកចិត្តទុកដាក់ បច្ចេកទេសត្រឹមត្រូវ និងវិជ្ជាជីវៈពិតប្រាកដ មិនមែនជាសំណង់គ្មានគុណភាព ដែលធ្វើឡើងក្រោមទម្រង់ស្រពិចស្រពិល នៃការកែខៃបច្ចេកទេស ឬកង្វះតម្លាភាពនោះឡើយ ពោលគឺមិនមែនជាប្រភេទផ្លូវដែលពលរដ្ឋខ្មែរភាគ ច្រើនតែងតែរអ៊ូរទាំថាជា «ផ្លូវធ្វើជាប់រហូត» ឬផ្លូវដែលសាងសង់ឡើងតាមបែប «ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង» នោះឡើយ។
ជាការគួបជួន និងជាយថាហេតុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ ៧ (ចាប់ពីរង្វង់មូលស្គន់ទៅដល់ក្រុងកំពង់ចាម) ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការសាងសង់ផ្លូវដែលលួចបន្លំ គុណភាព នៅក្រោមពាក្យស្លោកដ៏ជូរចត់ថា «ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់»។ លើសពីនេះ នាយករដ្ឋមន្ត្រីក៏បានរំលឹក និងដាស់តឿនដល់មន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់លើការជួសជុល និងថែទាំផ្លូវ ដែលរងការខូចខាតជាប្រចាំ ដោយមិនត្រូវបណ្តាលឱ្យផ្លូវដែលខូចតូចតាច ទុកចោលរហូតដល់ទ្រុឌទ្រោម និងខូចខាតធ្ងន់ធ្ងរនោះឡើយ។
តើអ្វីទៅជា «ការចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់»?
នៅក្នុងបរិបទនៃអភិបាលកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ សំដៅលើល្បិចកលក្លែងបន្លំ និងអំពើពុករលួយជាប្រព័ន្ធដែលត្រូវបានលាក់បាំង៖
- ការចាក់ក្រាស់ស៊ីស្តើង៖ សំដៅលើការធ្វើឱ្យឃើញល្អ ឬការអនុវត្តតាមស្តង់ដារត្រឹមត្រូវតែនៅកន្លែងណាដែលមានការត្រួតពិនិត្យ (ដូចជា កន្លែងពិធីកាត់ខ្សែបូ ចំណុចដែលមន្ត្រីចុះពិនិត្យ ឬនៅដើមខ្សែផ្លូវ) ប៉ុន្តែនៅតាមចំណុចកណ្តាល ឬតំបន់ដាច់ស្រយាលដែលខ្វះការតាមដាន គឺធ្វើឡើងដោយគុណភាពអន់ ឬលួចកាត់បន្ថយកម្រាស់។
- ការចាក់ស្តើងស៊ីក្រាស់៖ សំដៅលើការលួចកាត់បន្ថយសម្ភារៈស្តង់ដារ (ដូចជា កាត់បន្ថយកម្រាស់បេតុង ឬកៅស៊ូនិងបន្ថយគុណភាពដែក ឬគ្រួស) ប៉ុន្តែនៅក្នុងរបាយការណ៍ទូទាត់ថវិកានិងកិច្ចសន្យា គឺចុះតម្លៃ និងកម្រាស់ស្មើនឹងស្តង់ដារខ្ពស់បំផុត ដើម្បីកិបកេងយកប្រាក់ចំណេញដាក់ហោប៉ៅផ្ទាល់ខ្លួន ឬក្រុមបក្ខពួក។
ផលវិបាកលើ «សរសៃឈាមសេដ្ឋកិច្ច និងសង្គម»
នៅក្នុងបរិបទនៃការអភិវឌ្ឍជាតិ ប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាពល្អ គឺជា «សរសៃឈាមសេដ្ឋកិច្ចនិងសង្គម» ដែលមិនអាចខ្វះបាន។ ប៉ុន្តែប្រសិនបើការសាងសង់គ្មានគុណភាព ដោយសារតែការអភិបាលបែបចាក់ក្រាស់ស៊ីស្តើង និងចាក់ស្តើងស៊ីក្រាស់ នោះសេដ្ឋកិច្ចនិងសង្គមនឹងត្រូវជួបប្រទះបញ្ហាមិនចេះចប់មិនចេះហើយ ដោយសារតែប្រព័ន្ធសរសៃឈាមដ៏សំខាន់មួយនេះមានការខូចខាត និងចុះខ្សោយ។
