Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1622

CMF:

ឯកឧត្តម សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិនៃជនពិការនិងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
ក្រុមអត្តពលិកនិងបងប្អូនជនពិការ និងបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិជាទីស្រលាញ់

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សដែលបានចូលរួមអបអរសាទរ ​ជាមួយបងប្អូន ពិការភាពទាំងអស់ នៅក្នុងពិធី «សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា » ប្រកបដោយបរិយាកាសរីករាយ នាពេលនេះ ។ នេះ ជាសមិទ្ធផល​ប្រវត្តិសាស្ត្រពុំធ្លាប់មាននៅលើទឹកដីកម្ពុជាកន្លងមក, ដែលកើតចេញពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់បងប្អូនមានពិការភាព ក្នុងរយៈពេល ២៧ ឆ្នាំ និង ការចូលរួមផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមពាំនាំនូវក្តីនឹករឭក និង ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចទំាងពីរ ផ្ញើជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមានពិការភាពទាំងអស់នៅទីនេះនៅក្នុងស្មារតីនៃការស្រលាញ់យកចិត្តទុកដាក់ជូនដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសផងដែរ។

តាមរយៈរបាយការណ៍របស់ ឯកឧត្តម យី វាសនា, ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនមានពិការភាព, អាណាព្យាបាល និង បុគ្គលិក ទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជា, ដែល​បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី, តស៊ូ ព្យាយាម និង អត់ធ្មត់ ក្នុងការបំពេញតួនាទី ភារកិច្ច និង បេសកកម្មរបស់ខ្លួន ជូនជាតិមាតុភូមិ និង ប្រជាជន, ជាពិសេស ជនមានពិការភាពរបស់យើង ។ ទន្ទឹមនេះ, ខ្ញុំសូមកោតសរសើរ និង ថ្លែងអំណរគុណចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍, អង្គការជាតិ-អន្តរជាតិ, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្ថាប័ន ពាក់ព័ន្ធ និអាជ្ញាធរដែន​​ដី, ដែលបានសហការ និង ផ្តល់ការឧបត្ថម្ភគាំទ្រ, ទាំងសម្ភារៈ ថវិកា និង បច្ចេកទេស, ដល់សកម្ម ភាព​ការងាររបស់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, ដែលការណ៍នេះ រួមចំណែកដល់ការលើកកម្ពស់សិទ្ធិជនមានពិការភាព និងលើកកម្ពស់ជីវភាពបងប្អូនឱ្យកាន់តែ ប្រសើរ ​។

ខ្ញុំ​មានក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និង ពេញ​លេញ ​នៅក្នុង​សកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជារបស់យើង,​ ដែលនេះឆ្លុះបញ្ចំាង​ពីសមត្ថភាព និង សក្តានុពលរបស់ជនមាន ពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។ ខ្ញុំសូមលើកទឹកចិត្ត និង បញ្ជាក់ជូនបងប្អូនមានពិការភាពថា បងប្អូនមិននៅឯកោទេ ។ បងប្អូនឃើញនាពេលនេះ គឺ សម្តេចតេជោ, ខ្ញុំ, និង រាជរដ្ឋាភិបាល តែងតែចាត់ទុកបងប្អូនមានពិការភាពជាមូលធនមនុស្សដ៏មានសក្តានុពល និង បានកំណត់យ៉ាងច្បាស់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋា-ភិបាល នីតិកាលទី ៧ ដែលផ្តោត​​ជាចម្បងលើការកសាងធនធានមនុស្ស និងពង្រឹងធនធានមនុស្សដែលរួមទាំងប្រជាពលរដ្ឋយើងទាំងអស់រួមទាំងបងប្អូនមានពិការភាពផងដើម្បីក្លាយជាធនធានរបស់កម្ពុជា។ ការណ៍នេះ បានបញ្ជាក់ យ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលរបស់យើង ដែលបានធ្វើកន្លងមកនិងបន្តតទៅទៀតនៅក្នុងអាណត្តិថ្មីនេះ ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈ​កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, ​ស្ថាប័នទំាង​​ពីរនេះ បានក្លាយជាសេនាធិការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួងអប់រំ យុវជន និង កីឡា, ព្រមទាំងចូលរួមប្រកប​ដោយស្មារតីបុរេសកម្ម ក្នុងការសហការអនុវត្តការងារ ដែលឈានដល់ការសម្រេចបាន ​សមិទ្ធផល​ជាច្រើន,

