Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាជនភៀសសឹកកម្ពុជា និងសកម្មភាពឈ្លានពាននានានៅតំបន់ព្រំដែន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1010
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាជនភៀសសឹកកម្ពុជា និងសកម្មភាពឈ្លានពាននានានៅតំបន់ព្រំដែន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាជនភៀសសឹកកម្ពុជា និងសកម្មភាពឈ្លានពាននានានៅតំបន់ព្រំដែន ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាជនភៀសសឹកកម្ពុជា និងសកម្មភាពឈ្លានពាននានានៅតំបន់ព្រំដែន
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦
———

– សំណួរទី ១៖ តើការលើកឡើងរបស់ភាគីថៃដែលថា ចំនួនប្រជាជនកម្ពុជាដែលរងផលប៉ះពាល់មានតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ហើយសុទ្ធតែជាអ្នកឈ្លានពានក្នុងដែនអធិបតេយ្យថៃ គឺជាការពិតដែរឬទេ?

– ចម្លើយ៖ ការលើកឡើងបែបនេះមិនត្រឹមត្រូវ និងជាការបំភ្លៃព័ត៌មានទាំងស្រុង។ ជាក់ស្តែង ក្នុងចំណោមពលរដ្ឋភៀសសឹកកម្ពុជាសរុបជាង ៦៤ម៉ឺននាក់ នៅមានប្រជាពលរដ្ឋចំនួន ៣៥,១២៤នាក់ (ក្នុងនោះស្ត្រី ១៨,២៣៧នាក់ និងកុមារ ១១,៦៦៥នាក់) មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារតែការរារាំងរបស់យោធាថៃ។

សំខាន់ជាងនេះទៅទៀត ប្រជាពលរដ្ឋទាំងនេះមិនមែនជាអ្នកឈ្លានពានទឹកដីថៃនោះទេ ប៉ុន្តែ ពួកគេសុទ្ធតែជាម្ចាស់ស្រុក ម្ចាស់ផ្ទះ ម្ចាស់ដី ដែលបានរស់នៅក្នុងតំបន់នោះយូរយារណាស់មកហើយ។ ការដែលថៃអះអាងថា ពួកគាត់ជាអ្នកឈ្លានពានគឺជាចេតនាបិទបាំងការរំលោភបំពាន និងចង់បំភាន់ថាអ្វីដែលខ្លួនកំពុងធ្វើគឺស្របច្បាប់។ ការបំភាន់បែបនេះមិនត្រឹមតែជាការភូតកុហកដ៏អាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គោលការណ៍មូលដ្ឋាននៃមនុស្សធម៌និងសិទ្ធិមនុស្សផងដែរពីព្រោះពួកគេជាជនស៊ីវិលដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានដោយសារការប៉ះទង្គិចប្រដាប់អាវុធ។

– សំណួរទី ២៖ តើការដាក់បន្លាលួស និងទូកុងតឺន័រនៅលើទឹកដីកម្ពុជា ដោយភាគីថៃ អាចចាត់ទុកថាជា វិធានការសន្តិសុខស្របតាមសេចក្តីប្រកាសរួម ដូចដែលអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានបញ្ជាក់ដែរឬទេ?

– ចម្លើយ៖ ការដាក់បន្លាលួស និងទូកុងតឺន័រដោយភាគីថៃ មិនអាចចាត់ទុកថាជាវិធានការសន្តិសុខស្របតាមសេចក្តីប្រកាសរួមដូចដែលអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានបញ្ជាក់ឡើយ។ យោងតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់យ៉ាងច្បាស់នូវគោលការណ៍ «អ្នកណានៅទីណា ត្រូវនៅទីនោះ» ដែលមានគោលបំណងបង្កើតបទឈប់បាញ់ និងទប់ស្កាត់មិនឱ្យមានការផ្លាស់ប្តូរណាមួយដែលអាចបង្កការកើនឡើងនៃភាពតានតឹង។ ប៉ុន្តែ សកម្មភាពដាក់បន្លាលួស ដាក់ទូកុងតឺន័រ និងការសាងសង់បន្ថែមផ្សេងៗរបស់ភាគីថៃ គឺជាការធ្វើឱ្យប្រែប្រួលស្ថានភាពនៅលើដី ដែលមិនមែនជាវិធានការសន្តិសុខធម្មតា ឬបណ្តោះអាសន្នដូចការអះអាងទេ ប៉ុន្តែជាការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli)។

លើសពីនេះទៅទៀត សកម្មភាពទាំងនេះបានប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយរារាំងពួកគាត់ពីការវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ នេះបង្ហាញថា វាមិនត្រឹមតែជាបញ្ហាសន្តិសុខយោធាទេ ប៉ុន្តែ ជាការរំលោភសិទ្ធិមនុស្សដែលមិនអាចមើលរំលងបានឡើយ។ សំខាន់ជាងនេះ ការបន្តអនុវត្តវិធានការដែលផ្ទុយនឹងបទឈប់បាញ់ពីសំណាក់ភាគីថៃបានបង្កផលប៉ះពាល់ដល់ទំនុកចិត្ត និងដល់ស្មារតីសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរចំពោះស្ថិរភាពនៅតាមព្រំដែន និងធ្វើឱ្យមានការកើនឡើងនៃភាពតានតឹងឡើងវិញ។

– សំណួរទី ៣៖ តើកម្ពុជាយល់ឃើញដូចម្តេចចំពោះការអះអាងរបស់ភាគីថៃដែលថា ការឈរជើងរបស់កងទ័ពខ្លួន គឺគោរពតាមគោលការណ៍របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)?

– ចម្លើយ៖ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រើប្រាស់យន្តការទ្វេភាគី ដូចជាគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្តែ ការអះអាងថាការឈរជើងរបស់កងទ័ពថៃ គឺជាការអនុវត្តតាមគោលការណ៍ណែនាំរបស់ GBC គឺមិនអាចយកមកប្រើជាមូលហេតុ ដើម្បីបន្តវត្តមានយោធា ឬសកម្មភាពឈ្លានពានណាមួយដែលអាចបង្កការផ្លាស់ប្តូរស្ថានភាពដើមនៅលើដីបានឡើយ។

ជាក់ស្តែង ស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា គឺផ្តោតលើការកាត់បន្ថយភាពតានតឹង និងការរក្សាស្ថានភាពដើម មិនមែនផ្តោតលើការពង្រីកវត្តមានយោធា ឬបន្តសកម្មភាពដែលអាចបង្កការប្រែប្រួលនោះទេ។ ដូច្នេះ ការអះអាងពីភាគីថៃ ជុំវិញការគោរពតាមគោលការណ៍របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គឺផ្ទុយស្រឡះរវាងពាក្យសម្តី និងសកម្មភាពរបស់ខ្លួន ហើយគ្រាន់តែជាការភូតកុហកសាធារណជនតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង