Grand News Asia Close

វិចារណកថា៖ ការប្រើរូបភាព Snapshot នៃ Hotspot អាចនាំឱ្យមានការ​បក​ស្រាយ​ខុសពីភាពជាក់ស្តែង ពាក់ព័ន្ធភ្លើងឆេះព្រៃ

ដោយ៖ Morm Sokun ​​ | 17 ម៉ោងមុន ទស្សនៈ-Opinion 1022

(ភ្នំពេញ)៖ បច្ចុប្បន្ននេះរូបភាព snapshot នៃ hotspot ដែលប្រើក្នុងបណ្តាញ​សារព័ត៌​មាន ឬបណ្ដាញសង្គម កំពុងនាំឱ្យមានការសន្និដ្ឋានខុស និងបង្កើនការភ័យខ្លាច ពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃនៅកម្ពុជា។

តើអ្វីជា Snapshot និង Hotspot?
* Snapshot
ពាក្យថា Snapshot បើបកប្រែតាមន័យចំក្នុងវិស័យថតរូប មានន័យថា «ការថតយក​មួយ​ប៉ុស្តិ៍យ៉ាងរហ័ស»។ ប៉ុន្តែនៅក្នុងបរិបទនៃទិន្នន័យផ្កាយរណប ឬ Hotspot ដែល​យើង​កំពុងពិភាក្សានេះ Snapshot មានអត្ថន័យថា ជា «រូបភាពថតចម្លងអេក្រង់» ឬ​រូបភាពដែលបង្ហាញពីស្ថានភាពនៅពេលណាមួយខ្លីបំផុត។ វាប្រៀបដូចជា​ការបង្កក​សកម្ម​ភាពដែលកំពុងកើតឡើងនៅវិនាទីនោះ យកមកដាក់ក្នុងរូបភាពមួយសន្លឹក។

លក្ខណៈសម្បត្តិនៃ Snapshot ក្នុងទិន្នន័យ Hotspot
– ខ្វះទិន្នន័យស៊ីជម្រៅ (Lack of Metadata): Snapshot គ្រាន់តែជារូបភាព (ដូចជា file JPG ឬ PNG)។ វាមិនមានផ្ទុកទិន្នន័យឌីជីថលដែល អនុញ្ញាតឱ្យយើងចុចមើល​កូអរដោនេច្បាស់លាស់ ឬវាស់កម្រិតកម្ដៅបានឡើយ
– ភាពមិនច្បាស់លាស់ (Low Resolution): នៅពេលយើង Snapshot ឬ Screen​shot ពីអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ កម្រិតភាពច្បាស់របស់វាត្រូវបានកម្រិត​ទៅតាមអេក្រង់​នោះ។ វាមិនមែនជាទិន្នន័យដើម (Raw Data) ពីផ្កាយរណបដែលមាន​គុណភាពខ្ពស់​ឡើយ
– ការបំភាន់ភ្នែក (Visual Distortion): Snapshot ច្រើនតែបង្ហាញចំណុចកម្ដៅជា «ដុំៗ» (Pixels) ធំៗ ដែលធ្វើឱ្យយើងមើលទៅឃើញផ្ទៃឆេះធំជាងការពិត។

* Hotspot
ពាក្យថា Hotspot (ចំណុចកម្ដៅ) នៅក្នុងបរិបទនៃបរិស្ថាន និងផ្កាយរណប សំដៅលើ «ទីតាំងដែលមានសីតុណ្ហភាពខ្ពស់ខុសពីធម្មតា» បើធៀបនឹងតំបន់ជុំវិញ។

តើ Hotspot កើតឡើងយ៉ាងដូចម្តេច?
ផ្កាយរណបដែលហោះជុំវិញភពផែនដី មានបំពាក់នូវឧបករណ៍សញ្ញាណ (Sensor) ដែល​អាចចាប់យក កាំរស្មី Infrared (កាំរស្មីកម្ដៅ)។ នៅពេលឧបករណ៍សញ្ញាណនេះ​ចាប់បានកម្ដៅខ្លាំងចេញពីដី វានឹងកំណត់ចំណុចនោះថាជា “Hotspot”។

តើប្រភពនៃHotspot ជាអ្វីខ្លះ?
មិនមែនរាល់ Hotspot ទាំងអស់សុទ្ធតែជាភ្លើងឆេះព្រៃនោះទេ។ វាអាចជា៖
– ភ្លើងឆេះកាកសំណល់៖ ការដុតសំរាម ឬដុតប្លាស្ទិកនៅទីវាល
– កសិកម្ម៖ ការដុតជញ្ជ្រាំងស្រូវ ឬដុតព្រៃដើម្បីធ្វើចម្ការ
– ភ្លើងឆេះព្រៃ៖ ឆេះដោយធម្មជាតិ ឬដោយសារមនុស្ស
– រោងចក្រ/ឧស្សាហកម្ម៖ បំពង់ផ្សែងរោងចក្រដែលមានកម្ដៅខ្លាំង ក៏អាចលេចចេញជា Hotspot ដែរ
– ផ្ទៃដីដែលក្ដៅខ្លាំង៖ ជួនកាលថ្ម ឬដីហួតហែងដែលរងកម្ដៅថ្ងៃខ្លាំងពេក ក៏អាចធ្វើ​ឱ្យ​ផ្កាយ​រណបយល់ច្រឡំ (False Positive) ក្នុងករណីកម្រ។

Hotspot គ្រាន់តែជា «សញ្ញាប្រាប់ថាមានកម្ដៅ» វាមិនមែនជាទំហំនៃភ្លើងឆេះ​ពិត​ប្រាកដ ១០០ភាគរយឡើយ បើគ្មានការវិភាគបច្ចេកទេសបន្ថែម។

ដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់ snapshot បានឱ្យនាំឱ្យរូបភាព hotspot ត្រូវបាន ចែករំលែកជាញឹកញាប់ទៅកាន់សាធារណជន។ ទោះយ៉ាងណា នៅពេលរូប​ភាព​ទាំង​នេះត្រូវបានបង្ហាញដោយគ្មានបរិបទ ឬការពន្យល់អំពីទិន្នន័យ បច្ចេកទេស​គ្រប់​គ្រាន់ ដែលអាចនាំឱ្យមានការបកស្រាយខុសអំពីស្ថានភាពពិតកំពុងកើតឡើង​នៅទី​នោះ។

១៖ វិទ្យាសាស្ត្រនៅពីក្រោយ Hotspot៖ ការបំភាន់នៃមាត្រដ្ឋាន
តាម​បច្ចេក​ទេស ឧបករណ៍សញ្ញាណ (Sensor) របស់ផ្កាយរណបចាប់យក​កម្ដៅក្នុង​ទម្រង់ជាភិចសែល (Pixels)។
– បញ្ហាកម្រិតភាពច្បាស់ (Resolution): រូបភាព Snapshot ច្រើនតែមានកម្រិតភាព​ច្បាស់ទាប។ នៅពេលចំណុចកម្ដៅតូចៗជាច្រើនស្ថិតនៅក្បែរគ្នា វានឹង «រលាយចូលគ្នា» បង្កើតបានជាផ្ទៃពណ៌ក្រហមឆ្អៅដ៏ធំមួយ។ នេះហៅថាបាតុភូត Spatial Averaging [(ការគណនាមធ្យមភាគតាមលំហ) គឺជាបាតុភូតបច្ចេកទេសមួយដែលពន្យល់ថា ហេតុ​អ្វីបានជាចំណុចកម្ដៅតូចៗ មើលទៅឃើញធំខុសពីការពិតនៅក្នុងរូបភាពផ្កាយរណប។] ដែលធ្វើឱ្យយើងមើលទៅឃើញដូចជាមាន «វិសាលភាពរីករាលដាល» កើតឡើងទាំង​ដែល​ជាក់ស្ដែងវាអាចគ្រាន់តែជាចំណុចតូចៗដាច់ដោយឡែកពីគ្នាប៉ុណ្ណោះ
– ការប្រើប្រាស់ពណ៌ (Color Saturation): ការប្រើពណ៌ក្រហមខ្លាំងក្នុងរូបភាព Snap​shot អាចធ្វើឱ្យអ្នកមើលមានអារម្មណ៍ថាស្ថានភាពនោះធ្ងន់ធ្ងរខ្លាំង (Overesti​m​a​tion) ប៉ុន្តែវាមិនបានបង្ហាញពី «អាំងតង់ស៊ីតេ» ឬកម្រិតកម្ដៅ​ពិតប្រាកដឡើយ។

២៖ Snapshot-ការបាត់បង់បរិបទ និងទិន្នន័យសំខាន់
រូប​ភា​ព Snapshot គឺជាទិដ្ឋភាព (Static) ដែលលាក់បាំងការពិតសំខាន់ៗ៖
– ព្រំដែនមិនច្បាស់លាស់: បើគ្មានមាត្រដ្ឋាន (Scale) ត្រឹមត្រូវ អ្នកមើល​មិន​អាចដឹង​ថា​ផ្ទៃ​ដែលឆេះនោះមានទំហំ ១០ម៉ែត្រ ឬ ១០គីឡូម៉ែត្រឡើយ
– ការបកស្រាយខុសពីកម្រិតកម្ដៅ: ក្នុងករណីខ្លះ Snapshot អាចបង្ហាញ​កម្រិត​កម្ដៅ​ទាប​ជាងការពិត ប្រសិនបើមាត្រដ្ឋានពណ៌មិនត្រូវបាន​កំណត់ឱ្យស្រប​តាមកម្ដៅជាក់​ស្ដែង​នៅទីវាល។

៣៖ ផលប៉ះពាល់ដល់សង្គម និងការយល់ឃើញ
នៅពេលរូបភាព snapshot នៃ hotspot ត្រូវបានប្រើក្នុងសារព័ត៌មាន ឬបណ្ដាញ​សង្គម ដោយគ្មានការពន្យល់អំពីកម្រិតត្រឹមត្រូវ និងបរិបទបច្ចេកទេស អាចបង្កើនការ​ភ័យខ្លាច បង្កើតព័ត៌មានមិនត្រឹមត្រូវ ឬនាំឲ្យមានការសន្និដ្ឋានខុស។ រូបភាព Snap​shot មានតម្លៃត្រឹមតែជា «ការបង្ហាញឱ្យឃើញ» ប៉ុណ្ណោះ វាមិនមែនជា «ភស្តុតាង​វិទ្យា​សាស្ត្រ» ទាំងស្រុងឡើយ។ ដើម្បីយល់ពីស្ថានភាពពិត យើងត្រូវការទិន្នន័យ​ដែលមាន​កម្រិតលម្អិតខ្ពស់ (High-Resolution Data) និងការបកស្រាយពីអ្នកជំនាញ។ មុន​នឹង​ជឿ ឬចែករំលែករូបភាព Hotspot ណាមួយ ចូរស្វែងរកបរិបទបច្ចេកទេស និងទិន្ន​ន័យ​យោងជាមុនសិន ដើម្បីចៀសវាងការធ្លាក់ក្នុងអន្ទាក់នៃរូបភាពបំភាន់ភ្នែក៕

-Fresh News-

អត្ថបទទាក់ទង