ការបកស្រាយមិនមែនការប្ដឹងថ្មី៖ គោលការណ៍បែងចែកលំហូរទឹក ទល់នឹងផែនទីភ្ជាប់លេខ ១
#វិភាគសង្គម
ក្នុងបរិបទដែលវិវាទកម្ពុជា–ថៃ នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់មួយចំនួនតាមបន្ទាត់ព្រំដែន នៅតែបន្តបង្កើតភាពតានតឹង សំណួរដែលសង្គមជាច្រើនលើកឡើងគឺ៖ តើកម្ពុជា អាចប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានឬទេ? ឬអាចស្នើឲ្យ ICJ បកស្រាយបន្ថែមបានទេ?
មានអ្នកខ្លះយល់ថា អាច ខណៈអ្នកខ្លះយល់ថា មិនអាច។ ប៉ុន្តែការទៅ ICJ មិនមែនជារឿងអារម្មណ៍ ឬជាជម្រើសនយោបាយទេ។ វាជាការសម្រេចចិត្តផ្លូវច្បាប់ ដែលត្រូវពិចារណាយ៉ាងម៉ត់ចត់ និងរៀបចំសំណុំរឿងឲ្យរឹងមាំ។
ផ្អែកលើប្រវត្តិសាស្ត្រឆ្នាំ ១៩០៤–១៩០៧ សន្ធិសញ្ញា ១៩០៦ សន្ធិសញ្ញាវ៉ាស៊ីនតោន ១៩៤៦ និងសាលដីកា ICJ ឆ្នាំ ១៩៦២ និង ២០១៣ អាចមើលឃើញថា កម្ពុជាមានច្រកផ្លូវច្បាប់យ៉ាងហោចណាស់ ៣ ដើម្បីដោះស្រាយវិវាទជុំវិញប្រាសាទព្រះវិហារ និងបន្ទាត់ព្រំដែន។
ក្នុងនាមខ្ញុំជាអ្នកច្បាប់មួយរូប ខ្ញុំយល់ឃើញថា កម្ពុជាអាចទៅ ICJ បាន ប្រសិនបើជ្រើសរើសច្រកផ្លូវត្រឹមត្រូវ និងរៀបចំអង្គហេតុ–អង្គច្បាប់ និងភស្តុតាងឲ្យបានម៉ត់ចត់។
ច្រកផ្លូវទាំង ៣
១. សន្ធិសញ្ញាវ៉ាស៊ីនតោន ឆ្នាំ ១៩៤៦
បន្ទាប់ពីសង្គ្រាមលោកលើកទី២ ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ដែលកំណត់ឲ្យត្រឡប់ទៅស្ថានភាពដើម និងគោរពខ្សែព្រំដែនដែលកំណត់តាំងពីឆ្នាំ ១៩០៤–១៩០៧។ និយាយឲ្យសាមញ្ញ គឺថា ថៃត្រូវគោរពព្រំដែនដែលមានស្រាប់ មិនអាចផ្លាស់ប្តូរតាមចិត្តបានឡើយ។ ក្នុងច្បាប់អន្តរជាតិ រដ្ឋមួយមិនអាចបដិសេធកាតព្វកិច្ចសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាបានទេ។ បើមានការមិនគោរព នោះអាចក្លាយជាជម្លោះផ្លូវច្បាប់។
២. គោលការណ៍ Estoppel
Estoppel មានន័យថា រដ្ឋមួយមិនអាចនិយាយផ្ទុយពីអ្វីដែលខ្លួនធ្លាប់ទទួលស្គាល់ និងអនុវត្តអស់រយៈពេលយូរបានឡើយ។ ជាច្រើនទសវត្សរ៍មកហើយ ថៃបានទទួលយកបន្ទាត់ព្រំដែន និងមិនបានតវ៉ាជាក់លាក់។ បើថ្ងៃនេះបដិសេធវិញ នោះអាចផ្ទុយពីគោលការណ៍ good faith ក្នុងច្បាប់អន្តរជាតិ។ គោលការណ៍នេះបង្ហាញថា កម្ពុជាមិនកំពុងទាមទារអ្វីថ្មីទេ ប៉ុន្តែសុំឲ្យគោរពអ្វីដែលធ្លាប់ទទួលស្គាល់រួចហើយ។
