Grand News Asia Close

(វីដេអូ) ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ្នកច្បាប់ ដើម្បីពង្រឹងការអនុវត្តភារកិច្ច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 639

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុតក្នុងនាមជា សេនាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាពនៃការងារស្រាវជ្រាវនិងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ រដ្ឋធម្មនុញ្ញនិងគោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកំរិតនាយកដ្ឋាន និងមន្ត្រីជំនាញ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេចបាននូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា បេសកកម្មការងារចម្បងដែលក្រុមប្រឹក្សាអ្នកច្បាប់បាននិងកំពុងអនុវត្ត ត្រូវតែមានរបៀបនៃការដឹកនាំឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ធ្វើការតាមមុខងារភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍  បុរេសកម្ម គឺ«ធ្វើការងារផង និងកែទម្រង់ផង » ដើម្បីធានាថា គ្រប់គ្នាត្រូវតែមានឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័នរបស់ខ្លួន និងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយផ្តោតជាសំខាន់លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំតាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាពច្បាប់ឱ្យបានស៊ីជំរៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។

បើទោះបីក្របខណ្ឌនៃភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ផ្តោតលើ គុណវុឌ្ឍនៃនីតិរដ្ឋបាល និងនីតិឯកជនក្តី ក៏ប៉ុន្តែដើម្បីបានមូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់សេដ្ឋកិច្ច សង្គម ឱ្យមានលទ្ធផលគាប់ប្រសើរ  ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងជាផែនការសម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខ និងរយៈពេលវែង សម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងនោះរួមមាន៖

ទី១- ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាពគឺប្រសិទ្ធភាពក្នុងការផ្តល់យោបល់លើ

សេចក្តីព្រាងច្បាប់ដែលក្រសួង ស្ថាប័ននីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតែពង្រឹងសមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការវិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្សដែលមាននូវសមត្ថភាពក្នុងការតាក់តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំងសមត្ថភាពនៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម  ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយក្រសួងពាក់ព័ន្ធ  គឺត្រូវតែមានភាពច្បាស់លាស់ដើម្បីលើកជាយោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេច។

ទី២- លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាពទម្រង់ ទស្សនាទានច្បាប់  និងទាំងខ្លឹមសារបច្ចេកទេសច្បាប់ ដែលនឹងចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ទាំងក្នុងស្រុក ឬក៏ការតម្រូវឱ្យមានអ្នកជំនាញជាន់ខ្ពស់ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិបង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសផងដែរ។ ជាពិសេស នឹងស្នើឱ្យមានការរៀបចំបែងចែកជាក្រុមៗ តាមជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់។

ទី៣- ការគិតគូ ដើម្បីពង្រឹងស្ថាប័ន ក្បាលម៉ាស៊ីនដឹកនាំ ក្រុមប្រឹក្សាអ្នកច្បាប់ រួមទាំងភាពសកម្មរបស់អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ទីប្រឹក្សា និងជំនួយការ។

ជារួម ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ថា ក្រុមប្រឹក្សាអ្នកច្បាប់ គឺជាស្ថាប័នខួរក្បាលដ៏សំខាន់មួយនៅក្នុងបេសកកម្មបម្រើរាជរដ្ឋាភិបាល ដែលត្រូវតែជាធនធានមនុស្សដែលមានទាំងជំនាញ ចំណេៈដឹងជ្រៅជ្រះផ្នែកច្បាប់ក្នុងការប្រតិបត្តិមុខងាររបស់ខ្លួន សម្រាប់ការស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលក្រសួង ស្ថាប័នពាក់ព័ន្ធស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ។ ហេតុនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែជាអ្នកធានានូវយុត្តិធម៌ តម្លាភាព និងជាទំនុកចិត្តរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ភារកិច្ចជូន និងត្រូវតែមាននូវសមត្ថភាពពេញលេញ ជាមួយនឹងការខិតខំលើកតម្កើងតម្លៃ កេរ្តិ៍ឈ្មោះ និងកិត្តិយសនៃស្ថាប័នក្រុមប្រឹក្សាអ្នកច្បាប់ ធ្វើយ៉ាងណា គឺធានាឱ្យបានជាដាច់ខាតនូវប្រសិទ្ធភាពការងារ។

អត្ថបទទាក់ទង