Grand News Asia Close

វិភាគអន្តរជាតិ៖ បើគ្មានសហរដ្ឋអាមេរិក NATO គឺជាខ្លាក្រដាសមែនឬ?

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1042
វិភាគអន្តរជាតិ៖ បើគ្មានសហរដ្ឋអាមេរិក NATO គឺជាខ្លាក្រដាសមែនឬ? វិភាគអន្តរជាតិ៖ បើគ្មានសហរដ្ឋអាមេរិក NATO គឺជាខ្លាក្រដាសមែនឬ?
​(វ៉ាស៊ីនតោន)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និង NATO បានឆាបឆេះជាថ្មី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែមេសា បានគំរាមដកសហរដ្ឋអាមេរិកចេញពី បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយសារតែខឹងសម្បារនឹងបណ្ដាប្រទេសអឺរ៉ុបដែលបានបដិសេធបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz និងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេវាយប្រហារលើអ៉ីរ៉ង់។ លោក ត្រាំ បានចំអកឡកឡើយម្ដងហើយម្ដងទៀតថាបើគ្មានសហរដ្ឋអាមេរិកទេ NATO គ្រាន់តែជាខ្លាក្រដាសមួយតែប៉ុណ្ណោះ។
ការគំរាមរបស់លោក ត្រាំ ទៀតសោតកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបដិសេធធ្វើការបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះ សន្តិសុខជាសមូហភាពរបស់ NATO ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់បក្សសម្ព័ន្ធយោធាធំជាងគេរបស់ពិភពលោកមួយនេះ។ តើ NATO ពិតជាខ្លាក្រដាស ហើយលោក ត្រាំ ពិតជាអាចដក សហរដ្ឋអាមេរិកចេញពី NATO បានឬ?
បើនិយាយពីផ្លូវច្បាប់ លោក ត្រាំមានជម្រើសតិចតួចបំផុត ឬសឹងតែមិនអាចដកសហរដ្ឋអាមេរិកចេញពី NATO បានទេ ប្រសិនបើគ្មានការយល់ព្រមពីសភារបស់សហរដ្ឋអាមេរិក។ ច្បាប់មួយដែលត្រូវបាន អនុម័តកាលពីឆ្នាំ២០២៣ និងត្រូវបានជួយជ្រោមជ្រែងដោយអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការបរទេសរបស់លោក ដូណាល់ ត្រាំ បានរារាំង ប្រធានាធិបតីអាមេរិក ពីការព្យួរ ការហែកចោល ឬការថ្កោលទោសសន្ធិសញ្ញា NATO ឬក៏ការដកសហរដ្ឋអាមេរិកចេញពីបក្សសម្ព័ន្ធយោធាមួយនេះ លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភាអាមេរិក ក្នុងសំឡេងគាំទ្រភាគច្រើន ២ភាគ៣ ឬក៏សភាអាមេរិក (មានសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា) ត្រូវអនុម័តច្បាប់ថ្មីមួយផ្សេងទៀត។ ក្រុមអ្នកជំនាញមើលឃើញថាអនុម័តច្បាប់ថ្មីដើម្បីដកសហរដ្ឋអាមេរិក ចេញពី NATO ក៏ប្រហែលជាមិនអាចទទួលបានជោគជ័យឡើយ ពីព្រោះអ្នកតំណាងរាស្ត្រសាធារណរដ្ឋដែលគាំទ្រ NATO អាចនឹងរត់ទៅឈរនៅខាងគណបក្សប្រជាធិបតេយ្យ ដើម្បីរាំងខ្ទប់ការប៉ុនប៉ននេះ។