[ចាប់ផ្តើមអធិប្បាយបន្ថែម១]

(១) អ្នកហ្វឹកហ្វឺនមិនធ្វើសម្រាប់តែយកពានប៉ុណ្ណោះទេ ប៉ុន្តែដើម្បីលើកមុខមាត់និងទង់ជាតិរបស់កម្ពុជា

សមិទ្ធផលទាំងអស់នេះ មិនមែនតែនៅក្នុងប្រទេសរបស់យើងនោះទេ ប៉ុន្តែក៏បាននាំសមិទ្ធផលទាំងអស់នេះពីឆាកអន្តរជាតិមកជូនប្រទេសរបស់យើង។ ខ្ញុំបានដើរទស្សនានៅក្នុងការពិពណ៌ ឃើញមេដាយនៅលើតុច្រើន ហើយមេដាយនេះមិនមែនយកមកដាក់នៅទីនេះទេ គឺយើងបានយកពីឆាកអន្តរជាតិ តាមរយៈការលើកទង់ជាតិយើងលើការប្រកួតប្រជែងកម្រិតអាស៊ាន អាស៊ី ទៅមុខទៀតយើងនឹងអាចឈានទៅដល់កម្រិតពិភពលោក។ ខ្ញុំជឿជាក់ថា ការខិតខំប្រឹងប្រែងរបស់កីឡាកររបស់យើង និងការគាំទ្របន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមរបស់ប្រជាជនយើងទូទាំងប្រទេស នឹងបង្កើនលទ្ធភាពជូនដល់កីឡាករនៅក្នុងការដណ្តើមមេដាយកម្រិតពិភពលោក។ ជាក់ស្តែង មកដល់ពេលនេះ យើងបានជាង ២៦១ គ្រឿងទៅហើយ។ កាលពីជាង ១០ ឆ្នាំមុន យើងមិនអាចរំពឹងថាទៅរួចទេ … អ្វីក៏ដោយជាការបើកច្រកមួយ និងការខិតខំប្រឹងប្រែងបន្ថែមទៀត។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ ព្រោះកិច្ចការនេះមិនមែនធ្វើតែសម្រាប់បងប្អូនតែប៉ុណ្ណោះទេ គឺធ្វើសម្រាប់ជាតិរបស់យើង។ បងប្អូនជាអ្នកហ្វឹកហ្វឺន ក៏មិនមែនធ្វើសម្រាប់តែខ្លួនឯងយកពានប៉ុណ្ណោះទេ ប៉ុន្តែគឺធ្វើដើម្បីលើកមុខមាត់និងទង់ជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ត្រូវតែមានកម្លាំងសរុបរួមគ្នាធ្វើដើម្បីជាតិយើងទាំងមូល។

[បញ្ចប់សេចក្ដីអធិប្បាយ១]

នាពេលកន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ ២០១៩-២០២៣ សំដៅគិតគូរ និងបន្តជំរុញការលើកកម្ពស់យុវជនមានពិការភាព ឲ្យចូលរួមចំណែកកាន់តែច្រើននៅក្នុងកិច្ចការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។

[ផ្ដើមសេចក្ដីអធិប្បាយ២]

(២) សូមបងប្អូនមានពិការភាព ប្រឹងប្រែងបន្តស្មារតី “ពិការកាយ តែមិនពិការចិត្ត”

