Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជា Thucydides Trap ហើយហេតុអ្វីលោក ស៊ី ជីនពីង លើកឡើងជាមួយលោក ត្រាំ?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1022
វិភាគអន្តរជាតិ៖ អ្វីទៅជា Thucydides Trap ហើយហេតុអ្វីលោក ស៊ី ជីនពីង លើកឡើងជាមួយលោក ត្រាំ? វិភាគអន្តរជាតិ៖ អ្វីទៅជា Thucydides Trap ហើយហេតុអ្វីលោក ស៊ី ជីនពីង លើកឡើងជាមួយលោក ត្រាំ?

#វិភាគអន្តរជាតិ

(វ៉ាស៊ីនតោន)៖ នៅពេលបានជួបលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចោទសួរនូវសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយថាតើចិន និងសហរដ្ឋអាមេរិកអាចគេចផុតពី «អន្ទាក់ Thucydides Trap» បានដែរឬក៏អត់? Thucydides Trap ជាទ្រឹស្ដីមួយដែលអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកដ៏ល្បីល្បាញម្នាក់យកមកពិពណ៌នាពីការប្រកួតប្រជែងរវាង សហរដ្ឋអាមេរិក និងចិន ដែលក្នុងនោះបើទោះជាភាគីទាំងសងខាងមិនចង់ប្រឈមមុខដាក់គ្នាក៏ដោយ ក៏នៅទីបំផុតទៅ ការប្រកួតប្រជែងរវាងមហាអំណាចទាំង២ នឹងបង្កទៅជាជម្លោះប្រដាប់អាវុធដោយម្ខាងប្រឹងដណ្ដើម រីឯម្ខាងទៀតប្រឹងការពារតំណែងជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក។

តាមពិតទៅ Thucydides ជាឈ្មោះរបស់អ្នកប្រវត្តិសាស្ត្រ និងជាឧត្តមសេនីយ៍ម្នាក់របស់ក្រិក អំឡុងស.វទី៥ មុនគ.ស។ លោក Thucydides បានសរសេរពន្យល់ពីសង្រ្គាម Peloponnesian War រវាងបុរី Athens ដែលជាមហាអំណាចកំពុងរះ និងកំពូលមហាអំណាច Sparta នៅសម័យក្រិកបុរាណ។ សង្រ្គាមនេះជារឿងមួយចៀសមិនរួច ក៏ព្រោះតែការលេចធ្លោរជាមហាអំណាចរបស់បុរី Athens បានធ្វើឱ្យ Sparta បារម្ភខ្លាចបាត់បង់តំណែងជាកំពូលមហាអំណាច ហើយដើម្បីការពារតំណែងនេះសង្រ្គាមនៅទីបំផុតត្រូវកើតឡើងដោយចៀសមិនរួច។ ទ្រឹស្តី Thucydides មានភាពល្បីល្បាញខ្លាំងអំឡុង២០១០ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកមកពីសាកលវិទ្យាល័យ Harvard លោក Graham Allison បានយកទ្រឹស្ដីនេះមកប្រៀបធៀបការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិកដែលជាកំពូលមហាអំណាចលេខ១របស់ពិភពលោកសព្វថ្ងៃ និងចិនជាដែលមហាអំណាចកំពុងរះ។ តាមលោក Allison ការរីកចម្រើន ទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធារបស់ចិនបាន និងកំពុងបង្កជាបញ្ហាប្រឈមដល់អនុត្តរភាពយូរអង្វែងមកហើយរបស់សហរដ្ឋអាមេរិកក្នុងជាកំពូលមហាអំណាច។

* ហេតុអ្វីលោក ស៊ី ជីនពីងលើកឡើងពីទ្រឹស្ដី Thucydides?
តាមលោក Zichen Wang ជាអ្នកវិភាគម្នាក់មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង លោក ស៊ី ជីនពីងបានប្រើប្រាស់ទ្រឹស្ដី Thucydides តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។ លោក ស៊ី ជីនពីង បានប្រើទ្រឹស្ដី Thucydides ថ្មីចុងក្រោយបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងជំនួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសប៉េរូ។