តែទោះជាបែបនេះក្ដី លោក ត្រាំ នៅតែមានមធ្យោបាយផ្សេងដើម្បីធ្វើឱ្យ NATO ក្លាយជាខ្លាក្រដាស ប្រសិនបើលោកពិតជាចង់ធ្វើបែបនេះមែន។ ក្នុងនោះលោក ត្រាំ អាចដកឯកអគ្គរដ្ឋទូត និងបុគ្គលិកយោធាអាមេរិកចេញពីទីស្នាក់ការកណ្ដាលរបស់ NATO ឬក៏លុបចោលការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើសមយុទ្ធយោធា ឬកម្មវិធីចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់។ លោក ត្រាំ អាចពន្យារពេលការផ្ដល់ជំនួយយោធា ឬធ្វើដូចដែលលោកបានលើកឡើងពីអតីតកាលថាសហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្ត NATO ណាដែលបានបង្កើនកញ្ចប់ថវិកាយោធាតាមគោលដៅដែល បានកំណត់តែប៉ុណ្ណោះ។ ក្រៅពីនេះលោក ត្រាំក៏អាចកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុបផងដែរដែលបច្ចុប្បន្នមានចំនួនប្រហែល ១០០ ០០០នាក់ អាស្រ័យទៅលើប្រតិបត្តិការ និងការធ្វើសមយុទ្ធយោធា។ មិនតែប៉ុណ្ណោះប្រសិនបើចង់ធ្វើខ្លាំងជាងនេះ នោះគឺលោក ត្រាំអាចបដិសេធមិនអនុវត្តតាមមាត្រា៥ ដែលបានចែងកំណត់ថាការវាយប្រហារលើសមាជិកណាមួយ មានន័យស្មើនឹងការវាយប្រហារលើ NATO ទាំងមូល ឬក៏ដកឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែលកំពុងការពារបណ្ដាប្រទេសអឺរ៉ុបពីការគំរាមកំហែងពីសត្រូវ ជាពិសេស គឺរុស្ស៉ី។
ច្បាប់ National Defense Authorization Act ឆ្នាំ២០២៦ បានដាកកំហិតមួយចំនួនលើសមត្ថភាពរបស់ប្រធានាធិបតីអាមេរិកក្នុងការបំផ្លាញ NATO។ ច្បាប់នេះតម្រូវឱ្យបំពេញលក្ខខណ្ឌឱ្យ គ្រប់គ្រាន់សិន មុននឹងសហរដ្ឋអាមេរិកអាចកាត់បន្ថយវត្តមានកងទ័ពក្នុងតំបន់អឺរ៉ុបឱ្យនៅក្រោម ៧៦ ០០០នាក់ សម្រាប់រយៈពេលលើសពី៤៥ថ្ងៃ។ រីឯរដ្ឋមន្ត្រីការពារជាតិត្រូវជូនដំណឹងទៅកាន់ សភាអាមេរិកថាសកម្មភាពបែបនេះធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍សន្តិសុខជាតិអាមេរិក ហើយសហរដ្ឋអាមេរិកត្រូវតែពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ ច្បាប់នេះក៏បានរារាំង ផងដែរការប៉ុនប៉ងណាមួយដើម្បីដកមន្ត្រីអាមេរិកចេញពីតួនាទីជាមេបញ្ជាការកំពូលរបស់ NATO និងហាមឃាត់ការប្រើប្រាស់មូលនិធិរបស់រដ្ឋាភិបាលអាមេរិកដើម្បីសម្រួលដកការដកខ្លួនចេញពីសន្ធិសញ្ញា NATO ដោយគ្មានការយល់ព្រមពីសភា។ ក៏ប៉ុន្តែកន្លងមក គ្មានអ្វីអាចរារាំងលោក ត្រាំបានឡើយ ដោយលោកនៅតែអាចបង្វែរមូលនិធិទៅផ្គត់ផ្គង់ទីភ្នាក់ងារផ្សេងៗ ឬការធ្វើប្រតិបត្តិការយោធា ដោយមិនមានការអនុម័តយល់ព្រមពីសភា និងអាចផ្ទេរកងទ័ពអាមេរិកទៅកាន់តំបន់ផ្សេងដោយមិនចាំបាច់ប្រកាសដកពួកគេចេញពី NATO ផ្លូវការ។