៣. មាត្រា ៦០ – បណ្ដឹងបកស្រាយ
សាលដីកា ឆ្នាំ ១៩៦២ និង ២០១៣ ជាសេចក្ដីសម្រេចស្ថាពរ និងចងកាតព្វកិច្ចភាគីទាំងពីរ។ តាមមាត្រា ៦០ បើមានវិវាទ លើ “អត្ថន័យ” ឬ “វិសាលភាព” នៃសាលដីកា តុលាការអាចបកស្រាយបាន ដោយមិនចាំបាច់មានការយល់ព្រមថ្មីពីថៃ។ បើថៃបដិសេធ Annex I Map ឬប្រើផែនទីឯកតោភាគី នោះវាជាវិវាទលើការបកស្រាយ មិនមែនជាវិវាទអធិបតេយ្យភាព ថ្មីឡើយ។ ក្នុងសាលដីកា ឆ្នាំ ១៩៦២ តុលាការបានយកផែនទីភ្ជាប់លេខ ១ ជាមូលដ្ឋាន ដូច្នេះ វាជាផែនទីព្រំដែន មិនមែន ត្រឹមតែជាផែនទីប្រាសាទនោះទេ។
ច្រកទាំងអស់សុទ្ធតែផ្ដល់ឱកាសឲ្យកម្ពុជាទៅ ICJ បាន តែក្នុងអត្ថបទនេះ ខ្ញុំសូមផ្តោតលើច្រកទី ៣ ព្រោះវាជាច្រកដែលមានលំនឹង និងទម្ងន់ច្បាប់ខ្លាំងបំផុតសម្រាប់កម្ពុជា។
ប្ដឹងដើម្បីឈ្នះ មិនមែនប្ដឹងដើម្បីសម្ដែង
ICJ មិនមែនជាវេទិកានយោបាយទេ ប៉ុន្តែជាវេទិកាច្បាប់។ វាទាមទារការរៀបចំអង្គហេតុ អង្គច្បាប់ និងការទាមទារឲ្យច្បាស់លាស់៖ ត្រូវស្នើឲ្យតុលាការបកស្រាយអ្វី ទាមទារអ្វី និងមានភស្តុតាងគាំទ្រយ៉ាងដូចម្តេច។
បើកម្ពុជាបើកសំណុំរឿងថ្មីលើអធិបតេយ្យភាព តុលាការអាចមិនទទួលយក ដោយសារថៃមិនទទួលស្គាល់យុត្តាធិការថ្មី។ ហេតុនេះ ច្រកដែលមានប្រសិទ្ធភាពជាងគេ គឺស្នើឲ្យ ICJ បកស្រាយសាលដីកាដែលមានស្រាប់ តាមមាត្រា ៦០ នៃលក្ខន្តិកៈ ICJ។
ផែនទីភ្ជាប់លេខ ១ មិនមែនជាផែនទីប្រាសាទតែប៉ុណ្ណោះ។ ក្នុងសាលដីកា ឆ្នាំ ១៩៦២ តុលាការ ICJ មិនបានសម្រេចត្រឹមថា “ប្រាសាទព្រះវិហារ ស្ថិតនៅលើទឹកដីកម្ពុជា” ប៉ុណ្ណោះទេ។ តុលាការបានផ្តល់ទម្ងន់ខ្ពស់ទៅ ផែនទីភ្ជាប់លេខ ១ (Annex I Map) និងយកវាមកធ្វើជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ។
ចំណុចសំខាន់គឺ៖ ផែនទីភ្ជាប់លេខ ១ មិនមែនជាផែនទីបង្ហាញទីតាំងប្រាសាទតែប៉ុណ្ណោះទេ ប៉ុន្តែជាផែនទីកំណត់ បន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលតុលាការបានទទួលស្គាល់ក្នុងមូលហេតុផ្លូវច្បាប់នៃសាលដីកា។
តុលាការបានសង្កេតឃើញថា ថៃបានទទួលយកផែនទីនេះដោយស្ងៀមស្ងាត់ និងមិនបានតវ៉ារយៈពេលយូរ។ ក្នុងច្បាប់អន្តរជាតិ នេះបង្កើតអំណាចផ្លូវច្បាប់ និងកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរ។