មិនមែនតែវិស័យកីឡាប៉ុណ្ណោះទេ។ គ្រប់ស្ថានភាពទាំងអស់ត្រូវយកចិត្តទុកដាក់ជំរុញនិងផ្តល់អាទិភាព ដើម្បីចូលធាតុផ្សំសំខាន់។ កិច្ចការទាំងអស់នេះ ខ្ញុំបានឃើញនៅតាមសាលា … បានឃើញបងប្អូនមានពិការភាពរបស់យើងក្លាយទៅជាគ្រូ។ គាត់កើតមកងងឹតភ្នែកទេ ប៉ុន្តែក្លាយទៅជាគ្រូបង្រៀន។ កាលដែលខ្ញុំរៀននៅក្រៅប្រ​ទេសមានម្តងនោះមិត្តភក្តិរបស់ខ្ញុំម្នាក់មកពីបង់ក្លាដែសងងឹតភ្នែកពីកំណើតតែក្លាយទៅជាគ្រូបង្រៀនកុំព្យូទ័រ​នៅសាកលវិទ្យាល័យ Georgetown នៅអាមេរិក។ កម្ពុជាយើងក៏មានដែរ ពេលណាដែលយើងផ្តល់លទ្ធភាព។ ខ្ញុំក៏បានផ្តល់អាហារូបករណ៍ច្រើនដល់បងប្អូនដែលមានពិការភាព។ បងប្អូនខិតខំប្រឹងប្រែងរហូតដល់ចប់។ អម្បាញ់​មិញជួបខ្លះដែរនៅទីនេះ។ បងប្អូនផ្សេងទៀត ក្រៅពីការរៀនសូត្រ ក៏ធ្វើការងារក្នុងវិស័យកីឡានេះ។ យើងខិតខំប្រឹងប្រែងបន្តស្មារតីដែលថា “ពិការកាយ មិនពិការចិត្ត” … ទោះបីកាយសម្បទាមិនបានដូចគេ ប៉ុន្តែ​​យើងមានចិត្តអាចសម្រេចជោគជ័យធំ ហើយរាជរដ្ឋាភិបាលនឹងបន្តផ្តល់ឱកាសគោលនយោបាយនេះបន្តទៀត …។

[បញ្ចប់សេចក្ដីអធិប្បាយ២]

រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ដែល​មានមុំទី ៤ នៃបញ្ចកោណយុទ្ធ សាស្ត្រទី១ គឺ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និង សង្គតិភាព, ទាំងក្នុងប្រព័ន្ធជំនួយសង្គម និង ប្រព័ន្ធសន្តិសុខសង្គម, ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់», ដើម្បីពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម សំដៅធានាបរិយាប័ន្ន និង សមធម៌សង្គម តាមរយៈកិច្ចអន្តរា គមន៍របស់រដ្ឋសម្រាប់គ្រួសារក្រីក្រ, ងាយរងគ្រោះ និង ងាយរងហានិភ័យ ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ចេញគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ន ដែលឯកសារទាំងពីរនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការតម្រង់ទិស និង ការផ្តល់ការណែនាំដល់គ្រប់តួអង្គប្រតិបត្តិករទាំងអស់ អំពីនីតិវិធីនៃការអនុវត្តកម្មវិធីជួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹង គ្រោះអាសន្ន ។ កម្មវិធីជាតិជួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជួយសង្គមដែលមានលក្ខណៈប្រក្រតី និង អចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និង សមាជិកគ្រួ សារដែលជាជនរងគ្រោះ, និង ជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និង មធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង (៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង)ដែលស្ថិតនៅក្នុងគ្រួសារក្រីក្រនិងងាយរងហានិភ័យ ។

ជាការពិត, ការងារក្នុងវិស័យពិការភាពពិតជាមានសារៈសំខាន់, ដែលចាំបាច់ត្រូវមានការចូលរួម​ពីក្រសួង​-ស្ថាប័ន សង្គមស៊ីវិល និង សហគមន៍ ។ ខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត​ដល់គ្រប់ក្រសួង-ស្ថាប័ន និង អង្គភាពថ្នាក់​ក្រោមជាតិទាំងអស់ សូមចូលរួមសហការ ស្របតាម​អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីអនុវត្តផែនការសកម្មភាព​ដែលបានដាក់ចេញ សំដៅសម្រេចបានគោលដៅដែលបានកំណត់, ដូចដែលខ្ញុំបានលើកឡើងក្នុងសន្និបាតបូកសរុប និង លើកទិសដៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នាពេលថ្មីៗនេះ ។​ ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ» ។

