លិខិតមិត្តអ្នកអាន៖យុទ្ធសាស្ត្ររបស់ថៃក្នុងការរំលោភគោលការណ៍ Status Quo និងការបន្ទច់បង្អាក់យន្តការ JBC និង GBC
សកម្មភាពថ្មីៗរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលមានការចូលរួមពីព្រះសង្ឃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ និងរូបសំណាកព្រះពុទ្ធនៅលើទីតាំងជម្លោះព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ មិនមែនជារឿងចៃដន្យនោះទេ។ ក្នុងក្រសែភ្នែករបស់អ្នកវិភាគភូមិសាស្ត្រនយោបាយ នេះគឺជាយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅ ដើម្បីផ្លាស់ប្តូរតថភាពជាក់ស្តែងនៅលើដី (De facto) ដោយរំលោភបំពានយ៉ាងចំហលើ គោលការណ៍រក្សាស្ថានភាពដើម (Status Quo) និងជាចេតនាគេចវេសពីយន្តការដោះស្រាយបញ្ហាព្រំដែនផ្លូវការគឺ JBC និង GBC។
១. “ភាពទុច្ចរិត” ក្នុងការយកលេសពន្យារពេលយន្តការ JBC និង GBC
យន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់ (ជាពិសេសផែនទី ១:២០០.០០០)។ ប៉ុន្តែ ថៃបានប្រែក្លាយយន្តការទាំងនេះឱ្យទៅជា “ឧបករណ៍ពន្យារពេល” (Delaying Tactics) ដើម្បីបម្រើមហិច្ឆតាទឹកដីរបស់ខ្លួន៖
* ការប្រើប្រាស់ភាពជាប់គាំងការទូត ជាខែលការពារការសាងសង់៖ ភាគីថៃតែងតែលើកយកលេសផ្សេងៗ ដូចជាបញ្ហានយោបាយផ្ទៃក្នុង ការផ្លាស់ប្តូររដ្ឋាភិបាល ឬនីតិវិធីសភាដ៏ស្មុគស្មាញរបស់ខ្លួន ដើម្បីពន្យារពេល ឬលុបចោលកិច្ចប្រជុំ JBC និង GBC ជាបន្តបន្ទាប់។ គោលបំណងពិតប្រាកដមិនមែនដោយសារបញ្ហាបច្ចេកទេសនោះទេ ប៉ុន្តែជាការទិញពេលវេលា។
* ការសាងសង់លើដីដែលបានទន្ទ្រាន៖ នៅពេលដែលយន្តការការទូតត្រូវបានថៃធ្វើឱ្យគាំងស្ងៀម
កងកម្លាំងយោធានៅតាមព្រំដែនបែរជាសកម្មខ្លាំង។ ថៃប្រើប្រាស់ចន្លោះពេលនៃការខកខានប្រជុំនេះ ដើម្បីបន្តសកម្មភាពខុសច្បាប់ ឈូសឆាយ និងចាក់បេតុងសាងសង់រចនាសម្ព័ន្ធអចិន្ត្រៃយ៍លើដីដែលខ្លួនបានទន្ទ្រានពីកម្ពុជា។ នេះគឺជាយុទ្ធសាស្ត្រ “ទុកឱ្យអ្នកការទូតជជែកគ្នាគ្មានទីបញ្ចប់ ចំណែកកងទ័ពនិងគ្រឿងចក្របន្តវាតទីលើដីជាក់ស្តែង” ដែលជាការបង្ហាញយ៉ាងច្បាស់នូវចេតនាទុច្ចរិតក្នុងទំនាក់ទំនងអន្តរជាតិ។

២. វដ្តនៃការរំលោភគោលការណ៍ Status Quo ម្ដងហើយម្ដងទៀត