មូលហេតុផ្លូវច្បាប់ និងសេចក្តីសម្រេចចុងក្រោយ
សាលដីកាមានពីរផ្នែកសំខាន់៖ មូលហេតុផ្លូវច្បាប់ និងសេចក្តីសម្រេចចុងក្រោយ
សេចក្តីសម្រេចចុងក្រោយ គឺផ្នែកដែលប្រកាសលទ្ធផលជាផ្លូវការ និងមានអំណាចផ្លូវច្បាប់ចងភាគីដោយផ្ទាល់។ ប៉ុន្តែ មូលហេតុផ្លូវច្បាប់ គឺជាគ្រឹះដែលតុលាការបានពន្យល់ និងវិភាគ ដើម្បីឈានទៅដល់សេចក្តីសម្រេចនោះ។ នៅក្នុងផ្នែកនេះ តុលាការបានពិនិត្យយ៉ាងច្បាស់លើផែនទីភ្ជាប់លេខ ១ និងអាកប្បកិរិយារបស់ថៃ។
ក្នុងបរិបទ មាត្រា ៦០ ការបកស្រាយមិនអាចផ្អែកតែលើពាក្យក្នុងសេចក្តីសម្រេចចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកមូលហេតុផ្លូវច្បាប់មកពិនិត្យ ដើម្បីកំណត់ “អត្ថន័យ” និង “វិសាលភាព” ពិតប្រាកដនៃសាលដីកា។
គោលការណ៍បែងចែកលំហូរទឹក ទល់នឹង ផែនទីភ្ជាប់លេខ ១
មុនសាលដីកា ឆ្នាំ ១៩៦២ ភាគីថៃបានយកគោលការណ៍បែងចែកលំហូរទឹក មកធ្វើជាមូលដ្ឋានអះអាងថា បន្ទាត់ព្រំដែនគួរត្រូវកំណត់ទៅតាមបន្ទាត់កំពូលភ្នំ។
ប៉ុន្តែក្នុងសាលដីកា ឆ្នាំ ១៩៦២ តុលាការ ICJ មិនបានផ្អែកលើគោលការណ៍នេះទេ។ ន័យផ្លូវច្បាប់នៃសាលដីកា ឆ្នាំ ១៩៦២ គឺថា តុលាការ ICJ បានផ្អែកលើផែនទីភ្ជាប់លេខ ១ ជាមូលដ្ឋានសម្រាប់សម្រេចវិវាទ ហើយដោយហេតុនេះ ផែនទីនោះត្រូវបានចាត់ទុកថាមានអាទិភាពលើគោលការណ៍បែងចែកលំហូរទឹក ក្នុងក្របខណ្ឌករណីប្រាសាទព្រះវិហារ។
ដូច្នេះ ប្រសិនបើបច្ចុប្បន្ន ថៃនៅបន្តយកគោលការណ៍បែងចែកលំហូរទឹក ឬផែនទីដែលគូរឡើងដោយឯកតោភាគី មកកំណត់វិសាលភាពនៃតំបន់ជ្រោយភ្នំ និងតំបន់តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ នោះវាអាចត្រូវបានចាត់ទុកថា ជាការបកស្រាយដែលមិនស្របនឹងមូលហេតុផ្លូវច្បាប់នៃសាលដីកា ឆ្នាំ ១៩៦២ និងមិនស្របនឹងអំណាចផ្លូវច្បាប់ដែលសាលដីកានោះបានបង្កើតឡើង។
តំបន់ជ្រោយភ្នំ (Promontory) និងវិវាទសព្វថ្ងៃ
តំបន់ជ្រោយភ្នំ ឬចំណុចដីខ្ពស់ដែលលេចចេញពីជួរភ្នំ (promontory) គឺជាតំបន់ភូមិសាស្ត្រសំខាន់ ដែលប្រាសាទព្រះវិហារស្ថិតនៅលើនោះ។ ដូច្នេះ វិវាទសព្វថ្ងៃមិនមែនស្ថិតត្រឹម “ទីតាំងប្រាសាទ” ទេ ប៉ុន្តែពាក់ព័ន្ធនឹងវិសាលភាពនៃតំបន់ជុំវិញប្រាសាទ និងតំបន់មួយចំនួនផ្សេងទៀតតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលថៃអះអាងថាជាទឹកដីរបស់ខ្លួន និងបានដណ្ដើមកាន់កាប់ឡើងវិញ។