ក្នុងន័យនេះ, ខ្ញុំសូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការ-ភាពរបស់អង្គការសហប្រជាជាតិ និង យុទ្ធសាស្រ្តទីក្រុងអ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង ភាពសុខដុមសម្រាប់ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបានបោះបង់ចោល» ។​ ជាក់ស្តែង, ដោយបានគិតគូរល្អិតល្អន់នូវសុខុមាលភាពរបស់ជនមានពិការភាព, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កូតារហូតដល់ចំនួន ២% សម្រាប់ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមលើនេះ, វិស័យឯកជនត្រូវបានលើកទឹកចិត្តជាពិសេសឱ្យទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និង ផ្តល់ឱកាសដល់ជនមានពិការភាព ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។

ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន ៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និង ការចូលរួម នៅក្នុងសកម្មភាពសង្គម សាសនា, កីឡា សិល្បៈ, នយោបាយ ដោយពេញលេញ និង ស្មើភាព ដោយគ្មានការរើសអើង។ ការកែលម្អ និង អភិវឌ្ឍនូវបរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹង ព័ត៌មាន និង ទំនាក់-ទំនងក្នុងយុគសម័យឌីជីថល ជាកត្តាចាំបាច់ ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាពផងដែរ ។ ការរើសអើង និង ការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និង គោលការណ៍សកលស្តីពីជនមានពិការភាព ព្រមទាំងនាំឱ្យបាត់បង់សាមគ្គីភាព ភាពសុខដុម និង ភាពជឿជាក់គ្នាក្នុងសហគមន៍ ។ ក្នុងនេះ យើងមានន័យថា ការពង្រឹងវិស័យពិការភាពនាពេលនេះ គឺជាការរួមគ្នាបង្កើនក្តីសង្ឃឹមបន្ថែមជូនបងប្អូនទាំងអស់ នូវភាពអង់អាច និង លើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្តូរ ឱ្យមានការគិតជាវិជ្ជមានប្រកបដោយគុណធម៌សម្រាប់ជនមានពិការភាព ។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្ន នៅក្នុងសហគមន៍ និង ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា, ខ្ញុំសូមផ្តល់អនុសាសន៍​មួយចំនួន ដូចខាងក្រោម ៖

ទី១. ខ្ញុំសូមណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមរៀបចំបទដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាសម្បត្តិសម្រាប់ជនមានពិការភាពរបស់យើងប្រើប្រាស់ជាបន្ត និង តរៀងទៅ ទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត ។

[ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) ធ្វើបច្ចុប្បន្នភាពច្បាប់កីឡា កាលពី ២៧ឆ្នាំមុន ពិសេសក្នុងក្របខណ្ឌ ប៉ារ៉ាឡាំពិក

ក្នុងន័យនេះ សំណើររបស់ឯកឧត្តម យី វាសនា សុំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធធ្វើទំនើបកម្ម។ គោលការណ៍ជាបទដ្ឋានពីឆ្នាំ១៩៩៧ គិតមកដល់នេះ ២៧ឆ្នាំ។ បើសិនជាក្មេងកើតឥឡូវប្រហែលជាមានកូន ៣ទៅ ៤នាក់ហើយ។ យើងធ្វើទំនើបកម្ម ហើយគិតគូរសុំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងទីស្ដីការគណៈរដ្ឋមន្ត្រី ស្ថាប័នពាក់ព័ន្ធ ជំរុញធ្វើបច្ចុប្បន្នភាពកិច្ចការនេះ។ ឥឡូវយើងកំពុងព្រៀងច្បាប់កីឡា និងពិគ្រោះគ្នាបញ្ចូលកិច្ចការមួយចំនួនទៅក្នុងច្បាប់នេះតែម្ដងដើម្បីឱ្យទាន់សម័យ។ ព្រោះ ការងាររបស់យើងកាលពី ២៧ឆ្នាំមុន ជាពិសេសនៅក្នុងក្របខណ្ឌ ប៉ារ៉ាឡាំពិកនេះមិនទាន់ដើរទេ។ ឥឡូវ យើងដើរយ៉ាងសកម្ម។ ត្រូវដើរឱ្យខ្លាំងទៅមុខទៀត។ អញ្ចឹងត្រូវធ្វើកែសម្រួលក៏ដូចជាបំពេញបន្ថែមនូវបទដ្ឋានគិតិយុត្តិចាំបាច់និងឯកភាពចំពោះសំណើនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ទី២. គ្រប់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ និង វប្បធម៌ ត្រូវលើកទឹកចិត្ត និង លើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និង តួអង្គនៃការអភិវឌ្ឍ ។