ការរំលោភបំពានរបស់ថៃទៅលើ មាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ មិនមែនជាទង្វើដែលទើបតែកើតឡើង ឬជារឿងចៃដន្យនោះទេ ប៉ុន្តែវាជា “យុទ្ធសាស្ត្រលេបត្របាក់ទឹកដីបន្តិចម្តងៗ” (Creeping Annexation)។ ការវិភាគស៊ីជម្រៅទៅលើប្រវត្តិ និងយុទ្ធសាស្ត្ររបស់ថៃ បង្ហាញពីនិន្នាការដ៏គ្រោះថ្នាក់មួយ៖
* ការយកសាសនាមកធ្វើជារបាំង៖ ការប្រើប្រាស់ព្រះសង្ឃ និងការសាងសង់រូបសំណាកព្រះពុទ្ធ គឺជាយុទ្ធសាស្ត្រផ្លូវចិត្តដ៏មានប្រសិទ្ធភាព។ ថៃយល់ច្បាស់ថា ការប្រើកម្លាំងបោសសម្អាតរូបសំណាកព្រះពុទ្ធ នឹងធ្វើឱ្យកម្ពុជារងការរិះគន់ ឬប៉ះពាល់ដល់អារម្មណ៍ពុទ្ធសាសនិក។ នេះគឺជាការយកសាសនាមកធ្វើជាចំណាប់ខ្មាំងនយោបាយ។
* ការស្ទាបស្ទង់បន្ទាត់ក្រហមរបស់កម្ពុជា (Testing the Red Lines): ថៃតែងតែធ្វើសកម្មភាពតូចៗ ដូចជាការឈូសឆាយផ្លូវបន្តិចបន្តួច ឬសង់ខ្ទមតូចៗជាមុន។ ប្រសិនបើកម្ពុជាមិនតវ៉ាទេ ពួកគេនឹងប្រែក្លាយវាទៅជាសំណង់បេតុង។ ប្រសិនបើកម្ពុជាតវ៉ាខ្លាំង ពួកគេអាចនឹងផ្អាកមួយរយៈ រួចបន្តធ្វើសកម្មភាពនេះជាថ្មីនៅទីតាំងផ្សេងទៀតនៅពេលស្ថានការណ៍ស្ងប់ស្ងាត់។ នេះជាមូលហេតុដែលពួកគេរំលោភ Status Quo ម្ដងហើយម្ដងទៀត។
* មហិច្ឆតានៅថ្ងៃអនាគត៖ ដរាបណាខ្សែបន្ទាត់ព្រំដែនមិនទាន់ត្រូវបានបោះបង្គោលរួចរាល់ ថៃនឹងបន្តបង្កើត “តថភាពថ្មី (Facts on the ground)”។ នៅពេលមានការចរចាព្រំដែននៅថ្ងៃអនាគត ថៃនឹងយកសំណង់អចិន្ត្រៃយ៍ វត្តអារាម និងសកម្មភាពប្រជាជនរបស់ខ្លួនទាំងនេះ មកធ្វើជាសំអាងថាជា “ដីកម្មសិទ្ធិប្រវត្តិសាស្ត្រ” របស់ខ្លួន។

៣. គោលការណ៍ Status Quo
ក្នុងស្មារតី “សុចរិតភាព” (Good Faith) និងកាតព្វកិច្ចដែលថៃត្រូវប្រកាន់ខ្ជាប់នៅក្នុងច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាត្រូវតែអនុវត្តដោយឈរលើ គោលការណ៍សុចរិតភាព (Bona Fide) ឬជាភាសាឡាតាំងហៅថា Pacta Sunt Servanda (កិច្ចព្រមព្រៀងត្រូវតែគោរពដោយស្មោះត្រង់)។ ការរក្សាគោលការណ៍ Status Quo មិនមែនគ្រាន់តែជាការមិនបាញ់ប្រហារគ្នានោះទេ ប៉ុន្តែទាមទារឱ្យមាន “ភាពសុចរិត” ក្នុងការមិនធ្វើសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់លទ្ធផលនៃការវាស់វែងព្រំដែន។ ដើម្បីបង្ហាញពីភាពសុចរិត និងការគោរពច្បាប់អន្តរជាតិ ភាគីថៃគប្បីប្រកាន់ខ្ជាប់នូវជំហរដូចខាងក្រោម៖