ថៃអះអាងថា ផែនទីភ្ជាប់លេខ ១ មានវិសាលភាពត្រឹមតែទីតាំងប្រាសាទប៉ុណ្ណោះ ហើយមិនរួមបញ្ចូលតំបន់ជ្រោយភ្នំ (promontory) ដែលប្រាសាទស្ថិតនៅលើនោះទេ។ ទន្ទឹមនឹងនេះ ថៃក៏អះអាងថា តំបន់ដែលខ្លួនកំពុងកាន់កាប់បច្ចុប្បន្ន គឺជាទឹកដីដែលខ្លួន “បាត់បង់” ទៅកម្ពុជា។ ការអះអាងនេះផ្អែកលើផែនទីដែលថៃគូរឡើងដោយឯកតោភាគី និងការបកស្រាយផ្ទុយពីផែនទីភ្ជាប់លេខ ១ ដែលតុលាការ ICJ បានយកមកធ្វើជាមូលដ្ឋានក្នុងសាលដីកា ឆ្នាំ ១៩៦២។
ជាការពិត សាលដីកា ICJ ឆ្នាំ ១៩៦២ និងសាលដីកាបកស្រាយបន្ថែម ឆ្នាំ ២០១៣ មិនបានកំណត់ឲ្យបានច្បាស់លាស់អំពី “វិសាលភាព” នៃតំបន់ជុំវិញប្រាសាទ ឬតំបន់ជ្រោយភ្នំនោះទេ។ ភាពមិនច្បាស់លាស់នេះបានបង្កើតឱកាសឲ្យមានការបកស្រាយផ្ទុយគ្នា និងបណ្តាលឲ្យវិវាទកើតឡើងជាបន្តបន្ទាប់តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
ដោយហេតុនេះ វិវាទសព្វថ្ងៃមិនមែនជាការទាមទារអធិបតេយ្យភាពថ្មីឡើយ ប៉ុន្តែជាវិវាទលើ “វិសាលភាព” នៃសាលដីកាដែលមានស្រាប់។ កម្ពុជា អាចស្នើសុំឲ្យ ICJ បកស្រាយបន្ថែមតាម មាត្រា ៦០ នៃលក្ខន្តិកៈ ICJ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ផែនទីភ្ជាប់លេខ ១ គឺជាផែនទីកំណត់ទីតាំងត្រឹមតែប្រាសាទ ឬជាផែនទីកំណត់បន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលមានអំណាចផ្លូវច្បាប់ និងមានកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរ។
ប្រសិនបើ ICJ បញ្ជាក់ច្បាស់លើចំណុចនេះ វានឹងបិទច្រកនៃការបកស្រាយឯកតោភាគី ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់តាមច្បាប់អន្តរជាតិ និងជាគន្លឹះសម្រាប់បញ្ចប់វដ្តវិវាទដែលកើតឡើងដដែលៗតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
មាត្រា ៦០៖ អំណាចបកស្រាយដែលមានស្រាប់ មិនមែនយុត្តាធិការថ្មី
មាត្រា ៦០ នៃលក្ខន្តិកៈ ICJ បញ្ជាក់យ៉ាងច្បាស់ថា សាលដីកា ICJ គឺជាសាលដីកាចុងក្រោយ និងមិនអាចប្តឹងឧទ្ធរណ៍បាន។ ប៉ុន្តែបើមានវិវាទអំពី “អត្ថន័យ” ឬ “វិសាលភាព” នៃសាលដីកា តុលាការមានសមត្ថកិច្ចបកស្រាយបន្ថែម តាមសំណើរបស់ភាគីណាមួយ។
