វិភាគអន្តរជាតិ៖ ជួបគ្នានៅប៉េកាំង តើលោក ត្រាំ ឬលោក ស៊ី ជីនពីង កាន់សន្លឹកបៀរធំក្នុងដៃ?
(ប៉េកាំង)៖ បើមិនមានអ្វីប្រែប្រួលទេ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបាន កំណត់ដោយ semiconductors (បន្ទះឈីប) ឱនភាពពាណិជ្ជកម្ម និងកូតាទិញសណ្ដែកសៀង។ តែក្នុងពេលបច្ចុប្បន្ន ការប្រកួតប្រជែងនេះក៏ត្រូវបានកំណត់ដែរ ដោយកប៉ាល់ដឹកប្រេងដែលកំពុងជាប់គាំងនៅក្នុងតំបន់ច្រកសមុទ្រ Hormuz និងហានិភ័យនៃការផ្ទុះឡើងវិញនៃសង្រ្គាមអ៉ីរ៉ង់។
កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង មិនមែនគ្រាន់តែជាកិច្ចប្រជុំការទូតប៉ុណ្ណោះទេ តែវាជាការប្រកួតប្រជែងខាងយុទ្ធសាស្ត្រដ៏សំខាន់មួយដោយនរណា កាន់សន្លឹកបៀរធំនៅក្នុងដៃ អ្នកនោះអាចនឹងមានប្រៀបនៅឯតុចរចា។ សម្រាប់លោក ត្រាំ ការបង្កើនការដាក់សម្ពាធលើអ៉ីរ៉ង់ ក៏នឹងជះឥទ្ធិពលដល់ចិនផងដែរ។ តាមរយៈ ការបិទខ្ទប់ និងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ច្រកសមុទ្រ Hormuz លោក ត្រាំមិនមែនមានគោលដៅត្រឹមតែខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៉ីរ៉ង់នោះទេ តែក៏តម្រង់ទៅរកចិន ដែលត្រូវបានគេចាត់ទុកជា «រោងចក្ររបស់ពិភពលោក» ផងដែរ។ ក្នុងន័យនេះ លោក ត្រាំ ចង់ឱ្យខ្ចីឥទ្ធិពលសេដ្ឋកិច្ច និងការទូតរបស់ចិនដាក់សម្ពាធលើអ៉ីរ៉ង់ឱ្យ យល់ព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ បើពុំដូច្នោះទេចិនខ្លួនឯងអាចនឹងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិថាមពលដែលនឹងធ្វើឱ្យខូចខាតដល់ កិត្យានុភាពរបស់គណបក្សកុម្មុយនិស្ដចិន។ ដូច្នេះតើលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីងមានសន្លឹកបៀរអ្វីខ្លះនៅក្នុងដៃ?
និយាយពីសហរដ្ឋអាមេរិក លោក ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង ជាមួយសន្លឹកបៀរ «សន្តិភាពតាមរយៈអំណាច» ឬ peace through strength»។
១៖ ឯករាជ្យភាពថាមពល៖ ផ្ទុយទាំងស្រុងពីទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកឥលូវបានក្លាយជាប្រទេសនាំចេញថាមពលមួយរួចស្រេចទៅហើយ។ ការណ៍នេះបាន អនុញ្ញាតឱ្យលោកប្រើប្រាស់ទណ្ឌកម្មប្រេងជាអាវុធដោយអាចកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ហើយអាវុធបែបនេះលោក ស៊ី ជីនពីងមិនមាននោះទេ។
២៖ សម្ព័ន្ធមិត្តកាន់តែជិតស្និទ្ធ៖ ទីក្រុងវ៉ាស៊ីនតោនបានទទួលជោគជ័យក្នុងការពង្រឹងសម្ព័ន្ធមិត្តជាមួយក្រុមប្រទេសដែលជាគូប្រជែងរបស់ចិន ដូចជាឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដែលជាសមាជិករបស់ក្រុមប្រទេស Quad ដើម្បីទប់ទល់នឹងការពង្រីកដែនសមុទ្ររបស់ចិន។
៣៖ លុយដុល្លារ និងពន្ធគយ៖ លុយដុល្លារអាមេរិកនៅតែជារូបិយបណ្ណបម្រុងរបស់ពិភពលោក ហើយលោក ត្រាំ នៅតែមានឆន្ទៈក្នុងការប្រើប្រាស់ពន្ធគយដើម្បីជា ការក្រើនរំឮកពីការពឹងផ្អែករបស់ចិនលើទីផ្សារអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។
៤៖ ការបាចសាចអំណាចយោធា៖ ការដាក់ពង្រាយកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកទៅកាន់តំបន់មជ្ឈិមបូព៌ា និងសមុទ្រចិនខាងត្បូង គឺមានបង្កប់ចេត២៖ មួយជាការឱ្យសញ្ញាទៅកាន់អ៉ីរ៉ង់ថាសហរដ្ឋអាមេរិកបានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារយោធា និងមួយទៀតជាការដាស់រំឮកចិនថា ផ្លូវសមុទ្រនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោក ស៊ី ជីនពីងអាចបើកចំហទៅបាន ទាល់តែមានការអនុញ្ញាតពីសហរដ្ឋអាមេរិក។ តែនិយាយបែបនេះមិនមែន មានន័យថាលោក ស៊ី ជីងពីងមិនមានសន្លឹកបៀរនៅក្នុងដៃនោះទេ។ លោក ស៊ី ជីនពីងមានសន្លឹកបៀរដែលអាចបង្កការខាតបង់ដល់សហរដ្ឋអាមេរិក តួយ៉ាង ខ្សែច្រវាក់ផ្គត់ផ្គង់ និងការខាតបង់ខាងសេដ្ឋកិច្ច។ ចិនមានសន្លឹកបៀរដូចជា៖
១. រោងចក្ររបស់ពិភពលោក៖ ចិនត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោក ដោយអាចគ្រប់គ្រងលើការផលិតទំនិញសំខាន់ៗ។ ប្រសិនបើសម្រេចចិត្តពន្យឺត ការផលិត ឬរឹតត្បិតលើការនាំចេញ នោះលោក ស៊ី ជីនពីង អាចនាំចេញអតិផរណាទៅកាន់សហរដ្ឋអាមេរិក ហើយអតិផរណានេះអាចនឹងវាយប្រហារយ៉ាងខ្លាំងដល់ ប្រជាប្រិយភាពរបស់លោក ត្រាំ នៅមុនសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតមុនអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦។
២. រ៉ែកម្រ៖ ចិនកំពុងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រដែលមានសារៈសំខាន់បំផុតចំពោះគ្រឿងអេឡិចត្រនិករាប់ចាប់ពី iPhones រហូតដល់យន្ដហោះចម្បាំង F-35។ ការរឹតត្បិត ឬការដាក់ចេញបម្រាមនាំចេញរ៉ែកម្រអាចនឹងបង្កខាតបង់យ៉ាងធំដល់វិស័យបច្ចេកវិទ្យា និងការពារជាតិរបស់សហដ្ឋអាមេរិក។
៣. ការកើនឡើងអំណាចស្រទន់៖ ដោយមានបណ្ដាញឌីជីថល និងសេដ្ឋកិច្ចដ៏ធំរបស់ខ្លួន ចិនអាចដាក់សម្ពាធតាមរយៈ «អំណាចស្រទន់» លើក្រុមហ៊ុនអាមេរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ដែលនេះនឹងធ្វើឱ្យការស្វែងរក ឬដាក់ចេញចំណាត់ការរួមប្រឆាំងនឹងចិនមានការលំបាក។