ទី៣. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការ ក្នុងការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និង ប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និង លទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀវត្សខ្ពស់ សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និង គ្រួសារឱ្យបានកាន់តែប្រសើរ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើន ពេញលេញ ស្មើសិទ្ធិ នៅក្នុងទីផ្សារការងារនៅក្នុងវិស័យឯកជន និង សាធារណៈ ។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(៤) ឯកភាពសំ​ណើរបង្កើត «មូលនិធិកីឡាជនពិការតេជោសែន»

អំពីសំណើរបស់ឯកឧត្តម យី វាសនា ចំណុចមួយដើម្បីប្រសិទ្ធភាពនៅក្នុងការអនុវត្តការងារ មជ្ឈ​មណ្ឌល​ជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ចាំបាច់ត្រូវមានថវិកាដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡា ជនមានពិការភាព ជាពិសេសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡា យុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩។ ពាក់ព័ន្ធកិច្ចការនេះ ខ្ញុំសូមឱ្យក្រសួងអប់រំយុវជននិងកីឡា ស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យមើលការជួយ(ដោះស្រាយ)នៅក្នុងចំណុចនេះ។ ជាមួយគ្នានេះ, ខ្ញុំសូមឯកភាពចំពោះសំ​ណើរនិងសូមរៀបចំបង្កើតជា «មូលនិធិកីឡាជនពិការតេជោសែន»។ កិច្ចការនេះ ខ្ញុំបានបានឯកភាព និងសុំបង្កើតតែម្ដង ដើម្បីកៀរគរប្រភពថវិកា។ យើងមានមូលនិធិជនពិការ ហ៊ុន សែន ដែលបង្កើតឆ្នាំ ១៩៩៧ … ខ្ញុំបានឆ្លងសម្ដេចតេជោ។ កាលនោះមិនទាន់មានឈ្មោះសម្ដេចតេជោទេ។ យើងហៅមូលនិធិជនពិការ។ ឥឡូវសុំផ្ទេរមូលនិធិចូលទៅក្នុងកញ្ចប់នេះតែម្ដង។

(៥) ២០០ លានរៀល/ឆ្នាំ រយៈពេល ៤ឆ្នាំ សំរាប់ដំណើរការមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

សម្រាប់មូលនិធិនេះ សូមរៀបចំលក្ខន្តិកៈឱ្យបានត្រឹមត្រូវដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាការបង្កើតការទុក​ចិត្ត និងការចូលរួមគាំទ្រដល់មូលនិធិ។ សូមរៀបចំនូវលក្ខន្តិកៈដើម្បីបង្កើត។ នៅក្រោយពេលបង្កើតនេះ ខ្ញុំសូមបោះមេចូលរួម ២០០លាន(រៀល)ក្នុងមូលនិធិនេះ និងបន្តនៅក្នុងមួយឆ្នាំ ២០០លាន រយៈពេល ៣ឆ្នាំបន្តទៀត សរុប៤ឆ្នាំដំបូងក្នុងមួយឆ្នាំៗ ២០០លាន។ ក្រោយពីនោះ យើងពិនិត្យនិងជួយបន្តបន្ថែមទៀតតាមជាក់ស្ដែង។ សូមអំពាវនាវឱ្យឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី ដៃគូ សប្បុរសជនទាំងអស់ … បន្តជួយដំណើរការរបស់មជ្ឈមណ្ឌល ក្នុងការផ្ដល់អត្ថប្រយោជន៍ និងគណៈកម្មាធិការប៉ារ៉ាហ្គេមរបស់យើង។ តិច/ច្រើនយើងជួយគ្នា។ ឯកឧត្តម (យី វាសនា, ខ្ញុំ)សន្យាមួយឆ្នាំ ២០០លាន(រៀល) ចូលរួមនៅក្នុងគំរោងនេះ …។

