Grand News Asia Close

អ្នកវិភាគ​: ការបាត់បង់​សំឡេង​អ្នកជំនាញ​អាច​បើកផ្លូវ​ឱ្យ​អ្នក​មិនចេះ​ចូលមក​ផ្សព្វផ្សាយ​ជំនួស

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:56 pm ទស្សនៈ-Opinion ព័ត៌មានជាតិ 1027
អ្នកវិភាគ​: ការបាត់បង់​សំឡេង​អ្នកជំនាញ​អាច​បើកផ្លូវ​ឱ្យ​អ្នក​មិនចេះ​ចូលមក​ផ្សព្វផ្សាយ​ជំនួស ការតម្រូវឱ្យ Dr. Tong ដកវីដេអូសុខភាពចេញពីបណ្ដាញសង្គម បានជំរុញឱ្យមានការជជែកដេញដោលអំពីតួនាទីអ្នកជំនាញក្នុងការអប់រំសុខភាពសាធារណៈ។ រូបថត AI ភ្នំពេញប៉ុស្ដិ៍

​ភ្នំពេញ​៖ ការសម្រេច​របស់​គណ​:​គ្រូពេទ្យ​កម្ពុជា​ដែល​តម្រូវឱ្យ​អ្នកបង្កើត​មាតិកា​សុខភាព​ដ៏​លេចធ្លោ​ម្នាក់ គឺ​លោក​វេជ្ជបណ្ឌិត តុង លុប​វីដេអូ និង​មាតិកា​ពាក់ព័ន្ធ​នឹង​សុខភាព​នៅលើ​បណ្ដាញ​សង្គម បាន​បង្កឱ្យមាន​ការជជែក​ដេញដោល​អំពី​តួនាទី​របស់​អ្នកជំនាញ​សុខាភិបាល​ក្នុងការ​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​សាធារណជន និង​ហានិភ័យ​ដែល​អាច​កើតមាន ប្រសិនបើ​សំឡេង​អ្នកជំនាញ​ត្រូវបាន​កាត់បន្ថយ​នៅក្នុង​លំហ​ព័ត៌មាន​សាធារណៈ​។​

​ភាពចម្រូងចម្រាស​នេះ​បាន​ផ្ទុះឡើង បន្ទាប់ពី​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​កម្ពុជា បានចេញ​លិខិត​មួយ​ស្នើឱ្យ​លោក​វេជ្ជបណ្ឌិត តុង ដកចេញ​នូវ​វីដេអូ និង​មាតិកា​អប់រំ​សុខភាព​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដោយ​លើកឡើង​ពី​ការមិន​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​ស្តង់ដារ​វិជ្ជាជីវៈ​មួយចំនួន​។​

​ការសម្រេច​នេះ​បាន​ទាក់ទាញ​ប្រតិកម្ម​ជាច្រើន​ពី​សាធារណជន​នៅលើ​បណ្ដាញ​សង្គម ដោយ​អ្នកប្រើប្រាស់​ជាច្រើន​បាន​ចោទ​សួរថា តើ​វិធានការ​បែបនេះ​អាចធ្វើឱ្យ​គ្រូពេទ្យ និង​អ្នកជំនាញ​សុខាភិបាល​ដទៃទៀត មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ចែករំលែក​ចំណេះដឹង​ដល់​សាធារណជន​ដែរឬទេ ខណៈ​ព័ត៌មាន​មិន​ត្រឹមត្រូវ​អំពី​សុខភាព​នៅតែ​រីក​រាលដាល​នៅលើ​ប្រព័ន្ធ​ឌីជីថល​។​

​ការជជែក​ដេញដោល​កាន់តែ​ក្តៅគគុក បន្ទាប់ពី​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​អ្នក​អប់រំ បាន​បង្ហោះ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «​បើសិនជា​សំឡេង​អ្នកជំនាញ​នៅ​ស្ងៀមស្ងាត់ តើន​រណា​នឹង​អប់រំ​សាធារណជន​?»​។​

