Grand News Asia Close

ហេតុអ្វីអាមេរិក និងរុស្ស៉ីមិនបន្តសន្ធិសញ្ញាកាត់បន្ថយសព្វាវុធ​នុយ​ក្លេ​អ៊ែរ?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1011
ហេតុអ្វីអាមេរិក និងរុស្ស៉ីមិនបន្តសន្ធិសញ្ញាកាត់បន្ថយសព្វាវុធ​នុយ​ក្លេ​អ៊ែរ? ហេតុអ្វីអាមេរិក និងរុស្ស៉ីមិនបន្តសន្ធិសញ្ញាកាត់បន្ថយសព្វាវុធ​នុយ​ក្លេ​អ៊ែរ?

#វិភាគអន្តរជាតិ

(វ៉ាស៊ីនតោន)៖ សន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ New START ត្រូវបានគេចាត់ទុកថាជាកំផែងមួយរារាំងកុំឱ្យការរត់ប្រណាំងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលមហាអំណាចទាំង២ កាន់កាប់៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរសរុបរបស់ពិភពលោកផ្ទុះឡើងជាសាជាថ្មី។ សន្ធិសញ្ញាទ្វេភាគីនេះជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ចុងក្រោយគេតែមួយគត់រវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈដោយមិនមានកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងថ្មីមកជំនួសនោះទេ។

បើមិនមានអព្ភូតហេតុណាមួយកើតឡើងទេ នោះវានឹងក្លាយជាលើកដំបូងក្នុងពេលជាច្រើនទសវត្សរ៍មកនេះដែលវានឹងលែងមានការព្រមព្រៀងគ្នាទៅវិញទៅមកក្នុងការដាក់កម្រិតរឹតត្បិតលើអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងរុស្ស៉ី។ ការណ៍នេះកំពុងបង្កឱ្យមានការភ័យខ្លាចពីការរត់ប្រណាំងអាវុធនុយក្លេអ៊ែរក្នុងពេលមួយដែលពិភពលោក កំពុងស្ថិតនៅជិតជាងពេលណាៗទាំងអស់ទៅនឹងទ្រនិកនាឡិកាថ្ងៃអវសានពិភពលោក ឬគេស្គាល់ថា Doomsday Clock ដែលជានិមិត្តសញ្ញាតំណាងឱ្យលទ្ធផលនៃ គ្រោះមហន្តរាយជាសកលដែលមនុស្សលោកជាអ្នកកសាងដោយផ្ទាល់។

* ហេតុអ្វីសហរដ្ឋអាមេរិក និងរុស្ស៉ីមិនបន្តសុពលភាព New START ម្ដងទៀត?
នៅក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាកាត់បន្ថយសព្វាវុធអាវុធនុយក្លេអ៊ែរ ឬ New START សន្ធិញ្ញានេះអាចត្រូវបានបន្តសុពលភាពក្នុងមួយលើកមិនអាចលើស៥ឆ្នាំទេ។ នេះជាជម្រើស ដែលត្រូវបានអនុវត្តកាលពីឆ្នាំ២០២១។ ភាគីទាំងសងខាងធ្លាប់បានជាប់គាំងមិនអាចរកច្រកចេញបានលើការបន្តសុពលភាពសន្ធិសញ្ញានេះនៅអំឡុងអាណត្តិទី១ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រដ្ឋបាលលោក ត្រាំនៅពេលនោះបានអះអាងថាសន្ធិសញ្ញា New START មានចំណុចខ្វះខាតច្រើនដោយសារតែមិនមាន រាប់បញ្ចូល ឬគ្របដណ្ដប់លើអាវុធនុយក្លេអ៊ែរតាក់ទិក ហើយចង់បានកិច្ចចរចាលើលក្ខខណ្ឌថ្មី។ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមបន្តសុពលភាពលើ New START ដោយគ្មានលក្ខខណ្ឌ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនសន្ធិសញ្ញានេះផុតកំណត់។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកញ្ញា ឆ្នាំ២០២៥ បាននិយាយថាប្រទេសទាំង២នឹងបន្តគោរពតាមការដាក់កម្រិតលើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលមានចែង ក្នុងសន្ធិសញ្ញា New START សម្រាប់រយៈពេលមួយឆ្នាំ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីបន្តរក្សាតុល្យភាពនៃការកំញើញទប់ស្កាត់ដែលមានស្រាប់។ លោក ត្រាំបាននិយាយថា ដំណោះស្រាយបណ្ដោះអាសន្ននេះជាគំនិតល្អ តែរដ្ឋបាលរបស់លោកមិនបានផ្ដល់ចម្លើយតបផ្លូវការទៅនឹងសំណើរបស់លោក ពូទីននោះទេ។