* បញ្ឈប់រាល់សកម្មភាពឯកតោភាគីជាបន្ទាន់៖ ថៃត្រូវតែបញ្ឈប់ការសាងសង់ ការឈូសឆាយ និងការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រ ឬប្រជាសាស្ត្រនៅតំបន់ជម្លោះ មិនថាក្នុងទម្រង់ជាយោធា ស៊ីវិល ឬសាសនានោះឡើយ។ ការប្រើប្រាស់រូបសំណាកសាសនាដើម្បីវាតទីទឹកដី គឺជាការបំផ្លាញស្មារតីសុចរិតភាពយ៉ាងធ្ងន់ធ្ងរ។
* ស្តារស្ថានភាពដើមពិតប្រាកដឡើងវិញ៖ ភាពសុចរិតទាមទារឱ្យថៃមិនត្រឹមតែបញ្ឈប់ការសាងសង់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែត្រូវដកចេញនូវរចនាសម្ព័ន្ធទាំងឡាយណាដែលខ្លួនទើបនឹងសាងសង់ដោយខុសច្បាប់ ដើម្បីឱ្យតំបន់ទាំងនោះវិលទៅរកស្ថានភាពដើមវិញ រង់ចាំការសម្រេចពីយន្តការទ្វេភាគី។
* ត្រឡប់មករកតុចរចា JBC ដោយស្មោះត្រង់៖ ថៃត្រូវបញ្ឈប់ការប្រើប្រាស់លេសនយោបាយផ្ទៃក្នុងដើម្បីពន្យារពេល ហើយត្រូវចូលរួមក្នុងយន្តការ JBC ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងផែនទីដែលទទួលស្គាល់ដោយតុលាការ ICJ ពោលគឺមិនមែនយកផែនទីឯកតោភាគីរបស់ខ្លួនមកបង្ខំឱ្យកម្ពុជាទទួលយកនោះទេ។

សន្និដ្ឋាន
ជារួម សកម្មភាពរបស់កងកម្លាំង និងព្រះសង្ឃថៃនៅតំបន់ព្រំដែន គឺជា “ការឈ្លានពានដោយលាក់មុខ” ដែលបំពានយ៉ាងចំហលើគោលការណ៍ Status Quo និងបន្ទច់បង្អាក់យន្តការ JBC និង GBC។ការអនុវត្តកិច្ចព្រមព្រៀងដោយគ្មាន “ភាពសុចរិត” ពីភាគីថៃ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តទ្វេភាគី។
ចំពោះមុខបញ្ហានេះ ការចេញកំណត់ទូតតវ៉ាជាផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា គឺជាការទាមទារភាពត្រឹមត្រូវតាមផ្លូវច្បាប់ (Legal Ground) ដ៏មានសារៈសំខាន់បំផុត ដើម្បីកុំឱ្យថៃអាចប្រើប្រាស់ទ្រឹស្តី “ការយល់ព្រមដោយស្ងៀមស្ងាត់ (Estoppel)” នៅថ្ងៃអនាគត។ ការតវ៉ាឥតឈប់ឈរ គួបផ្សំនឹងការទាមទារឱ្យថៃអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មារតីសុចរិត (Good Faith) គឺជាអាវុធគតិយុត្តិដ៏រឹងមាំបំផុតរបស់កម្ពុជា ក្នុងការទប់ស្កាត់មហិច្ឆតាលេបត្របាក់ទឹកដីបន្តិចម្តងៗនេះ និងដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្ស៕
វិភាគភូមិសាស្ត្រនយោបាយ និងច្បាប់
ដោយ៖ ឡុង បញ្ញាវុឌ្ឍ | មេធាវី នៃក្រុមមេធាវី PAN & Associates Law Firm
-កម្ពុជាថ្មី-