(៦) ទទួលងារជាប្រធានកិត្តិយស និងេកភាពរក្សាទីតាំងមណ្ឌលបច្ចុប្បន្នមិនដោះដូរ

ចំពោះការផ្ដល់កិត្តិយសឱ្យខ្ញុំធ្វើជាប្រធានកិត្តិយសនៃមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការប៉ារ៉ាឡាំពិក ខ្ញុំសូមអរគុណនិងទទួលជាប្រធានកិត្តិយសនេះដោយរីករាយ។ សំណើមួយទៀត គឺសុំរក្សាសមិទ្ធផលទីនេះជាទីតាំងប្រវត្តិសាស្ត្រ សម្រាប់ជនពិការទៅអនាគត។ ពាក្យសាមញ្ញថាសូមកុំឱ្យរើកញ្ជើទៀត។ ឃើញអម្បាញ់មិញឯកឧត្តម យី វាសនា បង្ហាញកន្លែងចូលដំបូងឆ្នាំ ២០១៤ គឺវាលស្រែសុទ្ធ។ ឥឡូវយើងសង់បានសមិទ្ធផលច្រើន។ សំ​ខាន់សិលាចារិករាប់តោនដឹកមកនេះ មិនងាយរើទៅណាទេ។ ឯកភាពគឺត្រូវរក្សានៅទីនេះ កុំឱ្យមានការដោះដូរទៅណា។ រដ្ឋាភិបាលមិនមានគោលការណ៍ដោះដូរទៅណាទេ។ ខ្ញុំនិយាយបានក្នុងនាមខ្ញុំនៅជានាយករដ្ឋមន្ត្រីទេ។ បើអ្នកណាផ្សេងមក សិទ្ធសម្រេចនៅលើគេ។ តែដរាបណាខ្ញុំនៅដឹកនាំរដ្ឋាភិបាល អត់មានស៊ីញ៉េផ្លាស់ប្ដូរទេ។ ឥឡូវបានផ្ទេរសិទ្ធមកមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែននិងគណៈកម្មាធិការជាតិ។ កាលមុននៅក្រសួងកិច្ចការនារី ឥឡូវបានផ្ទេរមកហើយ។ សូមថែទាំ … កន្លែងនេះ ពី ១០ឆ្នាំមុនជាវាលស្រែ។ ឥឡូវអត់មានវាលស្រែទេ ដុះផ្ទះកាន់តែខ្ពស់។ កន្លែងនេះជាទីតាំងអំណាយផលមួយសម្រាប់ធ្វើការងារ។

(៧) អាចច្នៃបរិវេណនៅសល់នៃកីឡដ្ឋានមរតក៌តេជោសំរាប់ការហ្វឹកហ្វឺនកីឡា

អាចពិនិត្យមើលទីលានដែលយើងហ្វឹកហ្វឺន ព្រោះឥឡូវបើនឹងរកទីលានណាផ្សេងក្នុងភ្នំពេញក៏វាពិបាករកដីទំនេរធ្វើ ដូចកាលពី ១០ឆ្នាំមុន ដែលអាចមានដីវាលស្រែ​។​ អញ្ចឹង អាចច្នៃ(ទីតាំងហាត់)ដូចជាកីឡាបាញ់ព្រួញនៅក្នុងទីតាំងស្ដាត ថារៀបចំនៅចំកន្លែងណា(មួយ) ព្រោះ​នៅសល់ដីច្រើនសំរាប់រៀបចំទីលានហ្វឹកហ្វឺន(កីឡា)អីផ្សេងៗទៀតនៅ(កីឡដ្ឋាន)មរត៌កតេជោ។ កីឡដ្ឋាននេះជាសម្បត្ដិ​របស់ថ្នាក់ជាតិ។ សូមឲ្យក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាការជាតិអូឡាំពិកពិនិត្យមើល​។ មិនមែនតែសំរាប់កីឡាពិការទេ។ កីឡាខ្លះដូចគ្នា ទាំងបងប្អូនប៉ារ៉ាហ្គេម បាញ់ធ្នូក៏មានកីឡា យើងធម្មតា(ក៏ប្រើបាន)សំរាប់ហ្វឹកហ្វឺនរួម។ មិនចាំបាច់ញែកទេ។ បាញ់ធ្នូ ក៏បាញ់តែមួយដូចគ្នា យើងគ្រាន់តែប្ដូរវេនប្ដូរពេលគ្នាហាត់។ អញ្ចឹងទីតាំងកន្លែងនោះគឺយើងអំណោយផលច្រើន។ ពាក់ព័ន្ធនឹងការស្នើសុំបន្ដគោលការណ៍ចំនាយ តាមរយៈទីស្ដីការគណៈរដ្ឋមន្ដ្រីដូចមុនៗនិងប្រាក់ឧបត្ថម្ភជំរើសជាតិ រួមទាំងប្រាក់រង្វាន់ជ័យលាភីតាមក្រសួងអប់រំយុវជននិងកីឡា ជាពិសេសពេលប្រកួតផ្សេងៗ ដែលយើងមិនមានអណាប័ក​ដើមខ្សែ គឺយើងមានកញ្ចប់ពិសេសនោះ សូមបន្ដការងារនេះបន្ដទៅទៀត …។