​ក្នុង​អត្ថបទ​នោះ លោក​បាន​លើកឡើងថា កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​ចំណេះដឹង​សុខភាព​នៅមានកម្រិត ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ពឹង​ផ្អែកលើ​បណ្ដាញ​សង្គម​ជា​ប្រភព​សំខាន់​សម្រាប់​ស្វែងរក​ព័ត៌មាន​សុខភាព​។​

​លោក​បានសរសេរថា​៖ «​ប្រជាពលរដ្ឋ​នៅតែ​ត្រូវការ​ចម្លើយ​។ ឪពុកម្តាយ​នៅតែ​ត្រូវការ​ការណែនាំ​។ អ្នកជំងឺ​នៅតែ​ត្រូវការ​ការពន្យល់​។ គ្រួសារ​នៅតែ​ត្រូវការ​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន​»​។​

​លោក​បាន​កត់សម្គាល់ថា អ្នកជំងឺ​ជាច្រើន​នៅតែ​មិនបាន​យល់ច្បាស់​អំពី​ជំងឺ ផែនការ​ព្យាបាល ឬ​វិធាន​ការបង្ការ​របស់ខ្លួន បន្ទាប់ពី​ចាកចេញ​ពី​មន្ទីរពេទ្យ ឬ​គ្លីនិក ខណៈ​បុគ្គលិក​សុខាភិបាល​ជាច្រើន​កំពុង​បំពេញការងារ​ក្រោម​សម្ពាធ និង​ពេលវេលា​កំណត់ ដែល​ធ្វើឱ្យ​ការអប់រំ​អ្នកជំងឺ​កាន់តែ​ពិបាក​។​

​លោក​បាន​បន្ថែមថា ក្នុងពេល​ជាមួយគ្នានេះ កំពុងមាន​បុគ្គល​កាន់តែ​ច្រើនឡើង ដែល​មិនមាន​ការបណ្តុះបណ្តាល​ផ្លូវការ​ផ្នែក​វេជ្ជសាស្ត្រ ឬ​សុខភាព​សាធារណៈ ប៉ុន្តែ​បែរជា​ផ្តល់​ដំបូន្មាន​សុខភាព​ទៅកាន់​មនុស្ស​រាប់ពាន់នាក់​តាម​អន​ឡាញ​។​

​លោក​បានសរសេរថា​៖ «​ការពិត​គឺ​សាមញ្ញ​៖ ប្រសិនបើ​អ្នកជំនាញ​ដែលមាន​សមត្ថ​ភាពមិន​ចូលរួម​ក្នុង​ការអប់រំ​សាធារណជន​ទេ នោះ​អ្នកផ្សេង​នឹង​ចូលមក​ជំនួស​»​។​

​ទស្សនៈ​នេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​ព្រមាន​ថា ការបាត់បង់​សំឡេង​អ្នកជំនាញ​អាច​បើកផ្លូវ​ឱ្យ​ក្រុម​ដែល​គ្មាន​ជំនាញ​ចូលមក​គ្រប់គ្រង​លំហ​ព័ត៌មាន​សុខភាព​។​

​លោក​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា​៖ «​បើ​អ្នកជំនាញ​វេជ្ជសាស្ត្រ​មិន​ចូលរួម​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព​ដល់​សាធារណជន​ទេនោះ ទុកឱ្យ​ក្រុម​អ្នកលក់​ឡេ និង​អាហារ​បំប៉ន​ដែល​គ្មាន​ជំនាញ​អ្វី​សោះ ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព​ជំនួស​ចុះ​»​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា ប្រសិនបើ​បញ្ញវន្ត និង​អ្នកជំនាញ​មិន​ចូលរួម​និយាយ និង​សរសេរ​សារ​អប់រំ​សង្គម​ទេ នោះ​វេទិកា​ឌីជីថល​អាច​នឹង​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ ឬ​ខ្លឹមសារ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការយល់ដឹង​របស់​សាធារណជន​។​

