Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិអំពីគុណតម្លៃនៃសន្តិភាពដែលកម្ពុជាខិតខំការពារធ្វើឱ្យពិភពលោកនឹកឃើញដល់កម្ពុជាពេលនិយាយពីសន្តិភាព!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិកនិងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា គឺជាកិត្តិយសសម្រាប់ឯកឧត្តមក្នុងការអញ្ជើញសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។

ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញជាផ្លូវការព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពដែលមានរូបសម្តេចធិបតីផ្ទាល់ជាតំណាង។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថា លិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចក៏ពិតមែន ប៉ុន្តែពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។ នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូនិងលះបង់យ៉ាងខ្ពស់បំផុត ដើម្បីទទួលបានសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។

សន្តិភាពត្រូវបានថ្នាក់ដឹកនាំកម្ពុជាតែងតែទន្ទេញជាប់មាត់។ ពាក្យថា «អរគុណសន្តិភាព» ត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទីដើម្បីជាការដឹងគុណ ជាការចងចាំ និងការចូលរួមថែរក្សាការពារ ខណៈដែលស្មារតីស្រឡាញ់សន្តិភាពបានចាក់ឬសកាន់តែជ្រៅទៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុក ថាមានសារៈសំខាន់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។

ក្នុងន័យនេះហើយដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដល់ពិភពលោកតាមរយៈវេទិកាអន្តរជាតិជាច្រើន ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។ នេះគឺជាហេតុផលដែលធ្វើឱ្យសន្តិភាពក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងសម័យទំនើបនេះដោយមិនអាចប្រកែកបាន។ កិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជាដើម្បីសន្តិភាពនិងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ។

ចុងក្រោយនេះ នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព» (Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោក ឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម។

ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២ សុទ្ធសឹងតែជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។

ក្នុងសារទៅកាន់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តទទួលយកបទឈប់បាញ់បានបង្ហាញថា កម្ពុជាសម្រេចយកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិតមនុស្ស និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតរបស់ខ្លួនតាមរយៈការបញ្ឈប់កុំឱ្យមានអ្នកស្លាប់ អ្នករងរបួស និងការខូចខាតផ្សេងទៀត។

ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ក្នុងសារឧទ្ទិសដល់ខួបទី៤៧ឆ្នាំ ទិវាជ័យជំនៈ៧មករាថា គោលដៅចម្បងរបស់កម្ពុជា គឺការបញ្ឈប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព និងដំណោះស្រាយដោយយុត្តិធម៌ និងចីរកាល ដោយមិនធ្វើសម្បទាននូវអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។ នេះសបញ្ជាក់ច្បាស់ថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ថ្នាក់ដឹកនាំកម្ពុជានៅតែឈរការពារសន្តិភាព និងការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការជ្រើសរើសយកជម្រើសសន្តិភាពដើម្បីដោះស្រាយបញ្ហា ដែលធ្វើឱ្យកម្ពុជាក្លាយជានិមិត្តរូបមួយនៃការការពារសន្តិភាព ហើយដែលពិភពលោកមិនអាចមើលរំលងបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការគោរពបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដទៃទៀត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង