Cambodia PR Team ទាក់ទងនឹងការដកខ្លួនរបស់ភាគីថៃចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការដកខ្លួនរបស់ភាគីថៃចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដកខ្លួនរបស់ភាគីថៃចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគី
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
សំណួរទី ១៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេចចំពោះការប្រកាសរបស់ថៃពាក់ព័ន្ធនឹងការលុប MOU ឆ្នាំ២០០១?
ចម្លើយ៖ កម្ពុជាសម្តែងការសោកស្តាយចំពោះការប្រកាសរបស់ភាគីថៃ ព្រោះ MOU ឆ្នាំ២០០១ គឺជាក្របខណ្ឌទ្វេភាគីសំខាន់សម្រាប់ដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយវិវាទតាមផ្លូវច្បាប់និងសន្តិវិធី ដោយបានងាកមកប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ (UNCLOS) វិញ ដែលជាយន្តការបង្កើតឡើងសម្រាប់ជួយដល់រដ្ឋភាគីឱ្យដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី និងដោយបង្ខំ ស្របតាមច្បាប់អន្តរជាតិ។ នេះបង្ហាញពីការប្តេជ្ញាក្នុងការការពារផលប្រយោជន៍ជាតិដោយទំនួល ខុសត្រូវខ្ពស់។
សំណួរទី ២៖ ៖ តើការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ អាចធ្វើឱ្យកម្ពុជាបាត់បង់សិទ្ធិក្នុងការទាមទារ តំបន់ដែនសមុទ្រត្រួតគ្នា(OCA) ដែរឬទេ?
ចម្លើយ៖ ការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ មិនអាចធ្វើឱ្យកម្ពុជាបាត់បង់សិទ្ធិក្នុងការទាមទារតំបន់ដែនសមុទ្រត្រួតគ្នា(OCA) នោះទេ។ សិទ្ធិរបស់កម្ពុជាលើការទាមទារតំបន់ដែនសមុទ្រត្រួតគ្នា គឺផ្អែកលើគោលការណ៍ ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មិនមែនអាស្រ័យតែលើ MOU ឆ្នាំ២០០១ ប៉ុណ្ណោះទេ។ ដូច្នេះ ទោះជាមានការផ្លាស់ប្តូរណាមួយពីភាគីថៃក៏ដោយ ក៏កម្ពុជានៅតែរក្សាសិទ្ធិស្របច្បាប់និងពេញលេញ ក្នុងការបន្តទាមទារ និងការពារផលប្រយោជន៍ជាតិរបស់ខ្លួនតាមយន្តការអន្តរជាតិដដែល។
សំណួរទី ៣៖ តើការប្រកាសរបស់ថៃអំពីការលុប MOU ឆ្នាំ២០០១ មានសុពលភាពផ្លូវច្បាប់ពេញលេញ ហើយឬនៅ?
ចម្លើយ៖ ការប្រកាសរបស់ថៃអំពីការលុប MOU ឆ្នាំ២០០១ មិនទាន់មានសុពលភាពផ្លូវច្បាប់ពេញលេញនៅឡើយទេ។ រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលបានលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃទាក់ទងនឹងការបញ្ចប់ MOU ឆ្នាំ ២០០១ ស្របតាមនីតិវិធីដែលមានចែងក្នុងមាត្រា ៦៥ និង ៦៧ នៃអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញានៅឡើយទេ។
ដូច្នេះ តាមទិដ្ឋភាពផ្លូវច្បាប់អន្តរជាតិ ការលើកឡើងជាសាធារណៈតែតាមរយៈពាក្យសម្តីមិនទាន់អាចចាត់ទុកថាបានបំពេញនីតិវិធីផ្លូវការពេញលេញនៅឡើយទេ ហើយកម្ពុជានៅតែប្រកាន់ខ្ជាប់ការគោរពខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ៕