វាបង្កជាមហន្តរាយដល់ថវិកាជាតិ ដោយសារតែផ្លូវធ្វើហើយខូច, ខូចហើយធ្វើ ឬផ្លូវធ្វើពីមុខខូចពីក្រោយ, ឬផ្លូវធ្វើជាប់រហូត។ ទង្វើបែបនេះនាំឱ្យខាតបង់ថវិកាដែលកើតចេញពីពន្ធររបស់ពលរដ្ឋនិងកម្ចីបរទេស។ លើសពីនេះ ផ្លូវដែលស្រុតនិងមានជង្ហុកដោយសារការលួចគុណភាពគឺជាឃាតករលាក់មុខនៅលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ឆក់យកអាយុជីវិត និងសម្លាប់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ហេតុនេះការលុបបំបាត់អភិបាលកិច្ចបែបនេះ មិនមែនជារឿងជម្រើសនោះទេ ប៉ុន្តែជា «រឿងស្លាប់រស់» ចាំបាច់ដើម្បីធានាសុខសុវត្ថិភាព, ស្តារនិងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន (Public Trust) មកលើស្ថាប័នរដ្ឋ និងដើម្បីធានាការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
របៀបវារៈគោលនយោបាយនិងយន្តការអភិបាលកិច្ចល្អ
ដើម្បីបំប្លែងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលឱ្យទៅជាការអនុវត្តដែលមានប្រសិទ្ធភាពពិតប្រាកដ និងដើម្បីលុបបំបាត់ឫសគល់ល្បិចកលបន្លំនិងអំពើពុករលួយជាប្រព័ន្ធនៃ ការចាក់ក្រាស់ស៊ីស្តើង, ចាក់ស្តើងស៊ីក្រាស់ ក្នុងនាមជាអ្នកធ្វើការលើកកម្ពស់ប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អខ្ញុំសូមផ្តល់នូវអនុសាសន៍គោលនយោបាយនិងយន្តការគន្លឹះមួយចំនួនដូចខាងក្រោម៖
១) លើកកម្ពស់អភិបាលកិច្ចបើកចំហនិងការចូលរួមរបស់ប្រជាពលរដ្ឋ (Citizen Monitoring)
ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ គឺជាអ្នកត្រួតពិនិត្យដ៏ល្អបំផុត។ រដ្ឋត្រូវបើកចំហព័ត៌មានកិច្ចសន្យា (Open Data) ជាសាធារណៈ ទាំងប្លង់បច្ចេកទេស កម្រាស់ផ្លូវ ថវិកា និងរយៈពេលធានា។ ជាមួយគ្នានេះត្រូវបង្កើតកម្មវិធីទូរស័ព្ទដៃរាយការណ៍រហ័ស (Whistleblower App) ឬប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ដែលអនុញ្ញាតឱ្យពលរដ្ឋអាចថតរូបឬវីដេអូកន្លែងដែលក្រុមហ៊ុនធ្វើ «ចាក់ស្តើងស៊ីក្រាស់» ផ្ញើផ្ទាល់ទៅកាន់ស្ថាប័នប្រឆាំងអំពើពុករលួយឬអាជ្ញាធរពាក់ព័ន្ធដោយរក្សាការសម្ងាត់ជូនពួកគាត់។
២) ពង្រឹងគណនេយ្យភាពតាមរយៈបច្ចេកវិទ្យានិងបរិវត្តកម្មឌីជីថល
ត្រូវជំនួសភ្នែកមនុស្សដោយបច្ចេកវិទ្យា ដោយបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណង់ឌីជីថល (Project Management Information System)។ រាល់ទិន្នន័យកម្រាស់ផ្លូវ និងគុណភាពបេតុងដែលបានចាក់ពិតប្រាកដត្រូវតែបញ្ជូនទៅកាន់ប្រព័ន្ធ Cloud ភ្លាមៗ (Real-time) ដោយស្វ័យប្រវត្តិចេញពីម៉ាស៊ីនការដ្ឋាន ដោយមិនអាចកែប្រែទិន្នន័យដោយដៃបានឡើយ។ ទន្ទឹមនឹងនេះសមត្ថកិច្ចក៏អាចប្រើប្រាស់ដ្រូន (Drones) ថតស្កែនរកកម្រាស់និងគុណភាពផ្ទៃផ្លូវទូទាំងខ្សែនិងពង្រឹងការដេញថ្លៃសាធារណៈតាមអនឡាញ (e-Procurement) ដើម្បីជៀសវាងការចរចាក្រោមតុ។
