Grand News Asia Close

ផ្សាយបន្តផ្ទាល់ពិសេស៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ទំព័រវីដេអូ ព័ត៌មានជាតិ 371

FN- (ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា បើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។
កិច្ចប្រជុំនេះ ក៏មានការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់នាយករដ្ឋមន្រ្តី (Dr. Hun Manet, Prime Minister of Cambodia) រួមទាំងបណ្តាញព័ត៌មាននានារបស់ Fresh News ផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសមាសសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សានាថ្ងៃនេះរួមមាន៖
១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។
២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។
៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។
៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥៖ បញ្ហាផ្សេងៗ
សូមបញ្ជាក់ថា ការបើកសម័យប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺចំថ្ងៃដែលឯកឧត្តមបានកើត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃព្រហស្បតិ៍ ៨កើត ដែលជាថ្ងៃសីល៕

អត្ថបទទាក់ទង