​អ្នកសង្កេតការណ៍​មើលឃើញថា ករណី​លោក​វេជ្ជបណ្ឌិត តុង បានបង្ហាញ​ពី​ភាព​តានតឹង​រវាង​ការរក្សា​ស្តង់ដារ​វិជ្ជាជីវៈ និង​តម្រូវ​ការចាំបាច់​ក្នុងការ​ផ្តល់ព័ត៌មាន​សុខភាព​ដល់​សាធារណជន​នៅក្នុង​យុគសម័យ​ឌីជីថល​។​

​អ្នកជំនាញ​សុខភាព​សាធារណៈ​មួយចំនួន​បាន​លើកឡើងថា ការត្រួតពិនិត្យ និង​គ្រប់គ្រង​ព័ត៌មាន​សុខភាព​គឺជា​រឿង​ចាំបាច់ ដើម្បី​ការពារ​សាធារណជន​ពី​ព័ត៌មាន​ខុសឆ្គង ឬ​អាច​បង្ក​គ្រោះថ្នាក់​។ ប៉ុន្តែ​ពួកគេ​ក៏បាន​គូសបញ្ជាក់ថា ការអប់រំ​សុខភាព​មិនគួរ​ត្រូវបាន​ច្រឡំ​ជាមួយ​ការធ្វើ​រោគវិនិច្ឆ័យ ឬ​ការព្យាបាល​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​អះអាងថា ការពន្យល់​អំពី​ការបង្ការ​ជំងឺ អាហារូបត្ថម្ភ សុខភាព​ផ្លូវចិត្ត ការអភិវឌ្ឍ​កុមារ និង​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺជា​សេវាសាធារណៈ​ដ៏​មានតម្លៃ​។​

​លោក​បានសរសេរថា​៖ «​ចំណេះដឹង​សុខភាព មិនមែន​គ្រាន់តែ​ជា​បញ្ហា​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ​ទេ​។ វា​គឺជា​បញ្ហា​នៃ​ការអភិវឌ្ឍ​ជាតិ​»​។​

​សម្រាប់​អ្នកវិភាគ​ជាច្រើន ការជជែក​ដេញដោល​ជុំវិញ​ករណីនេះ​បាន​លើសពី​សំណួរ​ថា តើ​ការសម្រេច​របស់​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​។ ផ្ទុយទៅវិញ វា​បានលើកឡើង​នូវ​សំណួរ​ធំ​ជាង​នេះ​ថា តើ​កម្ពុជា​អាច​រក​តុល្យភាព​រវាង​ការការពារ​សាធារណជន​ពី​ព័ត៌មាន​សុខភាព​មិន​ត្រឹមត្រូវ និង​ការលើកទឹកចិត្ត​ឱ្យ​អ្នកជំនាញ​ដែលមាន​សមត្ថភាព​បន្ត​ចូលរួម​អប់រំ​សង្គម​បាន​យ៉ាងដូចម្តេច​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា ការបញ្ចេញមតិ និង​ការចែករំលែក​ចំណេះដឹង​ដែលមាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ត្រូវបាន​លើកកម្ពស់ និង​លើកទឹកចិត្ត ដើម្បី​ធានា​ឱ្យ​លំហ​ព័ត៌មាន​នៅ​កម្ពុជា​សម្បូរ​ទៅដោយ​ព័ត៌មាន​ដែលមាន​គុណភាព និង​ផ្អែកលើ​ចំណេះដឹង​។​

​ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សុខភាព​ប្រជាពលរដ្ឋ និង​សុខុមាលភាព​សង្គម ត្រូវការ​ការយកចិត្ត​ទុកដាក់ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​យ៉ាង​ម៉ត់ចត់​មុននឹង​ផ្សព្វផ្សាយ ដោយសារ​វា​ខុសពី​ព័ត៌មាន​ទូទៅ ព្រោះ​ជា​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ទៅនឹង​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក ទេព អ​ស្នា​រិ​ទ្ធ បាន​ព្រមាន​ថា​: “​ការធ្វើ​អត្ថាធិប្បាយ​ហួស​ពី​តួនាទី​វិជ្ជាជីវៈ ឬ​ការផលិត​មាតិកា​បែប​បំផ្លើសការពិត ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​បង្កើន​ចំនួន​អ្នក​ចូល​មើល (Views) គឺជា​ទង្វើ​មិន​ត្រឹមត្រូវ​។ លោក​ថា ការនិយាយ​ហួស​ពី​ការពិត ឬ​លើសពី​ដែន​កំណត់​វិជ្ជាជីវៈ ដើម្បី​ទាក់ទាញ​អ្នកទស្សនា អាច​ចាត់ទុកថា​ជាការ​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ​”​។​