៣) យន្តការសវនកម្មបច្ចេកទេសឯករាជ្យ និងចៃដន្យ
ដើម្បីជៀសវាងការត្រូវរ៉ូវគ្នារវាងមន្ត្រីត្រួតពិនិត្យនិងក្រុមហ៊ុនម៉ៅការ រដ្ឋត្រូវជួលក្រុមហ៊ុនសវនកម្មទីបី (Third-Party Auditors) ដែលជាអ្នកជំនាញឯករាជ្យ ឬអន្តរជាតិ ចុះត្រួតពិនិត្យគុណភាពផ្លូវ។ បន្ថែមពីនេះ ត្រូវបង្កើតក្រុមការងារចល័តពិសេស ចុះពិនិត្យដោយមិនបាច់ប្រាប់មុន (Surprise Inspection) តាមរយៈការជ្រើសរើសចំណែកផ្លូវត្រួតពិនិត្យដោយចៃដន្យ (Random Sampling)។
៤) ការអនុវត្តច្បាប់តឹងរ៉ឹងនិងការដាក់បញ្ចូលទៅក្នុង «បញ្ជីខ្មៅ»
ដើម្បីកុំឱ្យក្រុមហ៊ុនសំណង់និងមន្ត្រីពាក់ព័ន្ធ «លួចបន្លំ» ត្រូវតែមានទណ្ឌកម្មដែលរាងចាល។ ក្រុមហ៊ុនណាដែលរកឃើញថាមានចេតនាលួចបន្លំបច្ចេកទេស ត្រូវតែដកហូតអាជ្ញាប័ណ្ណនិងដាក់បញ្ជីខ្មៅជាអចិន្ត្រៃយ៍ (Permanent Blacklisting) ហាមឃាត់មិនឱ្យដេញថ្លៃគម្រោងរបស់រដ្ឋអស់មួយជីវិត។ ប្រសិនបើផ្លូវខូចមុនអាយុកាលកំណត់ ក្រុមហ៊ុនត្រូវចេញលុយជួសជុលឡើងវិញទាំងស្រុង ហើយមន្ត្រីពាក់ព័ន្ធក៏ត្រូវត្រូវប្រឈមមុខនឹងការស៊ើបអង្កេតនិងការទទួលខុសត្រូវចំពោះមុខច្បាប់។
៥) ការពង្រឹងវប្បធម៌ថែទាំនិងពង្រឹងរយៈពេលធានាគុណភាពផ្លូវ
ដូចដែលប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ ការជួសជុលទាន់ពេលវេលាគឺជាគន្លឹះនៃការសន្សំសំចៃថវិកាជាតិ។ ផ្លូវដែលខូចតូចតាចត្រូវតែជួសជុលភ្លាមៗ មុនពេលវាវិវត្តទៅជាការខូចខាតធ្ងន់ធ្ងរ។ លើសពីនេះ រដ្ឋត្រូវផ្លាស់ប្តូរលក្ខខណ្ឌកិច្ចសន្យាដោយពង្រឹងរយៈពេលធានាគុណភាពផ្លូវឱ្យបានវែងឆ្ងាយ ដើម្បីបង្ខំឱ្យក្រុមហ៊ុនមិនហ៊ានធ្វើលំៗពីព្រោះបើធ្វើអន់ ពួកគេនឹងត្រូវខាតបង់ថវិកាច្រើនជាងមុនក្នុងការចុះជួសជុល។
សរុបមកស្មារតីនៃការកសាងផ្លូវជាតិគំរូដូចជាផ្លូវជាតិលេខ ៥ បូករួមនឹងឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលគឺជាកាលានុវត្តភាពដ៏ល្អបំផុតក្នុងការធ្វើបដិវត្តន៍គុណភាពហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ផ្លូវថ្នល់មិនមែនគ្រាន់តែជាបេតុង ឬកៅស៊ូនោះទេ ប៉ុន្តែវាជាអនាគតសេដ្ឋកិច្ចនិងសុខុមាលភាពរបស់ពលរដ្ឋ។ វាដល់ពេលហើយដែលយើងទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ត្រូវតែ «រួមគ្នាបញ្ឈប់អភិបាលកិច្ចចាក់ស្តើងស៊ីក្រាស់, ចាក់ក្រាស់ស៊ីស្តើងនៅកម្ពុជា» ហើយជំនួសមកវិញនូវស្តង់ដាររួមមួយដែលមានភាពស្អាតស្អំ រឹងមាំ និងមានសុវត្ថិភាពខ្ពស់សម្រាប់មនុស្សគ្រប់ជំនាន់ ដែលជាស្តង់ដារនៃ “កម្ពុជាថ្មី” ប្រកបដោយភាពរុងរឿង, នីតិរដ្ឋ និងនិរន្តរភាពពិតប្រាកដ៕
ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)