(៨) ពិនិត្យពិភាក្សាសំណើបន្ថែមប្រភេទនិងចំនួនអត្តពលិក

សូមពិចារណាពីការបន្ថែមប្រភេទកីឡានិងចំនួនអត្ដពលិក … ខ្ញុំបានប្រគល់គោលការណ៍ដល់ឯកឧត្តម ហង់ជួន ណារុន ដើម្បីទៅពិនិត្យ ហើយអាចមានលទ្ធភាពច្រើនក្នុងការពង្រីកតាមលទ្ធភាព។ វាត្រូវតែរីកអញ្ចឹងហើយទៅថ្ងៃអនាគត។ សូម្បីកីឡាអូឡាំពិកក៏មានច្រើន សូម្បីវីដេអូហ្គេមហ្នឹងក៏ចូលជាកីឡាដែរ។ ទៅថ្ងៃក្រោយ យើងគិតថាជាការវិវឌ្ឍទៅមុខ AI/តិចណូឡូជី ត្រូវតែបង្កើត។ យើងពិនិត្យមើលទាំង​កីឡាប៉ារ៉ាហ្គេម ទាំងប្រភេទកីឡាផ្សេងៗទៀត តាមលទ្ធភាពរៀបចំរបស់យើង។ ខ្ញុំបានប្រគល់​ការងារនេះឲ្យឯកឧត្តមបណ្ឌិតសភាចារ្យ(អូនព័ន្ធមុនីរតន៍) និងឯកឧត្តម ហង់ជួន ណារុន ពិភាក្សាគ្នា។ ចំពោះគោលរបបឧបត្ថម្ភបន្ថែមកីឡាមុនចេញ ខ្ញុំបានប្រគល់ជូនឯកឧត្តម ហង់ជួន ណារុន ពិភាក្សាជាមួយឯកឧត្តមអគ្គ​បណ្ឌិតសភាចារ្យ ដើម្បីពិនិត្យ ពិសេសនៅពេលដែលយើងចេញប្រកួតអាស៊ាន តើយើងអាចជួយបំប៉ន​កំរិតណាបន្ថែមទៀត។ មានការងារជាច្រើនទៀតដែលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានធ្វើ នៅក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាថ្មីម្ដងទៀត ខ្ញុំសូមបញ្ជាក់ថារាជរដ្ឋាភិបាលថ្មីនឹងខិតខំបន្ដនៅគោលការណ៍ និងគោលនយោបាយគាំទ្របងប្អូនតទៅទៀត។

(៩) មិនអោយបងប្អូនមានពិការភាពណាម្នាក់ មិនបានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលឡើយ

