Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 15:32 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1011
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់៣ ដើម្បីជម្រាបបជូនជនរួមជាតិជ្រាប៖
ព័ត៌មានទី១៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (តាមរយៈអ្នកនាំពាក្យ) បានឆ្លើយតបចំពោះសារព័ត៌មានក្នុងស្រុកថៃ ដែលបានផ្សាយអំពីហេតុផលនិងអនុសាសន៍របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ក្នុងការស្នើលុប MOU ៤៣ (MOU ឆ្នាំ២០០០)។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបដិសេធនិងច្រានចោលទាំងស្រុងនិងចាត់ទុកហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ថាធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយពីច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយនិងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកទឡ្ហីករណ៍មកបញ្ជាក់ដូចខាងក្រោម៖
១- MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC។

២- តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវ៉្យែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ១៩៦៩)។

៣- MOU ឆ្នាំ២០០០ បានផ្តល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ១៩០៧, ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។

ជាក់ស្តែង នាពេលកន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានដូចជា ការស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង៧៤, ការជួសជុល និងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា, ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន, ការកសាងបណ្តាញបង្គោលប្រឹថពីវិភាគរួមកម្ពុជា-ថៃ និងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើម។

ជារួម ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) ប៉ុណ្ណោះទេ តែថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ។

សូមបញ្ជាក់ជូនថា ភាគីកម្ពុជាតែងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

ព័ត៌មានទី២៖ ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួន ដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ វិធានការទាំងនោះជារួមមាន៖

ទី១៖ បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។
ទី២៖ បន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រ នៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី ៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ដុល្លារក្នុង១បារ៉ែល។
ទី៣៖ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង
ទី៤៖ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០(សូន្យ)ដុល្លារ និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% ដល់ ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% ប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តតាមដាន ស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់បំផុត ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។

ព័ត៌មានទី៣៖ ការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ៖
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់ជំនាញរបស់អតីតពលករខ្មែរមកពីប្រទេសថៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL)ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃដោយប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន។

ដំណើរការធ្វើតេស្តនេះនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ លើមុខជំនាញចំនួន៨ ក្នុងវិស័យសំណង់រួមមាន៖ ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ , ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី។ រាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួសបងប្អូនពលករទាំងអស់។ សូមទាក់ទងក្រសួងការងារ ដើម្បីទទួលព័ត៌មានលម្អិតស្តីពីការចុះឈ្មោះនិងការធ្វើតេស្តនេះ។

សូមបញ្ជាក់ថា យោងតាមក្រសួងការងារ រហូតមកទល់ពេលនេះ អតីតពលករប្រមាណជា ៦៥ម៉ឺននាក់ហើយដែលមានការងារធ្វើ ក្នុងនោះអតីតពលករប្រមាណជាង ៣៣ម៉ឺននាក់ទទួលបានការងារក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀតទទួលបានការងារក្នុងការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និងកន្លែងលក់រាយ។ ការណ៍នេះ សបញ្ចាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចំពោះបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយគិតគូរទាំងការផ្តល់ជូននូវការងារនិងប្រាក់ចំណូល និងទាំងការទទួលស្គាល់ជាផ្លូវការនូវជំនាញពីមុនរបស់ពួកគេថែមទៀតផង៕

សូមអរគុណ!

អត្ថបទទាក់ទង