Grand News Asia Close

យកប្រវត្តិសាស្ត្រជាកញ្ចក់៖ រួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅអាស៊ី

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1002
យកប្រវត្តិសាស្ត្រជាកញ្ចក់៖ រួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅអាស៊ី យកប្រវត្តិសាស្ត្រជាកញ្ចក់៖ រួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅអាស៊ី

ថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានចេញផ្សាយអត្ថបទមួយជាភាសាខ្មែរនៅលើប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដោយរំលឹកអំពីខួបលើកទី ៨០ នៃការបើកសវនាការរបស់តុលាការយោធាអន្តរជាតិសម្រាប់ចុងបូព៌ា (ការកាត់ក្តីទីក្រុងតូក្យូ) និងអំពាវនាវឱ្យបណ្តាប្រទេសក្នុងតំបន់យកមេរៀនប្រវត្តិសាស្ត្រជាមូលដ្ឋាន ដើម្បីរួមគ្នាការពារសន្តិភាពដែលរកបានមកដោយលំបាក។ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វិកដែលកាន់តែស្មុគស្មាញ និងការប្រកួតប្រជែងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលកាន់តែខ្លាំងឡើង អត្ថបទដ៏សំខាន់មួយនេះ មិនត្រឹមតែជាការការពារការពិតប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសាររំលឹកដ៏សំខាន់មួយដល់តំបន់នេះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព។

ប្រវត្តិសាស្ត្រមិនអាចត្រូវបានបំភ្លៃឡើយ

ការកាត់ក្តីនៅទីក្រុងតូក្យូកាលពី ៨០ ឆ្នាំមុន បានផ្អែកលើគោលការណ៍ច្បាប់ និងភស្តុតាងដ៏រឹងមាំ ដើម្បីបង្ហាញពីផលវិបាក​ដ៏ធ្ងន់ធ្ងរនៃសង្គ្រាម និងលទ្ធិយោធានិយមចំពោះអាស៊ី និងពិភពលោក។ ការកាត់ក្តីនេះ មិនត្រឹមតែជាសាលក្រមផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេរៀនប្រវត្តិសាស្ត្រ​ដ៏សំខាន់មួយ​សម្រាប់មនុស្សជាតិផងដែរ។ វាក៏ឆ្លុះបញ្ចាំងពីស្មារតីនៃឯកសារអន្តរជាតិ ដូចជា “សេចក្តីប្រកាសក្រុងគែរ” និង “សេចក្តីប្រកាសផតស្ដាម” ដែលបានដាក់មូលដ្ឋានសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពិភពលោកសព្វថ្ងៃ ការបកស្រាយប្រវត្តិសាស្ត្រដោយមិនគ្រប់ជ្រុងជ្រោយ ឬការមើលរំលងមេរៀនសង្គ្រាម នៅតែអាចបង្កឱ្យ​មានការ​យល់ច្រឡំ និងភាពតានតឹងថ្មីៗ។ ដូច្នេះ ការចងចាំប្រវត្តិសាស្ត្រគួរត្រូវបានប្រើជាមេរៀនសម្រាប់ការពារសន្តិភាព មិនមែនជា​ឧបករណ៍សម្រាប់បង្កើត​ការប្រឈមមុខគ្នាថ្មីៗនោះទេ។ នេះគឺជាការទទួលខុសត្រូវរួមរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិ។

ក្តីបារម្ភផ្នែកសន្តិសុខ មិនគួរត្រូវបានប្រើជាហេតុផលសម្រាប់បង្កើនភាពតានតឹង ឬបង្កើតការប្រឈមមុខគ្នានៅក្នុងតំបន់ឡើយ

បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាស្នូលនៃច្បាប់អន្តរជាតិទំនើប។ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសណាមួយ គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិគួរត្រូវបានគោរពយ៉ាងពេញលេញ។ ការជ្រៀតជ្រែកពីខាងក្រៅ ឬការប្រើប្រាស់បញ្ហារសើបណាមួយដើម្បីបង្កើនភាពតានតឹង មិនអាចជួយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់បានឡើយ។