ទីតាំងនេះជាទីតាំងប្រវត្ដិសាស្ដ្រ។ ឯកភាពមិនរើកញ្ជើទៅណាទេ​ នៅបន្ដ។ អម្បាញ់មិញឃើញរៀបចំកន្លែងប្រកួតអុក។ ឃើញមានកៅអីស្ដេចទៀតនៅហ្នឹង។ អញ្ចឹងនៅបន្ដប្រកួតនៅកន្លែងហ្នឹង។ ហ្វឹកហ្វឺនរៀបចំបន្ដទៀតជាជំហានៗ ដែលយើងអាចធ្វើទៅបាន។ អត្ថប្រយោជន៍សំរាប់បងប្អូនកីឡាករប៉ារ៉ាហ្គេម ក៏ដូចជាប្រជាពលរដ្ឋដែលមានពិការភាព ជាគោល​នយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅទូទាំងប្រទេសធ្វើយ៉ាងណាផ្ដល់អត្ថប្រយោជន៍ និងតាមលទ្ធភាពដែលយើងធ្វើទៅបាន។ ទោះជាយ៉ាងណា យើងមិនអោយបងប្អូនណាម្នាក់ដែលមានពិការភាព ដោយមិនបានយកចិត្តទុកដាក់នោះទេ។ ក៏ដូចជាប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស ដែលខ្ញុំថ្ងៃមុន​ខ្ញុំទៅសម្ពោធ យើងមិនទុកទីតាំងកន្លែងណាមួយ ឬប្រជាជនណាម្នាក់ដែលមិនទទួលបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនោះទេ។ នេះជាគោលដៅ(ការងារ)ដែលយើងខំពង្រីកថែមទៀតតាមលទ្ធភាព និងគោល​នយោបាយ …។​

(១០) ប្រជាពលរដ្ឋមានពិការភាព ក៏ជាធន​ធានមនុស្សសំខាន់សំរាប់រាជរដ្ឋាភិបាល/ជាតិ

ប៉ុន្មានថ្ងៃនេះ បានទៅចូលរួមសន្និបាតគ្រប់វិស័យ មានក្រសួងសុខាភិបាល ម្សិលមិញក្រសួងអភិវឌ្ឍនជនបទ គឺសុទ្ធតែផ្ដោតទៅលើការជំរុញការអភិវឌ្ឍនិងការតភ្ជាប់គ្រប់កន្លែងនៅក្នុងប្រទេសរបស់យើង មិនឲ្យកន្លែងណាមួយដែលយើងមិនបានថ្ពក់ទៅរួមក្នុងការអភិវឌ្ឍ ហើយមិនអោយប្រជាជនណាម្នាក់នៅក្នុងតំបន់​ណាក៏ដោយ ដែលមិនអាចត្រូវបានទុកចោលនោះទេ។ តិចច្រើនជួយគ្នា។ អញ្ចឹងប្រជាពលរដ្ឋដែលមានពិការភាពក៏ជាធន​ធានមនុស្សដែលសំខាន់សំរាប់រាជរដ្ឋាភិបាលសំរាប់ជាតិរបស់យើង ដែលយើងនឹងបន្ដចេញគោលនយោបាយជា​ថ្មី ដើម្បីបន្ដជួយបន្ថែមៗទៀត។ សូមអរគុណណាស់ចំពោះការរៀបចំនៅថ្ងៃនេះ។

[បញ្ចប់សេចក្ដីអធិប្បាយ៤]

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត, ខ្ញុំសូមថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គការសង្គម ស៊ីវិលជាតិ-អន្តរជាតិ, និង​ អ្នកពាក់ព័ន្ធ ចំពោះការចូលរួម​ជួយជ្រោមជ្រែង​ដល់បងប្អូនជនមានពិការភាពរបស់យើង នាពេលកន្លងទៅ រហូតទទួលបានសមិទ្ធផលធំៗជាច្រើន ។

ជាទីបញ្ចប់, ជាមួយនឹងការអបអរសាទរនូវសមិទ្ធផលថ្មីនៃមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី និង បងប្អូនមានពិការភាពទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ និង ទទួល​បាន​ជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន, និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបី​ឃ្លៀងឃ្លាត។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

សម្រាប់អត្តពលិកជនពិការ គ្រូបង្វឹក អ្នកថែទាំជនពិការ និស្សិត កម្មករ/ការនីពិការ សរុប៤៨០នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល, ជូនមណ្ឌលជាតិនៃជនពិការតេជោសែន ថវិកា ១០លានរៀល, ជូនសាលាខណ្ឌសែនសុខ ថវិកា ២លានរៀល, ជូនក្រុមគ្រូពេទ្យប្រចាំពិធីថវិកា៣លានរៀលផងដែរ។ សូមអរគុណ៕

[បញ្ចប់សេចក្តីអធិប្បាយ៥]


 

អត្ថបទទាក់ទង