៤. បោះដៃទៅរករុស្ស៉ី៖ ខណៈមនុស្សជាច្រើនយល់ថាចិនអាចនឹងទិញប្រេងពីរុស្ស៉ី ដើម្បីជំនួសប្រេងអ៉ីរ៉ង់ ការពិតវាមិនងាយស្រួលនោះទេ។ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ បំពង់បង្ហូរប្រេង និងរោងចក្រចម្រាញ់ប្រេងត្រូវការពេលច្រើនឆ្នាំ។ ប្រសិនបើសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ាផ្ទុះឡើង រុស្ស៉ីមិនអាចបំពេញ តម្រូវការ ៥០ភាគរយនៃប្រេងដែលចិននាំចូលពីមជ្ឈិមបូព៌ានោះឡើយ។ អ៉ីរ៉ង់គឺជាវិបត្តិបន្ទាន់មួយ តែតៃវ៉ាន់នៅតែជាចំណុចរសើបបំផុតក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក រីឯការបិទខ្ទប់ច្រកសមុទ្រ Hormuz នឹងក្លាយជាគំរូមួយទៅថ្ងៃក្រោយ។ ប្រសិនបើសហរដ្ឋអាមេរិកអាចគំរាមបិទច្រកសមុទ្រ Hormuz មិនឱ្យ កប៉ាល់ដឹកប្រេងរបស់ចិនឆ្លងកាត់ នោះចិនក៏អាចគំរាមបិទខ្ទប់ច្រកសមុទ្រតៃវ៉ាន់ដូចគ្នាដែរ។ នៅទីនេះក្នុងពេលដែលលោក ស៊ី ជីនពីង និងលោក ត្រាំ កំពុងត្រៀមជួបគ្នា សេណារីយ៉ូចំនួន៣ អាចនឹងលេចឡើង៖
* សេណារីយ៉ូទី១៖ លោក ត្រាំ នឹងយល់ព្រមបន្ធូរបន្ថយពន្ធគយលើបច្ចេកវិទ្យាមួយចំនួន និងផ្ដល់ការធានាសន្តិសុខពាក់ព័ន្ធនឹងស្ថានភាពដើមរបស់តៃវ៉ាន់ និងគោលនយោបាយចិនតែមួយ។ ជាការថ្នូរត្រឡប់ទៅវិញ លោក ស៊ី ជីនពីង យល់ព្រមកាត់បន្ថយការនាំចូលប្រេងអ៉ីរ៉ង់ ហើយដាក់សម្ពាធជាសាធារណៈឱ្យតេហេរ៉ង់ ត្រឡប់ទៅរកតុចរចាវិញ។ ក្នុងសេណារីយ៉ូនេះ មេដឹកនាំទាំង២អាចប្រកាសពីជ័យជម្នះ៖ លោក ត្រាំ អាចតាំងខ្លួនជាអ្នកស្វែងរកសន្តិភាព រីឯលោក ស៊ី ជីនពីង ជាអ្នករក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក។
* សេណារីយ៉ូទី២៖ មិនអាចសម្រេចបានលទ្ធផលធំដុំ។ ចិននឹងនៅតែបន្តទិញប្រេងពីអ៉ីរ៉ង់ដែលនឹងផ្ដល់ខ្យល់អុកស៊ីសែនដល់សេដ្ឋកិច្ចរបស់តេហេរ៉ង់ រីឯសហរដ្ឋអាមេរិក បន្តរក្សាការដាក់ទណ្ឌកម្មលើរបបដឹកនាំតេហេរ៉ង់។ សង្រ្គាមវោហាសាស្ត្រអាចនៅតែក្ដៅគគិក ប៉ុន្តែសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចបន្តរក្សាបទឈប់បាញ់ដើម្បីបញ្ចៀសកុំឱ្យ សង្រ្គាមពេញទំហឹងមួយផ្ទុះឡើង។ នេះជាសេណារីយ៉ូមួយដែលក្រុមអ្នកជំនាញភាគច្រើនបានព្យាករទុកមុន នោះគឺជម្លោះនឹងបិទបញ្ចប់បនិ្តចម្ដងៗ តែពិភពលោកនៅតែប្រឈមនឹងភាពតានតឹង។
* សេណារីយ៉ូទី៣៖ កិច្ចប្រជុំកំពូលនឹងបិទបញ្ចប់មុនពេលកំណត់ ឬដោយការខឹងសម្បារដាក់គ្នា។ លោក ត្រាំនឹងរឹតបន្តឹងការអនុវត្តការបិទខ្ទប់ការនាំចេញប្រេងរបស់អ៉ីរ៉ង់ ហើយលោក ស៊ី ជីនពីងនឹងរឹតត្បិតការនាំចេញរ៉ែកម្រ ព្រមទាំងបង្កើនការធ្វើសមយុទ្ធយោធា ឬសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់។ បើសេណារីយ៉ូនេះកើតឡើង ពិតមែន នោះសេដ្ឋកិច្ចពិភពលោកនឹងក្រឡាប់ចាក់ ខណៈមហាអំណាចទាំង២ចាប់ផ្ដើមជាផ្លូវការនូវការកាត់ផ្ដាច់ការពឹងផ្អែកសេដ្ឋកិច្ចគ្នាទៅវិញទៅមកដែលនេះនឹងបង្ខំឱ្យ ប្រទេសដទៃជ្រើសរើសឈរនៅខាងអាមេរិក ឬចិន?
ដូច្នេះថាតើលោក ត្រាំ និងលោក ស៊ី ជីនពីង អាចស្វែងរកចំណុចរួម ឬត្រឡប់ទៅរកភាពតានតឹងសាជាថ្មី គឺវាអាស្រ័យទៅលើថាតើមេដឹកនាំទាំង២ នឹងប្រើសន្លឹកបៀរ ដែលមានក្នុងដៃយ៉ាងដូចម្ដេច៕