ក្រុមអ្នកវិភាគជឿថាតាមរយៈការប្រើប្រាស់ទ្រឹស្ដី Thucydides លោក ស៊ី ជីនពីង ចង់បញ្ជូនសារថាជម្លោះមិនមែនជារឿងដែលគេចមិនរួចនោះទេ។ ក្នុងន័យនេះចិនចង់និយាយថាភាគីទាំង២ គួរតែស្វែងរកមធ្យោបាយមួយដើម្បី រួមរស់នៅជាមួយគ្នា ដែលជាញឹកញាប់ប៉េកាំងពិពណ៌នាថាជាការរួមរស់ជាមួយគ្នាដោយការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ វាក៏មានបង្កប់ន័យយុទ្ធសាស្ត្រផងដែរ។ តាមរយៈការលើកឡើងពីទ្រឹស្ដី Thucydides ចិនចង់សំដៅថាភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកមានវិសាលភាពលើសពីជម្លោះពាណិជ្ជកម្ម ឬសំណុំរឿងតៃវ៉ាន់ ដែលនេះតម្រូវឱ្យភាគីទាំងសងខាងត្រូវរកមធ្យោបាយថាតើត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក យ៉ាងដូចម្ដេច? លើសពីនេះទៅទៀត ដោយប្រើប្រាស់ទ្រឹស្តីនេះ ចិនចង់បង្ហាញថាខ្លួនជាកំពូលមហាអំណាចមួយស្មើមុខស្មើមាត់ដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក មិនមានជាប្រទេសចំណុះ ឬចាប់តែស្ដាប់តាមបង្គាប់របស់ សហរដ្ឋអាមេរិកនោះទេ។ ខណៈលោក ស៊ី ជីនពីង ចោទសួរថាតើចិន និងសហរដ្ឋអាមេរិកអាចគេចផុតអន្ទាក់ «Thucydides Trap» បានដែរឬទេ? ក្រុមមន្ត្រីអាមេរិកមួយចំនួនមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះការប្រើប្រាស់ ទ្រឹស្ដីនេះ និងផ្តោតទៅលើការគ្រប់គ្រងកុំឱ្យការប្រកួតប្រជែងជាមួយចិនបង្កទៅជាជម្លោះ។

លោក Allison បានលើកឡើងពីករណីចំនួន១៦ ក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនេះ ដែលក្នុងនោះមាន ១២ករណី នៃការប្រកួតប្រជែងរវាងកំពូលមហាអំណាច និងមហាអំណាចកំពុងលេចធ្លោរ បានបង្កទៅជាសង្រ្គាម។ ជាឧទាហរណ៍៖ ក្នុងសង្រ្គាមលោកលើកទី១ អាល្លឺម៉ង់បានព្យាយាមពងី្រកអំណាចយោធានៅទូទាំងតំបន់អឺរ៉ុប និងចង់បង្កើតចក្រភពផ្ទាល់ខ្លួនមួយដែលនេះបានបង្កជាភាពតានតឹងជាមួយមហាអំណាចលេចធ្លោរជាងគេនៅសម័យនោះ គឺចក្រភពអង់គ្លេស។ លោក Allison បានអះអាងថាខណៈចិនកាន់តែមានអំណាចខ្លាំងឡើងៗ វានឹងគំរាមកំហែងដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក។ ម្លោះហើយដើម្បីការពារកុំឱ្យរបូតតំណែងជាកំពូលមហាអំណាចលេខ១របស់ ពិភពលោក សហរដ្ឋអាមេរិកនឹងប្រើប្រាស់គ្រប់មធ្យោបាយ និងជាលទ្ធផល វានឹងធ្វើឱ្យការប្រកួតប្រជែងគ្នាកាន់តែមានអរិភាពដាក់គ្នារហូតឈានឆ្ពោះទៅកាន់ជម្លោះប្រដាប់អាវុធ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនយល់ថាពួកមហាអំណាចអាចរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងគេចផុតពីអន្ទាក់ Thucydides Trap។ ជាឧទាហរណ៍៖ កាលពីជាងមួយស.វមុន សហរដ្ឋអាមេរិកបានវ៉ាដាច់ ចក្រភពអង់គ្លេស ក្លាយជាកំពូលមហាអំណាចយោធា និងនយោបាយ នៅក្រោមការផ្ទេរអំណាចមួយដោយរលូន។ ក្រៅពីនេះបន្ទាប់ពីអាល្លឺម៉ង់រួបរួមគ្នាជាប្រទេសតែមួយឡើងវិញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ទីក្រុងបែរឡាំងបានក្លាយជា មហាអំណាចដ៏ធំមួយក្នុងតំបន់អឺរ៉ុបដោយមិនមានជម្លោះប្រដាប់អាវុធផ្ទុះឡើងឡើយ។ មិ​នតែប៉ុណ្ណោះ សូម្បីតែក្នុងសម័យសង្រ្គាមត្រជាក់ក៏បានបង្ហាញដែរថាការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតមិនបានបង្ក ទៅជាជម្លោះប្រដាប់អាវុធដោយផ្ទាល់នោះទេ បើទោះជាមហាអំណាចទាំង២ប្រកួតប្រជែងគ្នាតាមរយៈសង្រ្គាម proxy ក៏ដោយ។ ក្រុមអ្នកភាគខ្លះជឿថាទ្រឹស្តី Thucydides Trap មានលក្ខណៈសាមញ្ញពេក និងមិនបានពន្យល់ គ្រប់ជ្រុងជ្រោយពីមូលហេតុដែលសង្រ្គាមផ្ទុះឡើង។ បានន័យវាជារឿងដែលគេគ្រប់គ្នាមើលឃើញនឹងភ្នែកថាការងើបឡើងនៃមហាអំណាចថ្មី ចង់ឬមិនចង់តែងតែបង្កការគំរាមកំហែងដល់អំណាច និងឥទ្ធិពលរបស់មហាអំណាច កំពុងកាន់អំណាច។ ដូច្នេះទើបពួកគេមានការសង្ស័យពីការប្រើប្រាស់ទ្រឹស្តីនេះក្នុងការព្យាករពីជម្លោះរវាងសហរដ្ឋអាមេរិក និងចិន៕

-Fresh News-

អត្ថបទទាក់ទង