* ហេតុអ្វីជាបញ្ហាធំ ប្រសិនបើ New START ផុតកំណត់?
អវសាននៃសន្ធិសញ្ញា New START នឹងបន្សល់ទុកចន្លោះប្រហោងមួយនៅក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ក្នុងគ្រាដែលស្ថានការណ៍អន្តរជាតិកំពុងតានតឹង។ ប្រសិនបើអាមេរិក និងរុស្ស៉ីជ្រើសរើសបង្កើនការដាក់ពង្រាយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ នោះវានឹងបង្កជាហានិភ័យនៃការរត់ប្រណាំងសព្វាវុធដែលនឹងនាំទៅរកការប្រែប្រួលពីការប្រជែងគ្នាដោយមាន ការគ្រប់គ្រងទៅជាធូររលុង ការប្រកួតប្រជែងនុយក្លេអ៊ែរកាន់តែសកម្ម ដោយមានមធ្យោបាយតិចតួចបំផុតដើម្បីបង្ការកុំឱ្យការយល់ច្រឡំផ្ទុះទៅជាវិបត្តិ។ លោក ត្រាំ ហាក់មិនភ្ញាក់ផ្អើល ឬបារម្ភពីការផុតកំណត់នៃសន្ធិសញ្ញា New START ដោយមិនមានកិច្ចព្រមព្រៀងថ្មីមកជំនួសទេ។ «ប្រសិនបើវាផុតកំណត់ ឱ្យវាផុតកំណត់ចុះ»។ នេះជាការលើកឡើងរបស់លោក ត្រាំប្រាប់កាសែតអាមេរិក New York Times កាលពីខែមករាកន្លងទៅ។

មនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិកបានអះអាងថាទីក្រុងវ៉ាស៊ីនតោនគួរតែរំដោះខ្លួនឱ្យមានសេរីភាពចេញពីការរឹតត្បិតនៅក្រោមសន្ធិសញ្ញា New START ដើម្បីទប់ទល់ឱ្យមាន ប្រសិទ្ធភាពជាមួយរុស្ស៉ី និងចិនដែលមានសមត្ថភាពនុយក្លេអ៊ែរកាន់តែរីកចម្រើន។ សហព័ន្ធក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានវាយតម្លៃថាចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបាន ដាក់ពង្រាយរួចរាល់ និងស្ដុកទុកក្នុងឃ្លាំងសរុប ៦០០គ្រាប់ តិចជាសហរដ្ឋអាមេរិកដែលមានក្បាលគ្រាប់ ៣៧០០គ្រាប់ និងរុស្ស៉ីមានជិត ៤៣០០គ្រាប់។ ប៉ុន្តែរបាយការណ៍មួយរបស់ មន្ទីរបញ្ចុកោណបានធ្វើការសន្និដ្ឋានកាលពីខែធ្នូ ឆ្នាំ២០២៥ ថាចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរលើស ១០០០គ្រាប់នៅឆ្នាំ២០៣០។ ការលុបចោលការដាក់កំហិតលើអាមេរិក និងរុស្ស៉ីអាចនឹងបំផ្លាញគំនិតផ្ដួចផ្ដើមពហុគីដទៃទៀតដើម្បីទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ក្នុងន័យនេះបើសហរដ្ឋអាមេរិក និងរុស្ស៉ីពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ នោះប្រទេស ដទៃទៀតដែលមានអាវុធនុយក្លេអ៊ែរនឹងធ្វើតាមដែរ។ គិតជាសរុបមានប្រទេស១៩១ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក និងរុស្ស៉ីគឺជាហត្ថលេខីនៃសន្ធិសញ្ញាស្ដីពី ការមិនរីកសាយអាវុធនុយក្លេអ៊ែរ។