តែទោះជាយ៉ាងណាក៏ដោយ លោក Sten Rynning ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ University of Southern Denmark ដែលជំនាញសិក្សាពី NATO បាននិយាយថាលោកមិនសូវ ជឿទេថាលោក ត្រាំ នឹងធ្វើតាមពាក្យសម្លុតគំរាមដកសហរដ្ឋអាមេរិកចេញពី NATO។ តាមសាស្ត្រាចារ្យរូបនេះ សហរដ្ឋអាមេរិកមានផលប្រយោជន៍ជាមូលដ្ឋាននៅក្នុងការធានាការពារសន្តិសុខរបស់អឺរ៉ុប។ សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ព កងទ័ព និងអាវុធនៅទូទាំងទ្វីបអឺរ៉ុបដែលនេះបានផ្ដល់នូវសមត្ថភាពទប់ស្កាត់ការគំរាមកំហែងនានាកុំឱ្យធ្លាយចូលទៅដល់ទឹកដីអាមេរិក។
ក្នុងន័យនេះលោក Rynning យល់ថាការបែរខ្នងដាក់អឺរ៉ុប ក៏អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ធំផងដែរ ទោះជាអឺរ៉ុបអាចនឹងខាតបង់ធ្ងន់ធ្ងរខ្លាំងជាង ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពី NATOក៏ដោយ។ និយាយម្យ៉ាងទៀត ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី NATO អាចនឹងធ្វើឱ្យឥទ្ធិពលរបស់អាមេរិកចុះខ្សោយ ដោយវាជំរុញឱ្យប្រទេសជាសមាជិក NATO ផ្សេងទៀតចាប់ផ្ដើមធ្វើ ការសម្រេចចិត្តដោយខ្លួនឯងអំពីសន្តិសុខដោយមិនចាំបាច់រង់ចាំការងក់ក្បាលយល់ព្រមពីសហរដ្ឋអាមេរិក។ តាមលោកសាស្ត្រចារ្យ Rynning កិច្ចសហប្រតិបត្តិការកម្រិតមេដឹកនាំរបស់ NATO មិនមានភាពរីកចម្រើននោះទេ ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសម្រាប់អាណត្តិទី២កាលពីខែមករា ឆ្នាំ២០២៥មក។
ព្រមពេលជាមួយគ្នា សម្ព័ន្ធមិត្ត NATO ក៏ប្រហែលជាសុំាទៅនឹងការសម្លុតគំរាមរបស់លោក ត្រាំ រួចទៅហើយ។ ការគំរាមចុងក្រោយរបស់លោក ត្រាំ គឺមកពីលោកខកចិត្តចំពោះការស្ទាក់ស្ទើររបស់អឺរ៉ុប ក្នុងការធ្វើសកម្មភាពដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងគាំទ្រដល់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ ជាសង្រ្គាមដែលមិនមែនកើតឡើងលើទឹកដីអឺរ៉ុប ហើយសមាជិក NATO ខ្លះយល់ថាមិនត្រឹមតែមិនចាំបាច់ទេ គឺថែមទាំងខុសច្បាប់ទៀតផង។ ប្រជាប្រិយភាពរបស់លោក ត្រាំ កំពុងធ្លាក់ចុះនៅក្នុងការស្ទង់មតិ ខណៈតម្លៃឧស្ម័នកំពុងឡើងថ្លៃ។ ដូច្នេះលោក Rynning យល់ថាការសម្លុតគំរាមដកសហរដ្ឋអាមេរិកចេញពី NATO​ គឺលោក ត្រាំ ទំនងជាមានបំណងបង្វែរការខឹងសម្បាររបស់ប្រជាជនអាមេរិកចំពោះបញ្ហាក្នុងស្រុកបង្កឡើងដោយសង្រ្គាមដែលលោកជា អ្នកដុតបញ្ឆេះ ទៅលើសម្ព័ន្ធមិត្ត NATO វិញ ដែលលោកចោទថាមិនមានភាពស្មោះត្រង់។
ក៏ប៉ុន្តែ ដោយសារតែលោក ត្រាំ ម្ដងនិយាយអ៉ីចេះម្ដងនិយាយអ៉ីចុះ ដូច្នេះវាក៏ធ្វើឱ្យការសម្លុតគំរាមរបស់លោកហាក់មិនមានភាពប្រាកដប្រជាផងដែរ។ ម្លោះហើយដូចដែលលោក ត្រាំ ចូលចិត្តនិយាយនោះគឺ គេមានតែត្រូវរង់ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើង៕
-Fresh News-

អត្ថបទទាក់ទង