Grand News Asia Close

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖ ទិវាចងចាំ ២០ ឧសភា ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1018
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖ ទិវាចងចាំ ២០ ឧសភា ២០២៦ -ក្មេងៗ​នៅ​ប្រាសាទអង្គរវត្ត នៅ​ឆ្នាំ​១៩៧៩។ រូបថត​ដោយ Dinh Phong នៅក្នុង​បណ្ដាសារ​មជ្ឈមណ្ឌលឯកសារ​កម្ពុជា- Khmer children rest in the shadow of Angkor. January 10, 1079. Dinh Phong/DC-Cam

#ទស្សនៈ

វីរបុរសសម័យទំនើប ជារឿយៗត្រូវបានគេសម្គាល់ថាគឺជាបុគ្គលដែលល្បីល្បាញដោយសារតែទ្រព្យសម្បត្តិស្តុកស្តម្ភ ឬឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។ ទោះជាយ៉ាងណាក៏ដោយ ទាំងអស់នេះគឺមិនមែនជានិយមន័យ ហើយក៏មិនមែនជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់វីរបុរសនោះទេ។ វីរបុរសពិតប្រាកដគឺជាបុគ្គលទាំង ឡាយណាដែលបានបង្ហាញនូវភាពក្លាហាន ភាពជាអ្នកដឹកនាំ ការបម្រើការងារដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងគុណសម្បត្តិដ៏ឧត្តុង្គឧត្តមផ្សេងទៀត ដោយមិនគិតពីផលចំណេញ រង្វាន់ ឬបុព្វសិទ្ធិអ្វីឡើយ។ អ្នករស់រានមានជីវិតពីសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងដំណាក់កាលផ្សេងទៀតនៃអំពើអមនុស្សធម៌ ឬការបង្អត់អាហារ និងសេរីភាពពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមគឺជាវីរបុរស។

អ្នករស់រានមានជីវិតទាំងនោះគឺជាវីរបុរស ពីព្រោះអ្នកទាំងអស់បានលះបង់ទាំងសុខភាព សុវត្ថិភាព សេចក្តីសុខផ្ទាល់ខ្លួន និងអាយុជីវិត ដោយមិនមែនដើម្បីស្វែងរកផលប្រយោជន៍ រង្វាន់ ឬបុព្វសិទ្ធិណាមួយឡើយប៉ុន្តែគឺដើម្បីតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ក្រុមគ្រួសារ សហគមន៍ និងជាតិសាសន៍របស់ខ្លួន។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជម្លោះផ្សេងទៀតនៃអំពើអមនុស្សធម៌ និងការបំផ្លិចបំផ្លាញ បាននិងកំពុងទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលមិនខុសពីវីរកងទ័ពនៅក្នុងជម្លោះប្រដាប់អាវុធនោះឡើយ។ អ្នករស់រានមានជីវិតជាច្រើននាក់ បានបង្ខំចិត្តលះបង់នូវសីលធម៌របស់ខ្លួនដើម្បីគ្រាន់តែអាចរស់ជីវិត។ អ្នករស់រានមានជីវិតជាច្រើន បានឃើញផ្ទាល់ភ្នែក ឬថែមទាំងបានចូលរួមនៅក្នុងសកម្មភាពដ៏ឃោរឃៅយង់ឃ្នង ដែលបានរួមចំណែក ឬធ្វើឱ្យអំពើអមនុស្សធម៌ដែលខ្លួនផ្ទាល់ជាជនរងគ្រោះនោះ កាន់តែបន្តអូសបន្លាយទៅមុខ។

ដោយសារតែមូលហេតុទាំងនេះហើយ ទើបអ្នករស់រានមានជីវិតជាច្រើនបានរែកពុនវិប្បដិសារីយ៉ាងជ្រាលជ្រៅដែលមិនអាចលុបបំបាត់បាន មិនត្រឹមតែចំពោះអ្វីដែលខ្លួនប្រហែលជាបានធ្វើតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះអ្វីដែលខ្លួនមានអារម្មណ៍ថាគួរតែបានធ្វើដើម្បីជួយដល់អ្នកដទៃ។

រឿងរ៉ាវរបស់អ្នករស់រានមានជីវិត បានបើកបង្ហាញឱ្យឃើញនូវទិដ្ឋភាពមួយដែលឆ្លុះបញ្ចាំងពីការតស៊ូប្រយុទ្ធរវាងវិប្បដិសារី និងកំហឹង ភាពទុក្ខសោក និងក្តីសង្ឃឹម ព្រមទាំងអំពើល្អ និងអំពើអាក្រក់ ដែលមិនត្រឹមតែជានិយមន័យនៃវីរបុរសពិតប្រាកដតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតថភាពនៃស្ថានភាពពិភពលោករបស់យើងថែមទៀតផង។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទទាក់ទង