​លោក​បាន​បន្ថែមថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ ឬ​បំភាន់​អាចធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​អាច​នាំឱ្យមាន​ការយល់​ខុស​ក្នុង​ការថែទាំ​សុខភាព​របស់ខ្លួន​។​

​ពាក់ព័ន្ធ​នឹង​ស្តង់ដារ​នៃ​ព័ត៌មាន​សុខភាព លោក​បាន​គូសបញ្ជាក់ថា រាល់​ព័ត៌មាន​សុខភាព​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ គួរតែ​ផ្អែកលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​ដែល​ច្បាស់លាស់ ត្រឹមត្រូវ និង​អាច​ផ្ទៀងផ្ទាត់​បាន​។​

​លោក​បន្តថា​: “​ក្នុងករណី​ដែលមាន​ការផ្សព្វផ្សាយ​ផលិតផល​សុខភាព ឬ​ផលិតផល​ពាក់ព័ន្ធ​នឹង​ការថែទាំ​សុខភាព ផលិតផល​ទាំងនោះ​ត្រូវតែមាន​ការចុះ​បញ្ជិកា​ត្រឹមត្រូវ​តាមច្បាប់ និង​មានការ​ណែនាំ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ច្បាស់លាស់​”​។

​លោក​សង្កត់ធ្ងន់ថា ព័ត៌មាន​សុខភាព​មិនគួរ​ផ្អែកលើ​ការយល់ឃើញ​ផ្ទាល់ខ្លួន ឬ​ការសម្តែង​តាម​រូបភាព និង​វីដេអូ​តែប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ត្រូវ​ឈរលើ​ភស្តុតាង និង​មូលដ្ឋាន​វិទ្យាសាស្ត្រ​ដែល​អាច​ជឿទុកចិត្ត​បាន​។​

​លោក​បន្ដថា ជារួម ការផ្សាយ​ផលិតផល​គ្មាន​ការចុះ​បញ្ជិកា ការប្រើប្រាស់​ឈ្មោះ​ជា​គ្រូពេទ្យ​ទៅ​ផ្សព្វផ្សាយ ឬ​ពាក់ព័ន្ធ​នឹង​ផលិតផល​ណាមួយ​ដែល​មិនមាន​ការចុះ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល គឺជា​រឿង​មិន​ត្រឹមត្រូវ និង​អាច​ប៉ះពាល់​ទំនុកចិត្ត​មកលើ​វិស័យ​សុខាភិបាល ហើយ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​តម្លៃ និង​កិត្តិយស​របស់​គ្រូពេទ្យ​ដែល​បំពេញការងារ​ត្រឹមត្រូវ​។​

លោក អស្នារិទ្ធ អំពាវនាវដល់អ្នកបង្កើតមាតិកា លើបណ្តាញសង្គមទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនត្រូវឱ្យការផ្សាយ ប៉ះពាល់ បង្កហានិភ័យដល់សុខភាពសាធារណៈ ព្រោះដោយសារការចង់បាន Views ដោយគ្មានការទទួលខុសត្រូវឡើយ។

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ សូម​មានការ​ប្រុងប្រយ័ត្ន និង​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​មុននឹង​ជឿជាក់​លើ​ការផ្សាយ​នានា​ពិសេស​ប្រភព​បណ្តាញ​សង្គម ជាពិសេស​សូម​ប្រយ័ត្ន​ចំពោះ​ការទិញ​ផលិតផល​សុខភាព​ដែល​គ្មាន​ការទទួលស្គាល់​ច្បាស់លាស់​ពី​ក្រសួងសុខាភិបាល​។​

-Phnom Penh Post-

អត្ថបទទាក់ទង