កិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៤៣ បានបើកជាផ្លូវការហើយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
https://www.youtube.com/watch?v=UOaePgVlndQ
សម្ដេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងភរិយាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាទី៤៣ បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានអញ្ជើញគោរពភ្លេងអាស៊ាន ទស្សនាការសម្ដែងសិល្បៈ។
ក្នុងពិធីនេះ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានដឹកនាំកំពូលអាស៊ាន បានថ្លែងសុន្ទរកថា បើកកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៤៣ ដោយបានរំលេចពីវឌ្ឍនភាព របស់អាស៊ាន បន្ទាប់ពីកិច្ចប្រជ៉ំកំពូលអាស៊ានកាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ រួមទាំងការប្តេជ្ញាចិត្តរបស់បណ្តាមេដឹកនាំអាស៊ាន និងការជំរុញឆ្ពោះទៅមុខ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ASEAN ។
នៅក្នុងពិធីបើកកិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៤៣នេះដែរ បណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងបណ្តាប្រទេសជាដៃគូរអាស៊ាន បានអញ្ជើញទស្សនាវីដេអូខ្លី និងប្រកាសពីជ័យលាភីពានរង្វាន់អាស៊ាន ។ ការប្រកាសដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ការគ្រប់គ្រងការបំពល់អ័ព្ទឆ្លងដែន ដែលជាការប្តេជ្ញាចិត្តរួមគ្នារបស់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន ។
បន្ទាប់ពីពិធីបើកកិច្ចប្រជ៉ំកំពូលអាស៊ានរួចមក បណ្តាប្រមុខរដ្ឋរដ្ឋាភិបាលអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលពេញអង្គអាស៊ានលើកទី៤៣ ក្នុងបរិយាកាសស្និទស្នាលរាក់ទាក់ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលអាស៊ាន និងពិភពលោកបានជួបប្រទះ។
បណ្តាមេដឹកនាំបានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើងឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និង ការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងពង្រឹងស្ថាប័ននានារបស់អាស៊ាន។
មេដឹកនាំអាស៊ាន បានបង្ហាញពីសារៈសំខាន់ និងអាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់វិស័យអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និង យុវជន ក្នុងការបង្កើនផលិតភាព សេដ្ឋកិច្ច៕