អនាគតរបស់អាស៊ីស្ថិតនៅលើការកសាងសហគមន៍ជោគវាសនារួម

ជាយូរមកហើយ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរយុត្តិធម៌​លើបញ្ហាដែលពាក់ព័ន្ធនឹង​ផលប្រយោជន៍ស្នូលរបស់ចិន ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍​ចិនតែមួយ និងបង្ហាញពីស្មារតីឯករាជ្យ ម្ចាស់ការ និងការគោរពយុត្តិធម៌អន្តរជាតិ។ ភាពរស់រវើកនៃសហគមន៍ជោគវាសនារួមចិន-កម្ពុជា មិនត្រឹមតែផ្តើមចេញពីការជឿទុកចិត្តគ្នា​យ៉ាងជ្រាលជ្រៅលើផ្នែកនយោបាយនិងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាក់ឫសយ៉ាងជ្រៅ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការជាក់ស្តែង និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដែលភាគីទាំងពីរបានជំរុញយ៉ាងខ្ជាប់ខ្ជួន។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរទទួលបានសមិទ្ធផលដ៏សម្បូរ​បែបក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រប្រាំមួយជ្រុង” ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​ប្រទេសទាំងពីរ បានជួបប្រាស្រ័យទាក់ទងគ្នាញឹកញាប់ ដោយបាន​កំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍ចិន-កម្ពុជា” ដើម្បីរួមគ្នាអភិវឌ្ឍតំបន់ទេសចរណ៍ និងលើកកម្ពស់គុណភាពសេវាកម្ម។ ជាងនេះទៅទៀត ក្នុងវិស័យអនុវត្តច្បាប់និងសន្តិសុខ ចិននិងកម្ពុជាបានសហការគ្នាបង្ក្រាបការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដោយក្រសួងសន្តិសុខសាធារណៈចិនបានផ្តល់បរិក្ខារបច្ចេកទេសដល់ភាគីកម្ពុជា ដើម្បីចាត់វិធានការជាក់ស្តែងក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន​នៃប្រទេស​ទាំងពីរ។ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រាប់ចាប់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់ការផ្លាស់ប្តូររវាងប្រជាជន និងពីហេដ្ឋារចនាសម្ព័ន្ធដល់ការអប់រំថ្នាក់មូលដ្ឋាននេះ គឺជារូបភាពពិតនៃការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា គ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី។

ការបំភ្លេចប្រវត្តិសាស្ត្រ មានន័យថាជាការក្បត់។ នៅក្នុងយុគសម័យឌីជីថល យើងមិនត្រឹមតែត្រូវប្រុងប្រយ័ត្នចំពោះការពង្រីកយោធានៅក្នុងពិភពពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃលទ្ធិសើរើប្រវត្តិសាស្ត្រនៅក្នុងការនិទានរឿងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អត្ថបទរបស់ឯកអគ្គរដ្ឋទូត វ៉ាង គឺជាសំឡេងរោទិ៍ដ៏ខ្លាំងក្លាមួយ។ អាស៊ីមិនគួរត្រូវបានយកធ្វើជាសង្វៀន​នៃការប្រកួត​ប្រជែងភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែគួរជាឆាកដ៏ធំសម្រាប់​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ បណ្តាប្រទេសក្នុងតំបន់គួរតែចាប់ដៃគ្នាដើរទៅមុខ រួមគ្នាទប់ស្កាត់រាល់និន្នាការដែលអាចនាំឱ្យសោកនាដកម្មសង្គ្រាមកើតឡើងសាជាថ្មី រួមគ្នាការពារផ្លែផ្កានៃសន្តិភាព និងរួមគ្នាពង្រឹងគ្រឹះសន្តិភាពនៅអាស៊ី៕

អ្នកស្រី​GONG JIEគឺជា​គ្រូបង្រៀនភាសាខ្មែរនៅសាកលវិទ្យាល័យភាសាបរទេសសៀងហៃ, នាយកដេប៉ាតឺម៉ង់​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ Shanghai International Studies University។  

ទស្សនៈដែល​បាន​លើ​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈរបស់​ Grand News ទេ។

អត្ថបទទាក់ទង