នេះមិនមែនជាការបើកសំណុំរឿងថ្មីទេ។ មិនមែនជាការស្នើសុំអធិបតេយ្យភាពថ្មីទេ។ ហើយមិនមែនជាការទាមទារយុត្តាធិការថ្មីពីតុលាការឡើយ។
វាគឺជាការអនុវត្តបន្តនៃយុត្តាធិការដែលតុលាការបានប្រើរួចហើយក្នុងសំណុំរឿងដើម។ អំណាចបកស្រាយនេះកើតចេញពីសាលដីកាដែលមានស្រាប់ ហើយភាគីមិនអាចគេចផុតពីវា ដោយការមិនយល់ព្រមថ្មីឡើយ។
ន័យផ្លូវច្បាប់គឺច្បាស់៖ ប្រសិនបើមានការបកស្រាយផ្ទុយគ្នាដែលប៉ះពាល់ដល់អំណាចផ្លូវច្បាប់ និងកម្លាំងចងកាតព្វកិច្ចនៃសាលដីកា តុលាការមានសមត្ថកិច្ចក្នុងការបញ្ជាក់ឡើងវិញ ដើម្បីធានាថា សេចក្តីសម្រេចរបស់ខ្លួនត្រូវបានគោរពយ៉ាងពេញលេញ។
ក្នុងបរិបទវិវាទសព្វថ្ងៃ សំណួរមិនមែនស្ថិតនៅលើការបើក merits case ថ្មីឡើយ ប៉ុន្តែស្ថិតនៅលើការបញ្ជាក់ឲ្យច្បាស់អំពីវិសាលភាពនៃសាលដីកាដែលមានស្រាប់—ដើម្បីបិទច្រកនៃការបកស្រាយឯកតោភាគី និងរក្សាភាពអធិបតេយ្យភាពនៃអំណាចផ្លូវច្បាប់របស់តុលាការ។
សេចក្តីសន្និដ្ឋាន
នៅចុងក្រោយ សំណួរមិនមែនថា កម្ពុជា “អាច” ទៅ ICJ ឬអត់ទេ។ សំណួរពិតប្រាកដគឺ៖ កម្ពុជា នឹងប្រើយន្តការផ្លូវច្បាប់អន្តរជាតិ ដោយយុទ្ធសាស្ត្រដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពដែរឬទេ។
វិវាទសព្វថ្ងៃមិនមែនជាការទាមទារអធិបតេយ្យភាពថ្មីឡើយ។ វាជាវិវាទលើវិសាលភាពនៃសាលដីកាដែលមានស្រាប់—សាលដីកាដែលមានអំណាចផ្លូវច្បាប់ និងមានកម្លាំងចងកាតព្វកិច្ចចំពោះភាគីទាំងពីរ។
បើមានការបកស្រាយផ្ទុយគ្នាលើផែនទីភ្ជាប់លេខ ១, បើមានការប្រើផែនទីឯកតោភាគី ដើម្បីកាត់បន្ថយវិសាលភាពនៃសាលដីកា, បើមានការយកគោលការណ៍បែងចែកលំហូរទឹកមកជំនួសមូលដ្ឋានដែលតុលាការបានទទួលស្គាល់, នោះវិវាទមិនមែនស្ថិតនៅលើដីថ្មីឡើយ—វាស្ថិតនៅលើការបកស្រាយសាលដីកាដែលមានស្រាប់។ ដូច្នេះ មាត្រា ៦០ មិនមែនជាជម្រើសនយោបាយទេ ប៉ុន្តែជាច្រកផ្លូវច្បាប់ដែលបើកទ្វារទៅ ICJ សម្រាប់កម្ពុជា៕
លោកមេធាវី ឡុង បញ្ញាវុឌ្ឍ គឺជាប្រធានក្រុមហ៊ុនមេធាវី PAN & Associates Law Firm។ ទស្សនៈដែលលើកឡើងក្នុងអត្ថបទនេះជាមតិយោបល់របស់លោកផ្ទាល់។
-Phnom Penh Post-
———————