នៅក្រោមកិច្ចព្រមព្រៀងនេះ រដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរត្រូវបានតម្រូវឱ្យកាត់បន្ថយឃ្លាំងអាវុធរបស់ខ្លួនជាដំណាក់កាលៗ ខណៈប្រទេសជាហត្ថលេខីដទៃទៀតប្ដេជ្ញាចិត្តមិនផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងការអនុញ្ញាតឱ្យទទួលបានបច្ចេកវិទ្យាថាមពលអាតូមិកសម្រាប់កម្មវិធីនុយក្លេអ៊ែរស៊ីវិលដើម្បីផលិតជាថាមពលអគ្គីសនី។

* អ្វីទៅជាឧបសគ្គចំពោះសហរដ្ឋអាមេរិក និងរុស្ស៉ីក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី?
ការស្វែងរកសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយអាចនឹងត្រូវចំណាយយូរ ជាពិសេសប្រសិនបើការដាក់កម្រិតលើសព្វាវុធនុយក្លេអ៊ែរ មានវិសាលភាពធំជាង New START ឬពង្រីក ការគ្របដណ្ដប់លើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម ព្រមទាំងអាវុធប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដែលត្រូវបានអភិវឌ្ឍរាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ ជាឧទាហរណ៍៖ រុស្ស៉ីបាន និងកំពុងអភិវឌ្ឍប្រព័ន្ធអាវុធ ឬមីស៊ីលស៊េរីថ្មីសម្រាប់ពាំក្បាលគ្រាប់នុយក្លេអ៊ែរ តួយ៉ាងដូចជាមីស៊ីលគ្រូស Burevestnik ដែលបាញ់បានចម្ងាយ ១៤ ០០០គីឡូម៉ែត្រ និងអាវុធនុយក្លេអ៊ែរក្រោមទឹក ឬអាទិទេពសមុទ្រ Poseidon។

កាន់តែស្មុគស្មាញជាងនេះទៅទៀត នោះគឺលោក ត្រាំ បាននិយាយថាចិនក៏គួរតែជាភាគីមួយចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរថ្មីណាមួយផងដែរ។ ចិនមិនបានទទួលយកអញ្ជើញឱ្យ ចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធត្រីភាគីនោះទេ ខណៈឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមានទំហំតូចជាឆ្ងាយបើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៉ី។ ក្រុមអ្នកវិភាគយល់ថា វាមិនទំនងនោះទេថាចិននឹងចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរមួយក្នុងពេលដែលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅតូចជាង ឬមានសមត្ថភាពមិនស៊ីមេទ្រីគ្នាជាមួយសហរដ្ឋអាមេរិក និងរុស្ស៉ី។ លោក ត្រាំ ក៏បានបញ្ជូនសារចម្រុះផងដែរលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ ភ្លាមៗក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ លោក ត្រាំ បាននិយាយថារូបលោកមានបំណងស្វែងរកកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរជាមួយរុស្ស៉ី និងចិន។ ប៉ុន្តែប៉ុន្មានខែក្រោយមក លោកបាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិកធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ បើទោះជាមិនច្បាស់ថាតើលោកចង់សំដៅលើការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ឬក៏ការធ្វើតេស្តអាវុធដែលមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរក៏ដោយ៕

-Fresh News-

អត្ថបទទាក់ទង