«មេរៀនឆ្នាំ២០២៥និង២០២៦ បង្ហាញថាមានតែយើងខ្លាំងទេទើបការពារទឹកដីនិងសន្តិភាពបាន»
CPP president Hun Sen, who also serves as Senate president, attends a recent meeting with local authorities. SHS
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ការផ្សារភ្ជាប់រវាងគណបក្សរបស់លោកជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ ដោយគ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។
ថ្លែងនៅក្នុងសារខួបទី៧៥នៃការបង្កើនគណបក្សប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា លោក ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរៀនមេរៀនមួយបន្ថែមទៀត នោះគឺមានតែកម្ពុជាខ្លាំងប៉ុណ្ណៅះដែលអាចការពារទឹកដី និងសន្តិភាពបាន។
លោកថ្លែងថា៖ «ម្យ៉ាងទៀត មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន»។
លោកបន្តថា៖ «គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជាដាច់ខាត ដោយកម្លាំងរបស់យើង»។
យោងតាមប្រធានគណបក្សប្រជាជន ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ ស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជាក្តី ក៏កម្ពុជានៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍ ដោយកំណើនសេដ្ឋកិច្ចរំពឹងថានឹងទទួលបានក្នុងអត្រា ៤,២ភាគរយ។
ខណៈដែលបញ្ហាព្រំដែននៅតែមិនទាន់មានដំណោះស្រាយ ដោយយោធាថៃកំពុងគ្រប់គ្រងទឹកដីកម្ពុជាជាច្រើនទីតាំង ហើយរដ្ឋាភិបាលថៃគេចវេះមិនវិលមកធ្វើការតាមយន្តការ JBC លោក ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពឱ្យស្ថិតស្ថេរ គង់វង្ស បន្តខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនខ្លាំងក្លា ពង្រឹងយុត្តិធម៌ សមធម៌ និងសមភាពក្នុង សង្គម និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើង។
លោកថា គណបក្សលោកប្រកាន់ខ្ជាប់គោលនយោបាយការ បរទេសរបស់ខ្លួន ក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងអស់ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីធានានូវសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិជិតខាងភូមិផងរបងជាមួយ។
លោកបន្តថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការទាមទារទឹកដីជាឯកតោភាគីនោះឡើយ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយនៅលើទីកន្លែង នោះ។
គបក្សប្រជាជនក៏គាំទ្រការសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំ ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋាន ច្បាប់ ចំពោះតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។
ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ទទួលបានការគាំទ្រពីគណបក្សប្រជាជនផងដែរ ដោយលោក ហ៊ុន សែន ថ្លែងថា ការអនុវត្តច្បាប់នេះគឺដើម្បីកសាងសង្គមមួយ ប្រកបដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មានមនសិការស្នេហាជាតិ មានភាពអង់អាច មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។
លោកអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលើកកម្ពស់ភាពឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួនរបស់កម្ពុជា, គាំទ្រយ៉ាងរឹងមាំដល់វីរកងកម្លាំងប្រដាប់អាវុធកម្ពុជា។
លោកថា៖ «ក្នុងស្មារតីនេះដែរ យើងត្រូវបន្តខិតខំពង្រីកផលិតកម្មក្នុងស្រុក និងលើកស្ទួយការប្រើប្រាស់ផលិតផលជាតិឱ្យបានគ្រប់ៗគ្នា»៕
-Post Khmer-
___________________
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ក្នុងពិធីជួបជាមួយអាជ្ញាធរមូលដ្ឋានកាលពីពេលថ្មីៗនេះ។ SHS





